Hello VOA៖ អ្នកវិភាគថា កម្ពុជាមិនខ្លាចបស្ចិមប្រទេសដោយសារមានចិនជួយ
រដ្ឋាភិបាលកម្ពុជាបានអាក់អន់ចិត្តនឹងសហរដ្ឋអាមេរិកយូរហើយ ប៉ុន្តែទើបបានបញ្ចេញឱ្យដឹងនៅពេលនេះ តាមរយៈការចោទប្រកាន់សហរដ្ឋអាមេរិកថា បានជួយគណបក្សប្រឆាំងដោយសម្ងាត់ដោយសារតែកម្ពុជាមានលទ្ធភាពធ្វើបានព្រោះបានពឹងផ្អែកលើប្រទេសចិន។ លោកអ៊ូ វីរៈប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធីHello VOA ថា ប្រទេសកម្ពុជាឆ្លៀតយកឱកាសដែលប្រទេសចិនកំពុងកើនអំណាចយោធា និងសេដ្ឋកិច្ចហើយត្រូវការកម្ពុជាជាឈ្នាន់ដើម្បីរក្សាឥទ្ធិពលរបស់ចិនមកជាការវាយប្រហាររិះគន់សហរដ្ឋអាមេរិកនិងអនុវត្តនយោបាយផ្ទៃក្នុងដោយមិនបារម្ភពីការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោក អ៊ូ វីរៈ ទទូចស្នើសុំឱ្យអ្នកនយោបាយមានការឯកភាពជាតិ ទុកចិត្តគ្នា ឈប់លាបពណ៍ និងវាយប្រហារគ្នាហើយប្រកួតប្រជែងគ្នាដោយគំនិតវិញ។ លោកថាបើកម្ពុជាបាត់បាត់ការគាំទ្រពីបស្ចិមប្រទេសគឺកម្ពុជានឹងក្លាយជាកូនអុករបស់ចិនហើយ។ លោកបន្ថែមថា៖ «ពេលណាប្រទេសកម្ពុជាដាក់ខ្លួនទៅជាកូនអុករបស់គេគឺកម្ពុជាមិនបានសុខទេ»។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០៤ កញ្ញា ២០១៧)