Hello VOA៖ អ្នកវិភាគថាកម្ពុជានឹងខាតប្រយោជន៍សេដ្ឋកិច្ចហើយវៀតណាមចំណេញបើវិបត្តិនយោបាយអូសបន្លាយ
អ្នកនយោបាយកម្ពុជាគួរតែទប់សភាពការណ៍ដែលកំពុងតែធ្ងន់ធ្ងរស្រាប់នាពេលបច្ចុប្បន្ននេះ កុំឱ្យដុនដាបជ្រុលហួសពីនេះ ព្រោះវានឹងធ្វើឱ្យខាតប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។ លោក អ៊ូ វីរៈ ស្ថាបនិក និងជាប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថាជាពិសេសកម្ពុជាគួរជៀសវាងប្រតិកម្មណាមួយពីប្រទេសមហាអំណាច ដោយសារតែបញ្ហានយោបាយ និងការរំលោភសិទ្ធិមនុស្ស ពីព្រោះប្រទេសកម្ពុជានៅពឹងពាក់លើទីផ្សាររបស់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនៅឡើយទេ សម្រាប់ការនាំចេញផលិតផលសម្លៀកបំពាក់។ លោក អ៊ូ វីរៈ បន្ថែមថា លោកមានសុទិដ្ឋិនិយមថា វិបត្តិនយោបាយនឹងអាចដោះស្រាយបានក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រោះប្រសិនបើវិបត្តិនយោបាយកម្ពុជានៅបន្តអូសបន្លាយប្រទេសវៀតណាមនឹងកេងចំណេញពីការនាំចេញផលិតផលសម្លៀកបំពាក់បានច្រើនជាងគេ។ ក្រៅពីនោះ គូប្រកួតប្រជែងមួយចំនួនរបស់កម្ពុជាដែលមានដូចជាបង់ក្លាដែស និងភូមា ក៏នឹងទទួលផលចំណេញផងដែរ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២ តុលា ២០១៧)