Hello VOA៖ ក្រោយពីការរុះរើគណៈរដ្ឋមន្ត្រី ថ្នាក់លើកែ តែប្រព័ន្ធដុះស្នឹមដដែល
ជិត១០០ថ្ងៃក្រោយពីការរុះរើគណៈរដ្ឋមន្ត្រីនៅពាក់កណ្តាលអណត្តិ អ្នកឯកទេសមើលឃើញពីការវិវត្តន៍ក្នុងទិសវិជ្ជមានសម្រាប់ក្រសួងខ្លះ ដូចជាក្រសួងដែនដី និងក្រសួងសាធារណការ និងដឹកជញ្ជូនជាដើម។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល និងយុត្តិធម៌ ដែលតែងតែរងការរិះគន់ នៅតែមិនមានឃើញការប្រែប្រួលអ្វីទេ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ចេតនានយោបាយក្នុងការកែប្រែពីកម្រិតថ្នាក់ដឹកនាំជាតិ និងក្រសួងបានបង្ហាញច្បាស់ ប៉ុន្តែអភិបាលកិច្ចមិនល្អដែលមានជាប្រព័ន្ធស៊ីរូងរាប់ទសវត្សរ៍ ហាក់មិនមានការប្រែប្រួលនៅឡើយ ហើយនៅថ្នាក់មូលដ្ឋានមន្ត្រីមួយចំនួននៅតែបំពេញការងារដោយមិនប្រឹងប្រែងដដែល។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ មិថុនា ២០១៦)