Hello VOA៖ អ្នកវិភាគថាយន្តការទប់ស្កាត់អំពើពុករលួយនយោបាយនៅមិនទាន់គ្រប់គ្រាន់
ប្រទេសកម្ពុជាត្រូវបានគេវាយតម្លៃថា មានកម្រិតអំពើពុករលួយនយោបាយខ្លាំងនាឆ្នាំ២០១៣ ប៉ុន្តែក្នុងរយៈពេលជាងបីឆ្នាំចុងក្រោយនេះ អ្នកវិភាគសង្កេតឃើញថា មានការប្រែប្រួលខ្លះតាមរយៈការផ្តោតលើសារនយោបាយ និងចំណាត់ការមួយចំនួនដើម្បីកាត់បន្ថយ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា យល់ថា ការវិវឌ្ឍន៍នេះល្អប្រសើរ ប៉ុន្តែក៏នៅមានលក្ខណៈចម្រូងចម្រាសដែរ ជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយនៅមិនទាន់បាននិយាយដល់ការធ្វើវិភាគទានដល់គណបក្សនយោបាយនៅឡើយទេ ក្រៅពីការចែងពីការរំលាយ និងផ្អាកសកម្មភាពគណបក្ស។ លោក ព្រាប កុល យល់ថា កម្ពុជាគួរតែមានច្បាប់គ្របដណ្តប់លើហិរញ្ញវត្ថុគណបក្ស និងការឃោសនា ហើយគណបក្សនីមួយៗត្រូវមានប្រជាធិបតេយ្យផ្ទៃក្នុងដោយអនុវត្តប្រកបដោយតម្លាភាពក្នុងបក្សនូវការតែងតាំងមន្ត្រីបក្សណាមួយដើម្បីជៀសវាងពេលដែលបានអំណាចប្រព្រឹត្តអំពើពុករលួយ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៣ កក្កដា ២០១៧)