លោករដ្ឋមន្ត្រីការបរទេសស.រ.អ. John Kerry បានមានប្រសាសន៍ថាការអនុវត្តន៍កិច្ចព្រមព្រៀងបរមាណូជាមួយប្រទេស អ៊ីរ៉ង់ នឹងធ្វើឱ្យពិភពលោកមានសុវត្ថិភាពជាងមុន, កែលម្អកម្រិតជីវភាពប្រជារាស្ត្រ អ៊ីរ៉ង់ និងនាំឱ្យមានការបើកចំហឱកាសឯទៀតៗរវាងស.រ.អ.និងប្រទេស អ៊ីរ៉ង់ ផងដែរ។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយផ្នែកផ្សាយជាភាសា Perse នៃ VOA លោកKerry បានមានប្រសាសន៍ថាលោកសង្ឃឹមថាពួកអ្នកគាំទ្រកិច្ចព្រមព្រៀងនេះនឹងមានជោគជ័យក្នុងការនិយាយបញ្ចុះបញ្ចូលប្រជារាស្ត្រថាកិច្ចព្រមព្រៀងនេះនឹងមិនធ្វើឱ្យប្រទេស អ៊ីរ៉ង់មានអាវុធបរមាណូទេ,បញ្ចៀសកុំឱ្យមានសង្គ្រាមនិងផ្តល់សន្តិសុខដល់តំបន់នោះផងដែរ។
លោកជួបជាមួយពួកសមាជិកសភាស.រ.អ.ហើយលោកបានមានប្រសាសន៍ថាលោកនឹង «និយាយការពិតអំពីកិច្ចព្រមព្រៀងនេះ» នៅក្នុងរយៈពេល៦០ថ្ងៃដែលពួកសមាជិកសភាត្រូវតែពិនិត្យសើរើជាថ្មីអំពីកិច្ចព្រមព្រៀងនេះ។លោក Kerry បានមានប្រសាសន៍ថាលោកគិតថាពួកសមាជិកសភាទាំងនេះនឹងឃើញអត្ថប្រយោជន៍ហើយថាលោកសប្បាយរីករាយដោយមានរយៈពេលពីរខែសម្រាប់ការពិនិត្យសើរើសព្វគ្រប់។
លោក Kerry បានមានប្រសាសន៍ថា៖
«ខ្ញុំយល់ថាវានឹងផ្តល់ពេលវេលាសម្រាប់ឱ្យមនុស្សត្រិះរឹះពិចារណាដោយពិតប្រាកដនិងឃើញថាប្រសិនបើលោកអ្នកមិនអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះទៅមុខទេ លោកអ្នកអាចជ្រើសរើសរវាងជម្លោះនិងសង្គ្រាម។នេះអាចជាជម្រើស»៕