Hello VOA៖ អ្នកឯកទេសថា ការចូលរួមពីពលរដ្ឋដោយផ្ទាល់និងអនឡាញមានសារៈប្រយោជន៍
អ្នកជំនាញលើកឡើងថា ថ្នាក់ដឹកនាំឃុំ-សង្កាត់ត្រូវបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋចូលរួមបញ្ចេញយោបល់ក្នុងការអភិវឌ្ឍមូលដ្ឋាន ហើយពលរដ្ឋក៏ត្រូវចេះចងក្រងជាក្រុមដើម្បីលើកយោបល់និងតាមដានរាល់ព័ត៌មានដែលសាលាឃុំ-សង្កាត់បិតផ្សាយ។ ការណ៍នេះ ដើម្បីធានាអភិបាលកិច្ចល្អតាមរយៈការចូលរួម។លោកឱក សេរីសោភក្តិ៍អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់បន្ថែមក្នុងកម្មវិធី Hello VOA ថា ការចូលរួមដោយផ្ទាល់និងតាមបណ្តាញសង្គមមានសារៈសំខាន់ដូចគ្នា ហើយលោកលើកទឹកចិត្តឱ្យឃុំ-សង្កាត់បង្កើតទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅទីកន្លែងណាដែលមានបណ្តាញអ៊ីនធឺណិតដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានដល់ពលរដ្ឋ និងធានាបាននូវតម្លាភាពក្នុងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន៕ (ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ២៤ កក្កដា ២០១៧)