Hello VOA៖ ឆ្នាំ២០១៦បិទបញ្ចប់ដោយស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះកាន់តែខ្លាំង
ឆ្នាំ២០១៦បិទបញ្ចប់ដោយមានសេចក្តីរាយការណ៍ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងករណីឃាតកម្មលើលោកបណ្ឌិតកែមឡីអ្នកវិភាគឯករាជ្យដែលសកម្មជនសិទ្ធិមនុស្សមិននឹកស្មានថា អាចនឹងកើតមានឡើងជាថ្មីនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់សកម្មជនការពារសិទ្ធិមនុស្ស។ យ៉ាងណាក៏ដោយលោកស្រីចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារំពឹងថា ឆ្នាំ២០១៧នឹងមានទិដ្ឋភាពវិជ្ជមានដោយសារតែវាជាឆ្នាំបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិខិតចូលមកដល់នៅឆ្នាំ២០១៨ខាងមុខ។ លោកស្រីយល់ថា អ្នកនយោបាយនឹងប្រើយុទ្ធសាស្រ្តទាក់ទាញប្រជាប្រិយភាពដូចជាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកង្វល់របស់ពលរដ្ឋដូចជាបញ្ហាដីធ្លី ការទទួលបានសេវាសាធារណៈ ដូចជាវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាយល់ថាដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្សមានលក្ខណៈប្រសើរឡើងនៅក្នុងឆ្នាំថ្មីគឺរដ្ឋាភិបាលត្រូវធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិលនិងច្បាប់បោះឆ្នោតតំណាងរាស្ត្រ។ លោកក៏ស្នើសុំឱ្យមានការជជែកជាពហុភាគីក្នុងការស្វែងរកដំណោះស្រាយនយោបាយជាតិដោយមានការចូលរួមរបស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាដើម៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៩ ធ្នូ ២០១៦)