Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ សហគ្រិនស្ត្រីក្នុងវិស័យបច្ចេកវិទ្យាគួរមានភាពឯករាជ្យខ្លួនឯងដើម្បីបានជោគជ័យ
អ្នកស្រី គង់ សូរីតា នាយិកាក្រុមហ៊ុន Ocean Technology ដែលនាំចូលឧបករណ៍បច្ចេកវិទ្យា GPS សម្រាប់កំណត់ទីតាំង និងប្រព័ន្ធតាមដានទីតាំងយានយន្តនៅក្នុងប្រទេសកម្ពុជាបានថ្លែងថា ដើម្បីធ្វើអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាឲ្យបានជោគជ័យស្ត្រីគួរតែមានឯករាជ្យខ្លួនឯង មានជំហរច្បាស់លាស់លើអ្វីដែលខ្លួនកំពុងធ្វើ និងចេះបង្កើតឱកាសដោយខ្លួនឯង មិនត្រូវរង់ចាំឲ្យគេបង្កើតឱកាសឲ្យនោះទេ។ អ្នកស្រី សូរីតា ដែលជាជ័យលាភីពានរង្វាន់សហគ្រិនស្ត្រីឆ្នើមពីកម្មវិធី ASEAN Women Business's Conference ក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន កាលពីខែកញ្ញា កន្លងទៅនេះ បានចែករំលែកគន្លឹះសំខាន់ៗចំនួន៥ដល់សហគ្រិនក្នុងវិស័យបច្ចេកវិទ្យាដទៃទៀត ដែលមានដូចខាងក្រោម៖ ១. ព្យាយាម៖ ត្រូវខិតខំប្រឹងប្រែងធ្វើការ មានផែនការច្បាស់លាស់ ហើយទទួលខុសត្រូវលើអ្វីដែលខ្លួនសម្រេចចិត្ត ២. ហ៊ានប្រឈម៖ ត្រូវត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងបញ្ហានិងការប្រកួតប្រជែងនានា ៣. លើកទឹកចិត្តខ្លួនឯង៖ ត្រូវគិតអ្វីដែលវិជ្ជមានឲ្យបានច្រើន ផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯង ៤. មានការតាំងចិត្តខ្ពស់៖ ត្រូវតស៊ូមិនចុះចាញ់។ បើចង់លេចធ្លោជាងអ្នកដទៃ ត្រូវធ្វើការងារច្រើនជាងគេបន្តិច។ ៥. កសាងកេរ្តិ៍ឈ្មោះខ្លួនឯង (Personal branding) ៖ ត្រូវកសាងកេរ្តិ៍ឈ្មោះឲ្យល្អ ឲ្យមានគេស្គាល់ច្រើន៕ (អ្នកនាង ហុង ចិន្តា, Hello VOA, រដ្ឋធានី វ៉ាស៊ីនតោន, ៣០ តុលា ២០១៧)