Hello VOA៖ រដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះការកំណត់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានថ្លែងថា រដ្ឋាភិបាលចាំបាច់ត្រូវកំណត់កាលបរិច្ឆេទថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានឆាប់ដើម្បីសម្រួលដល់ការចុះឈ្មោះដល់អ្នកបោះឆ្នោត និងការរៀបចំផ្សេងៗ។ លោកបានអះអាងថា នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យការបោះឆ្នោតមានដំណើរការរលូន។ ក៏ប៉ុន្តែ លោកបានបន្ថែមថា ក្នុងខណៈពេលនេះគណបក្សប្រឆាំងស្ថិតនៅក្រោមសម្ពាធនយោបាយខ្លាំង ដែលលោកមើលទៅ មិនទាន់មានការគិតគូរខ្លាំងពីការបោះឆ្នោតទេ។ លោកសង្កត់ធ្ងន់ថា ដូច្នេះ រដ្ឋាភិបាលមានភារកិច្ចរៀបចំបរិយាកាសនយោបាយឲ្យមានភាពនឹងនរ ដើម្បីឲ្យគណបក្សនយោបាយនានា បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២១ មេសា ២០១៦)