Hello VOA៖ លោក អ៊ូ វីរៈ ថា ក្រុមប្រឹក្សាឃុំ-សង្កាត់មានតួនាទីសំខាន់តាំងពីភូមិ-ឃុំដល់ថ្នាក់ជាតិ
កិច្ចការរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់មានលើសពីការអភិវឌ្ឍនៅក្នុងដែនដីរៀងៗខ្លួន គឺពួកគេមានភារកិច្ចជ្រើសរើសក្រុមប្រឹក្សាស្រុកនិងខេត្តក៏ដូចជាជ្រើសរើសសមាជិកព្រឹទ្ធសភាទៀតផងដែរ។ លោកអ៊ូ វីរៈ ប្រធានវេទិការអនាគតបញ្ជាក់ក្នុងកម្មវិធី Hello VOAថាក្នុងពេលកន្លងមក គណបក្សបក្សណាដែលទទួលបានសមាជិកក្រុមប្រឹក្សាច្រើននៅថ្នាក់ឃុំ-សង្កាត់ គឺនឹងមានលទ្ធភាពគ្រប់គ្រងស្ថាប័នព្រឹទ្ធសភា ព្រោះសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ម្នាក់ៗ នឹងក្លាយជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ ពេលដែលលោកសមរង្ស៊ីនៅជាប្រធានគណបក្សសង្គ្រោះជាតិ លោកបានពន្យល់ថា នេះជាការផ្ទេរអំណាចជាជំហានៗ បើក្នុងករណីគណបក្សប្រឆាំងឈ្នះក្នុងការបោះឆ្នោតនៅខែមិថុនានេះ។ ប៉ុន្តែ លោកអ៊ូ វីរៈ បានសង្កត់ធ្ងន់ក្នុងការធ្វើឱ្យស្ថាប័នរដ្ឋធម្មនុញ្ញ យោធា ប៉ូលិស និងតុលាការមានអព្យាក្រិតភាពដើម្បីធានាបានការផ្ទេរអំណាចដោយសន្តិវិធី៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៣ មេសា ២០១៧)