Hello VOA៖ អ្នកឯកទេសថាមេឃុំថ្មីត្រូវផ្តោតលើសេវាកម្ម ធ្វើការរួមគ្នា និងតម្លាភាព
អ្នកឯកទេសលើកឡើងថា មេឃុំ-ចៅសង្កាត់ថ្មីត្រូវតែខិតខំផ្តល់សេវាជូនពលរដ្ឋដោយកុំយកបញ្ហានយោបាយមកខ្ទាស់ជើងគ្នា ហើយការដឹកនាំគ្រប់គ្រងត្រូវមានតម្លាភាពគ្រប់ជំហានទាំងអស់។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានលើកឡើងថា ពលរដ្ឋបានបោះឆ្នោតដើម្បីឱ្យថ្នាក់ដឹកនាំឃុំសង្កាត់ធ្វើការជាមួយគ្នាផ្តល់សេវាល្អប្រសើរដល់ពួកគាត់ដែលមានដូចជាសេវារដ្ឋបាល សុខាភិបាលនិងអប់រំជាដើម។ រីឯការដឹកនាំទាំងលើការគ្រប់គ្រងថវិកាសម្រាប់យកមកអភិវឌ្ឍន៍មូលដ្ឋានគឺត្រូវមានតម្លាភាព។ ក្នុងករណីមានកង្វះខាតថវិកាឬបច្ចេកទេសអ្វី គឺត្រូវឱ្យពលរដ្ឋដឹងភ្លាមៗបើមិនដូច្នេះទេ ពលរដ្ឋនឹងមានការអាក់អន់ចិត្ត ហើយនឹងធ្វើការសម្រេចជាថ្មីនៅឆ្នាំ២០១៨ដែលជាការបោះឆ្នោតជាតិ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានធ្វើឡើងកាលពីថ្ងៃទី៤ខែមិថុនា ហើយលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៣,៥លាន ហើយគណបក្សសង្គ្រោះជាតិទទួលបានជាង៣លានសំឡេង។ នេះជាលទ្ធផលប្រកៀកប្រកិតគ្នារវាងគណបក្សនយោបាយធំៗទាំងពីរ។ លោកសោភក្តិ៍មើលឃើញថា ការណ៍នេះបង្ហាញនូវតុល្យភាពអំណាច ហើយវាផ្តល់ផលចំណេញដល់ពលរដ្ឋ ព្រោះគណបក្សកាន់អំណាចត្រូវរងសម្ពាធពីគណបក្សប្រឆាំងគ្រប់ពេលដើម្បីឱ្យផ្តល់សេវាល្អប្រសើរដល់ពលរដ្ឋ បើមិនដូច្នេះទេគឺនឹងចាញ់ឆ្នោត។ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងឃុំសង្កាត់ចំនួន១.១៥៦ រីឯគណបក្សសង្គ្រោះជាតិគ្រប់គ្រងលើឃុំសង្កាត់ចំនួន៤៨៩៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៦ មិថុនា ២០១៧)