Hello VOA៖ ប្រធានសមាគមភាពយន្តកម្ពុជាថា ពលរដ្ឋកម្ពុជាគាំទ្រខ្សែភាពយន្តខ្មែរយ៉ាងខ្លាំង
លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាថ្លែងថា លោកមានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយបានឃើញប្រជាពលរដ្ឋកម្ពុជា នាំគ្នាគាំទ្រខ្សែភាពយន្តខ្មែរ បច្ចុប្បន្ននេះ។ លោកថ្លែងថា «បើទោះជាគុណភាពនៅមិនទាន់ទទួលយកបានក៏ពិតមែន ក៏ពួកគាត់នៅតែចិញ្ចឹមចិត្ត ហើយនាំគ្នាទាំងគ្រួសារទៅអង្គុយមើលខ្សែភាពយន្តខ្មែរ»។ លោកអំពាវនាវឲ្យរដ្ឋាភិបាលនិងវិស័យឯកជនរួមដៃគ្នាបង្កើត«ថ្នាលបណ្តុះបណ្តាលភាពយន្តមួយឲ្យបានពិតប្រាកដ» ដើម្បីលើកស្ទួយវិស័យភាពយន្តក្នុងប្រទេស។ ប្រធានសមាគមភាពយន្តកម្ពុជារូបនេះក៏បានអំពាវនាវផងដែរឲ្យរដ្ឋាភិបាលកុំយកពន្ធលើវិស័យភាពយន្ត ដែលកំពុងតែចាប់ផ្តើមរីកចម្រើនបន្តិចម្តងៗ ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋ «រក្សាគោលជំហរវិស័យភាពយន្តខ្មែរ បើទោះបីជាបច្ចុប្បន្ននេះ មិនទាន់មានការរីកចំរើនយ៉ាងណាក៏ដោយ»៕ (លោក ប៉ូច រាសី, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០៨ មករា ២០១៨)