Hello VOA ពិសេស៖ ផលវិបាកដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមដ៏ចម្បងមួយរបស់ប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន។ គ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករទីមួយ ដែលបានឆក់យកអាយុជីវិតប្រជាពលរដ្ឋខ្មែរច្រើនជាងគ្រោះថ្នាក់ដែលបណ្តាលមកពីកត្តាផ្សេងៗ ដូចជាជំងឺអេដស៍ ឬការស្លាប់ដោយគ្រាប់មីនជាដើម។ គ្រោះថ្នាក់ចរាចរណ៍ក៏បានបំផ្លាញថវិកាជាតិ អស់រាប់រយលានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ជាពិសេសការចំណាយទៅលើសេវាសុខាភិបាល។ អ្នកស្លាប់ភាគច្រើនគឺជាយុវជន និងជាបុរស ដែលកំពុងពេញកម្លាំងក្នុងការរកស៊ីចិញ្ចឹមគ្រួសារ និងចូលរួមកសាងប្រទេសជាតិ ដែលកត្តានេះជំរុញឱ្យផែនការកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលជួបឧបសគ្គយ៉ាងខ្លាំង។ គ្រោះថ្នាក់ចរាចរណ៍ ក៏បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិផងដែរ។ (ឌី ខាំបូលី, Hello VOA ពិសេស, ភ្នំពេញ, ២៩ មិថុនា ២០១៦)