Hello VOA៖ លោករ៉ុង ឈុនលាលែងពីគ.ជ.ប.តាមឧត្តមគតិនិងគោរពឆន្ទៈរាស្រ្ត
លោក រ៉ុង ឈុន អតីតសមាជិគនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា គ្មានអ្នកនយោបាយណាមកជំរុញលោកឱ្យឈប់ពីស្ថាប័នរៀបចំការបោះឆ្នោតនេះទេ។ លោកថា ការសម្រេចចិត្តចាកចេញគឺដោយសារលោកមិនអាចនឹងអង្គុយចូលរួមចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឱ្យបក្សផ្សេងដែលជាការក្បត់នឹងឆន្ទៈរាស្រ្តនិងឧត្តមគតិផ្ទាល់ខ្លួន។ អតីតសកម្មជនសហជីពរូបនេះយល់ថា ប្រទេសកម្ពុជាមិនត្រូវព្រងើយកន្តើយនឹងមតិអន្តរជាតិដែលមិនយល់ស្របតាមការសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិតាមការចង់បានរបស់គណបក្សកាន់អំណាចទេពីព្រោះផលប៉ះពាល់អាចនឹងមានច្រើនដល់ពលរដ្ឋកម្ពុជា ជាពិសេសកម្មករនិងកម្មការិនីរោងចក្រ។ លោក រ៉ុង ឈុន យល់ថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ដោយគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិគឺជាការប្រកួតដែលមិនមានតម្លៃទេ ហើយអ្នកឈ្នះក៏គ្មានន័យអ្វីដែរ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២២ វិច្ឆិកា ២០១៧)