Hello VOA៖ លោកស្រីមូ សុខហួរ ថាកម្ពុជាគួរដាក់លក្ខខណ្ឌដល់ថៃពីបញ្ហាពលករខ្មែរ
រដ្ឋាភិបាលកម្ពុជាជំរុញឱ្យពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃដោយខុសច្បាប់ចុះឈ្មោះស្នើសុំឯកសារយ៉ាងយូរត្រឹមដើមខែកញ្ញាខាងមុខ ប៉ុន្តែអ្នកជំនាញមើលឃើញថា ពេលវេលាផ្តល់ជូននេះមិនគ្រប់គ្រាន់ទេ ក្នុងការដោះស្រាយសម្រាប់ពលករខុសច្បាប់ខ្មែររាប់សែននាក់។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកនយោបាយគណបក្សប្រឆាំងបានស្តីបន្ទោសដល់អំពើពុករលួយក្នុងស្ថាប័ននៃប្រទេសថៃនិងកម្ពុជា ដែលបង្កការលំបាកដល់ពលករ និងកង្វះសមត្ថភាពរបស់មន្ត្រីខ្មែរក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលថៃ។ លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិលើកឡើងនៅក្នុងកម្មវិធី Hello VOA ស្តីពីការធ្វើចំណាកស្រុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថា បញ្ហាធំគឺនៅលើប្រទេសកម្ពុជាដែលគួរតែដាក់លក្ខខណ្ឌទៅលើប្រទេសថៃវិញ ដោយឈរលើច្បាប់អន្តរជាតិព្រោះថៃមិនគោរពច្បាប់ជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីទេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ កក្កដា ២០១៧)