Hello VOA៖ អ្នកជំនាញថា ពលរដ្ឋនឹងតាមដានកាន់តែដិតដល់ជាងមុនទៅលើការចំណាយរបស់រដ្ឋាភិបាលថ្មី
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«អភិបាលកិច្ចល្អ» កាលពីថ្ងៃច័ន្ទទី២៤ ខែកញ្ញានេះ បានមានប្រសាសន៍ថា ពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានចាប់ផ្ដើមនាំគ្នាចោទជាសំណួរថាតើរដ្ឋាភិបាលបានយកប្រាក់ដែលពួកគេបង់ពន្ធជូនរដ្ឋនោះ ទៅប្រើប្រាស់ខ្ជះខ្ជាយដែរឬទេនៅក្នុងអាណត្តិថ្មីនៃរដ្ឋសភានីតិកាលទី៦នេះ៖ «តាំងពីមុនមក ខ្ញុំមិនសូវដែលឭទេអំពីការផ្សារភ្ជាប់បញ្ហាដែលថារាជរដ្ឋាភិបាលយកលុយពន្ធរបស់គាត់ដែលជាអ្នកបង់ហ្នឹង យកទៅចាយ។ ឥឡូវនេះ ខ្ញុំចាប់ផ្ដើមឃើញថាប្រជាពលរដ្ឋលោកផ្សារភ្ជាប់រឿងអ្វីៗដែលរដ្ឋាភិបាលចាយវាយហ្នឹងទៅនឹងរឿងពន្ធដារ។ ដូច្នេះ បើចាយវាយមិនត្រឹមត្រូវទេ ប្រជាពលរដ្ឋនឹងអស់សង្ឃឹម ហើយពួកគេនឹងឃ្លាំមើលនៅក្នុងរឿងទាំងអស់នេះជិតស្និទ្ធជាងមុន កៀកជាងមុនជាមិនខាន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២៤ ខែកញ្ញា ឆ្នាំ២០១៨)