Hello VOA៖ សង្គ្រោះជាតិសុំគ.ជ.បនិងក្រសួងការងារធានាសិទ្ធិកម្មករនិងពលករ
គណបក្សសង្គ្រោះជាតិទទូចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានភាពបត់បែនជាងមុនសម្រាប់កម្មករនិងពលករ ដើម្បីធានាឱ្យពួកគេចូលរួមបោះឆ្នោតបានច្រើនដោយត្រូវកែសម្រួលនីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោតក្នុងពេលខាងមុខ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា នេះជាការធានាសិទ្ធិតាមរដ្ឋធម្មនុញ្ញសម្រាប់ពលរដ្ឋទាំងអស់ មិនថាអ្នកនៅក្នុងប្រទេសឬក្រៅប្រទេសទេ។ គណបក្សសង្គ្រោះជាតិបង្កើនការទាមទារនេះក្រោយពីមានការចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលកម្មករកម្មការិនីមួយចំនួនមិនទទួលបានការសម្រួលឱ្យមានពេលវេលាគ្រប់គ្រាន់បានទៅបោះឆ្នោតទេ។ ក្នុងពេលជាមួយគ្នានោះដែរ ពលករចំណាកស្រុកមួយចំនួនបានបាត់បង់ឱកាសចូលរួមការបោះឆ្នោតដោយសារតែពួកគេមិនបានចុះឈ្មោះបោះឆ្នោតព្រោះតែនីតិវិធីស្មុគស្មាញពាក់ព័ន្ធនឹងលិខិតបញ្ជាក់លំនៅឋាននិងសាក្សីជាដើម។ លោកស្រី មូរ សុខហួរ សម្តែងការសោកស្តាយដែលក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះក្រសួងការងារមិនបានសម្រួលឱ្យមានពេលវេលាគ្រប់គ្រាន់ដល់កម្មករកម្មការិនីទៅបោះឆ្នោតនៅលំនៅឋានដើមរបស់ពួកគេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/បាត់ដំបង, ២២ មិថុនា ២០១៧)