Hello VOA៖ អ្នកវិភាគថា ឃុំ-សង្កាត់បក្សប្រឆាំងអាចលំបាកធ្វើតាមការសន្យាពេលឃោសនា
មេឃុំ-សង្កាត់អាចមានការពិបាកក្នុងការបំពេញតាមការសន្យាក្នុងពេលបោះឆ្នោតដោយសារពួកគេមិនមានអំណាចក្នុងការកំណត់គោលនយោបាយ ជាពិសេសគណបក្សដែលមិនមានការគ្រប់គ្រងនៅថ្នាក់ជាតិ គឺពិបាកក្នុងការអនុវត្តតាមគោលនយោបាយដែលគណបក្សដាក់ចុះ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតលើកឡើងថា ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយថវិកាអភិវឌ្ឍន៍ ហើយលោកស្នើថាគេគួរតែប្តូរប្រព័ន្ធបោះឆ្នោតនៅថ្នាក់មូលដ្ឋានដើម្បីធ្វើឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រសិទ្ធភាពក្នុងការបំពេញការងារ។ ក្នុងនោះមានដូចជាការបោះឆ្នោតតាមបែបឯកត្តនាមនិងដោយចំពោះបុគ្គលអ្នកឈរឈ្មោះជាដើម។ ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ គឺមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ព្រោះគណបក្សសង្គ្រោះជាតិកើនឡើងអាសនៈនិងសំឡេងគាំទ្រច្រើនប៉ុន្តែការបោះឆ្នោតជាតិឆ្នាំ២០១៨ ពិបាកនឹងទស្សន៍ទាយដឹងពីលទ្ធផលខ្លាំងណាស់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ វីរៈ៕ (ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០៣ កក្កដា ២០១៧)