Hello VOA៖ អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយ ជំរុញឲ្យមានឯករាជ្យភាពនៃស្ថាប័នប្រឆាំងអំពើពុករលួយ
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយ បានលើកឡើងថា កម្ពុជា មិនពិបាករកមនុស្សឯករាជ្យ ដើម្បីដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយ ដោយមិនស្ថិតក្រោមឥទ្ធិពលនយោបាយនោះទេ។ ការលើកឡើងនេះ ធ្វើឡើង ក្រោយពីអង្គការតម្លាភាពកម្ពុជា បានចេញផ្សាយរបាយការណ៍ថ្មីមួយកាលពីពេលថ្មីៗនេះ អំពីសន្ទស្សន៍នៃអំពើពុករលួយ ដោយអង្គការនេះ បានផ្តល់អនុសាសន៍ឲ្យធានានូវឯករាជ្យភាពនៃអង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា។ លោក ប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនានេះយ៉ាងដូច្នេះថា៖ «អ្នកឯករាជ្យ មិនពិបាករកទេនៅប្រទេសយើង សំខាន់គឺឆន្ទៈនយោបាយទេ។ ប្រសិនបើមានឆន្ទៈខ្ពស់នៅក្នុងការធ្វើយ៉ាងម៉ិចឲ្យមានការធានាឲ្យមានការទទួលបានយុត្តិធម៌ គឺសុទ្ធតែរឿងមិនពិបាកទេ សុទ្ធតែរឿងដែលយើងអាចធ្វើបាន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៨ មីនា ២០១៨)