Hello VOA៖ មានតែបដិវត្តន៍ពណ៌ក្លែងក្លាយទេដែលអាចកើតឡើងនៅកម្ពុជា
អ្នកវិភាគសង្គម លោក កែម ឡី បាននិយាយថាទោះជាមានការប្រឹងប្រែងបង្ក្រាប និងក្តីបារម្ភអំពីបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលមែន តែបដិវត្តន៍ពណ៌ពិតនឹងមិនកើតឡើងទេ ហើយបើកើតមានគឺលោកជឿថា ជាបដិវត្តន៍ពណ៌ក្លែងក្លាយដែលជាការរៀបចំ។ លោកថ្លែងយ៉ាងដូច្នេះ ដោយយោងថា កងទ័ព និងប្រព័ន្ធទាំងអស់គឺស្ថិតក្រោមការគ្រប់របស់រដ្ឋាភិបាលយ៉ាងតឹងរឹង។ លោកថ្លែងក្នុងកម្មវិធីហេឡូ VOA នៅថ្ងៃព្រហស្បតិ៍ថា បដិវត្តន៍ក្នុងប្រទេសមួយចំនួនមិនសុទ្ធតែអាក្រក់ទាំងអស់ទេ ដែលខ្លះបានផ្លាស់ប្តូរឲ្យប្រទេសនោះមានប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ពិតប្រាកដ។ លោកបានបន្ថែមថា ការធ្វើបដិវត្តន៍នៅប្រទេសមួយចំនួនកើតឡើងកន្លងមក គឺដោយ សារតែមានមេដឹកនាំផ្តាច់ការ កាន់អំណាចយូរ គម្លាតអ្នកមាន និងអ្នកក្រខ្ពស់ អ្នកក្រីក្រច្រើន ការវិវត្តនៃបច្ចេកវិជ្ជា និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាដើម។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣០ មិថុនា ២០១៦)