Hello VOA៖ សម្បទានដីសេដ្ឋកិច្ចផ្ដល់ផលប៉ះពាល់ធំធេងជាងផលប្រយោជន៍ដល់សហគមន៍ជនជាតិដើមភាគតិច
អ្នកដឹកនាំសហគមន៍ជនជាតិដើមភាគតិច លើកឡើងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន មិនបានផ្ដល់ផលប្រយោជន៍ច្រើន ដល់សហគមន៍របស់ពួកគេទេ តែផ្ទុយទៅវិញ វាបែរជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ពួកគេទៅវិញ។ នេះបើតាមការលើកឡើងរបស់លោក ង៉ាច សាមីន ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ដែលបានថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ។ «ដំណោះស្រាយដែលមានប្រសិទ្ធភាពហ្នឹង គឺត្រូវតែប្រគល់ដីជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសគឺជនជាតិដើមភាគតិច ដែលកំពុងតែរងផលប៉ះពាល់ពីការវិនិយោគហ្នឹង ហើយត្រូវតែបន្តចុះបញ្ជីដីហ្នឹង ឲ្យបានគ្រប់សហគមន៍ទាំងអស់ ដែលកំពុងតែចង់បានការចុះបញ្ជីដីហ្នឹង»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១២ មិថុនា ២០១៧)