Hello VOA៖ អាស៊ានពិបាកនឹងទប់ជំហរអព្យាក្រិតរបស់ខ្លួនពេលចិននិងអាមេរិកមានជម្លោះកាន់តែធ្ងន់
នៅពេលចិននិងស.រ.អាអាចនឹងមានជម្លោះកាន់តែធ្ងន់ធ្ងររឿងសេដ្ឋកិច្ច និងពាណិជ្ជកម្ម អ្នកវិភាគកិច្ចការក្នុងតំបន់ គឺលោក បណ្ឌិត ឈាង វណ្ណារិទ្ធ បានអះអាងថា ប្រទេសក្នុងតំបន់អាស៊ានពិបាកនឹងប្រកាន់ជំហរអព្យាក្រិតរបស់ខ្លួនរវាងមហាអំណាចទាំងពីរ។ លោកថា បច្ចុប្បន្នប្រទេសទាំងពីរកំពុងមានសង្គ្រាមសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា ហើយលោកថា បើប្រទេសទាំងពីរឈានដល់សង្គ្រាមហិរញ្ញវត្ថុរវាងគ្នានិងគ្នានោះ វាជារឿងលំបាកដល់តំបន់និងសកល។ លោកបានបន្ថែមថា ការចរចារវាងកូរ៉េខាងជើងរឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូង និងជាមួយអាមេរិកនាពេលខាងមុខនឹងធ្វើឲ្យមានសន្តិភាព និងសន្តិសុខក្នុងតំបន់ បើកិច្ចចរចាឈានដល់ការព្រមព្រៀងគ្នារឿងលុបចោលអាវុធនុយក្លេអ៊ែរ តែក៏អាចនឹងមានសង្គ្រាម និងភាពតានតឹងខ្លាំងដែរ បើការចរចាទាំងនោះមិនត្រូវគ្នាទៅវិញ៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០៥ ខែមេសា ២០១៨)