Hello VOA៖ លោកអ៊ូ វីរៈ ថា ការអោបជើងចិននឹងនាំឱ្យប្រេះឆាផ្ទៃក្នុងកម្ពុជាក្នុងរយៈពេលយូរ
ការឈរអោបដៃរបស់កម្ពុជាក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងជំនួយរាប់រយលានដុល្លាររបស់ចិនធ្វើឱ្យគេមើលឃើញថា កម្ពុជាលម្អៀងទៅរកប្រទេសយ៉ាងពិតប្រាកដ បើទោះបីជារដ្ឋាភិបាលអះអាងថា ខ្លួនប្រកាន់ជំហរកណ្តាលក៏ដោយ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគគឺលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី១ ខែសីហា ឆ្នាំ២០១៦។ លោក អ៊ូ វីរៈ បានអះអាងថា ការចាប់យកប្រទេសចិនខ្លាំង វានឹងផ្តល់ផលប្រយោជន៍រយៈពេលខ្លីដល់កម្ពុជាទាំងជំនួយអភិវឌ្ឍន៍ និងបន្ថយឥទ្ធិពលវៀតណាម។ ប៉ុន្តែលោកព្យាករណ៍ថា ក្នុងរយៈពេលយូរនឹងនាំឱ្យប្រទេសកម្ពុជាមានការប្រេះឆា ដោយសារនឹងមានទំនាស់រវាងអ្នកដែលគាំទ្រវៀតណាម និងអ្នកគាំទ្រចិន ក្នុងពេលដែលពិភពលោកមានការធុញទ្រាន់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅកាន់អំណាចយូរផងដែរ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១ សីហា ២០១៦)