ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្តាប់លែងឭ

ថ្ងៃអាទិត្យ ២២ ធ្នូ ២០២៤

ប្រក្រតីទិន
ខែ ធ្នូ ២០២៤
អាទិ. ច. អ. ពុ ព្រហ. សុ. ស.
១០ ១១ ១២ ១៣ ១៤
១៥ ១៦ ១៧ ១៨ ១៩ ២០ ២១
២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨
២៩ ៣០ ៣១
លោក ហង្ស សុប្រាតសាវយុត គឺជាអតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ប្រចាំ​ខេត្ត​សៀមរាប។ (ខាន់ សុគុំមនោ/VOA)
លោក ហង្ស សុប្រាតសាវយុត គឺជាអតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ប្រចាំ​ខេត្ត​សៀមរាប។ (ខាន់ សុគុំមនោ/VOA)

«ស្តាប់លែងឭ‍»៖ ភាគទី៣

ដោយស៊ុន ណារិន និង ខាន់ សុគុំមនោ

កំណត់​និពន្ធ៖ សម្រាប់​ភាគ​ទី៣​ដែល​ជា​សេចក្តី​រាយការណ៍​ចុង​ក្រោយ​របស់​«ស្តាប់​លែង​ឭ» អ្នក​រាយការណ៍​របស់​វីអូអេ​បាន​សម្ភាស​អ្នក​សារព័ត៌មាន​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សេរីភាព​សារព័ត៌មាន។ ស្រប​ពេល​ដែល​អ្នក​អាន​និង​ស្តាប់​ព័ត៌មាន​ស្តាយ​ចំពោះ​ការ​បាត់បង់​សារព័ត៌មាន​ឯករាជ្យ អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​តែ​ការ​មិន​ពេញ​ចិត្ត​របស់​រដ្ឋាភិបាល​លើ​សារព័ត៌មាន​ដែល​ធ្វើ​សេចក្តី​រាយការណ៍​បែប​ស៊ី​ជម្រៅ និង​លើ​បញ្ហា​រសើប។
អ្នក​សារព័ត៌មាន​និង​នាយក​និពន្ធ​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា កម្ពុជា​សព្វថ្ងៃ​កាន់តែ​ខ្វះ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ឯករាជ្យ ដែល​បណ្តាល​ឲ្យ​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់​បាត់បង់​ការងារ​ធ្វើ។ បន្ថែម​លើ​នេះ សម្រាប់​អ្នក​សារព័ត៌មាន​ដែល​កំពុង​តែ​បន្ត​ការងារ​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ ពួកគេ​ព្យាយាម​ធ្វើ​សេចក្តី​រាយការណ៍​ណា​ដែល​មាន​លក្ខណៈ​ឯករាជ្យ​ និង​ត្រឹមត្រូវ។



ខេត្ត​សៀមរាប — លោក ហង្ស សុប្រាតសាវយុត ដែល​គេ​ស្គាល់ឈ្មោះ​ក្នុង​សារ​ព័ត៌មាន​ថា​ ហង្ស សៅយុត ជា​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ​ប្រចាំ​នៅ​ខេត្ត​សៀមរាប។ លោក​បាន​បំពេញ​ការងារ​នៅ​ស្ថាប័ន​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ មុន​ការិយាល័យ​របស់​វិទ្យុ​នេះ​នៅ​ភ្នំពេញ​បាន​បិទ​ទ្វារ​ កាល​ពី​ជាង​២​ឆ្នាំ​មុន។

លោក​បាន​រាយការណ៍រឿង​រ៉ាវ​ជា​ច្រើន​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ​និងខេត្ត​ដែល​ជាប់​នឹង​តំបន់​អង្គរ​នេះ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ថា លោកនៅ​តែ​នឹក​ការងារ​នេះ និង​ស្រឡាញ់​អាជីព​មួយ​នេះ។

«សម្ភារៈ​ដែល​ខ្ញុំ​ប្រើប្រាស់​នៅ​មាន​ទាំង​អស់ លើក​លែង​តែ​ការងារ​មួយ​ទេ​ដែល​បាត់»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «អ្នកខ្លះ​គាត់​ប្រាប់​ថា សំឡេង​រាយការណ៍​របស់​ខ្ញុំ គាត់​នៅ​ចាំ។ ប្រជាពលរដ្ឋ ជា​ច្រើន​គាត់ នៅ​ពេល​ដែល​ជួប គាត់​នៅ​តែ​សោកស្តាយ នៅ​តែ​អញ្ចឹង​ដែរ»។

ស្ត្រីវ័យចំណាស់ម្នាក់កាន់​កាសែតមួយបង្ហាញដល់អ្នកសារព័ត៌មានវីអូអេ នៅខេត្តសៀមរាប ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
ស្ត្រីវ័យចំណាស់ម្នាក់កាន់​កាសែតមួយបង្ហាញដល់អ្នកសារព័ត៌មានវីអូអេ នៅខេត្តសៀមរាប ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​កាល​ពី​ជាង​២​ឆ្នាំ​មុន កាសែត​ភាសា​អង់គ្លេស​ដ៏​ល្បី​មួយ​ឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ទ្វារ កាល​ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​សារ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង់​ពន្ធ​ចំនួន​៦,៣​លាន​ដុល្លារ។

បន្ទាប់​មក​ កាសែត​ដ៏​ល្បី​មួយ​ទៀត​គឺ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​ប្រឈម​នឹង​ការ​បង់​ពន្ធ​ដូចគ្នា​ដែរ។ ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​ជា​ជនជាតិ​អូស្រ្តាលី​ បាន​លក់​កាសែត​មួយ​នេះ​ ទៅ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​មួយ​របស់​ម៉ាឡេស៊ី ដែល​មានទំនាក់​ទំនង​សាធារណៈ​មួយ ដែល​ធ្លាប់​បាន​បំពេញ​ការងារ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​នាំ​ឲ្យមាន​ការ​រិះគន់​អំពី​គុណភាព​នៃ​អត្ថ​បទ​ និង​ប្រភេទ​រឿង​ដែល​ស្ថាប័ន​នេះ​បាន​ផ្លាស់​ប្តូរ។

នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ត្រូវ​ការ​ព័ត៌មាន​ជា​ចាំបាច់ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ជាពិសេស​ដើម្បី​អនុវត្ត​គោល​ការណ៍​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​គាត់‍»

កាសែត​ទាំង​ពីរ​ ធ្លាប់​ល្បី​ឈ្មោះ​នឹង​ការ​រាយការណ៍​ព័ត៌មាន​ស៊ីជម្រៅ និង​ស៊ើប​អង្កេត​ផង​ដែរ។

ទោះ​ជា​មិន​អាច​បំពេញ​ការងារ​ជា​អ្នក​យក​ព័ត៌មាន​នៅ​វិទ្យុ​អាស៊ី​សេរី​បន្ត​ទៀត លោក សាវយុត អាយុ​៥០​ឆ្នាំ ​នៅ​តែ​បន្ត​តាម​ដាន​ព័ត៌មាន​នៅ​តូប​កាហ្វេមួយ​ក្នុង​ខេត្ត​សៀមរាប ដែល​ប្រជុំ​ដោយ​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ។



ភាពភ័យខ្លាច ការគំរាមកំហែង និងការចាប់ខ្លួន

សហការី​របស់​លោក សាវយុត គឺ​លោក អ៊ួន​ ឈិន ​និង​លោក យាង សុធារិន្ទ បាន​ប្រឈម​នឹង​សុបិន​អាក្រក់ គឺ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជាង​៩​ខែ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា​ផ្តល់​ព័ត៌មាន​សម្ងាត់​ឲ្យ​រដ្ឋ​បរទេស និង​ផលិត​វីដេអូ​អាសអាភាស។ ពួកគេ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ឃុំឃាំង​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​ តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យតាម​ផ្លូវ​តុលាការ។ ការ​ចោទ​ប្រកាន់​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅ​ឡើយ​ទេ។ កាល​ពី​ដើម​ខែ​តុលា តុលាការ​បាន​ប្រកាសបន្ត​ការ​ស៊ើ​ប​អង្កេត​លើ​ករណី​ពួកគេ​បន្ត​ទៀត។ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គមស៊ីវិល។

អតីត​អ្នក​សារព័ត៌មានវិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍ ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​ ដើម្បីស្តាប់​ការប្រកាស​សាលក្រម។
អតីត​អ្នក​សារព័ត៌មានវិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍ ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​ ដើម្បីស្តាប់​ការប្រកាស​សាលក្រម។

នៅ​ក្បែរ​របង​តុលាការ ​កាល​ពី​ខែកញ្ញា លោក យាង សុធារិន្ទ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បាន​បាត់​បង់​ព័ត៌មាន​ជា​ច្រើន​ ក្រោយ​មាន​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ លោក​បន្ត​ថា ការ​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ត្រូវ​ការ​ព័ត៌មាន​ជា​ចាំបាច់ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ជាពិសេស​ដើម្បី​អនុវត្ត​គោល​ការណ៍​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​គាត់។ ហើយ​នៅ​ពេល​ដែល​គាត់​ខ្វះ​ព័ត៌មាន គាត់​អត់​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ ការ​សម្រេច​ចិត្ត​របស់​គាត់ ក៏​មាន​កម្រិត​ទៅ​តាម​ហ្នឹង​ដែរ»។

ករណី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​មាន​ការ​ព្រួយ​បារម្ភ គឺលោក រ៉ាត់ រត្នមុនី ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​ ក្រោយ​ពី​លោក​បាន​បកប្រែ​ឲ្យ​ក្រុម​ថត​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​រុស្ស៊ី​ Russia Today (RT)។

ភាពយន្ត​ឯកសារ​នោះ​មាន​ចំណង​ជើង​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការណ៍​ទៅ​កាន់​ពិភព​លោក អំពី​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​កុមារ។ ប៉ុន្តែ​ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ចោទ​ថា បាន​បរិហារ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការ​ជួញ​ដូរ​កុមារ​នៅ​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​មិន​សប្បាយ​ចិត្ត​ ហើយ​បាន​ចោទ​ប្រកាន់​ថា​លោក រ៉ាត់ រត្នមុនី​ និង​ទូរទស្សន៍​រុស្ស៊ី​នោះ ​បាន​បង្កើត​សាច់​រឿង និង​បាន​សូក​លុយ​ជនរងគ្រោះក្នុង​វីដេអូ​ ​ឲ្យ​សម្តែង​ដើម្បី​បង្ខូច​កិត្តិយស​របស់​រដ្ឋាភិបាល។

ឪពុក​របស់​នាង​បាន​មក​ជួប​ខ្ញុំ​ ហើយ​លុត​ជង្គង់​ អរគុណ​ខ្ញុំ»។ លោក​បញ្ជាក់​ថា៖ «ការ​រាយការណ៍​ព័ត៌មាន​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​យុត្តិធម៌»

យ៉ាងណាក្តី រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ណាមួយ​ប្រឆាំង​នឹង​ទូរទស្សន៍​បរទេស​នោះ​ទេ ប៉ុន្តែ​បានចាប់​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី ដែល​ជា​អ្នក​បកប្រែ។ កាលពី​ចុង​ខែមិថុនា ឆ្នាំ​២០១៩ លោក រ៉ាត់ រត្ន​មុនី ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ ​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» តាម​មាត្រា ​៤៩៦​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​ពិន័យ​ជា​ប្រាក់​១៧២០០​ដុល្លារ​អាមេរិក។

ក្រោយ​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​កាសែត និង​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា ស្ថានភាព​បច្ចុប្បន្ន គឺ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​ការងារ​របស់​ពួកគេ ដោយសារ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ចាប់​ផ្តើម​រឹតត្បិត​ការ​សរសេរ​ព័ត៌មានរបស់​ខ្លួន​ (Self-censorship) ​ហើយ​អ្នក​ខ្លះ​ទៀតត្រូវ​លា​ឈប់​ពី​អាជីព​មួយ​នេះ។ ​ក្នុង​ករណី​ផ្សេង​ទៀត ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស។

នៅខេត្តសៀមរាប មានតែតូបលក់កាសែតចំនួនពីរប៉ុណ្ណោះដែលនៅដំណើរការ ក្រោយពីមានព្រឹត្តិការណ៍​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​សារព័ត៌មានឯករាជ្យ។ (ខាន់ សុគុំមនោ/VOA)
នៅខេត្តសៀមរាប មានតែតូបលក់កាសែតចំនួនពីរប៉ុណ្ណោះដែលនៅដំណើរការ ក្រោយពីមានព្រឹត្តិការណ៍​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​សារព័ត៌មានឯករាជ្យ។ (ខាន់ សុគុំមនោ/VOA)


‍«សារព័ត៌មានជួយបង្កើនសំឡេងរបស់អ្នករងគ្រោះ‍»

លោក សាវយុត បាន​រាយការណ៍​រឿង​ជា​ច្រើន​ដែល​ជួយ​ដល់​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ភាព​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ដែល​រង​ការ​រិះគន់​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោក​បាន​រំឭក​ករណី​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ខុស​ក្នុង​ករណី​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។

លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​រក​ឃើញ​ថា​ស្រ្តី​ម្នាក់​នោះ​មិន​មាន​កំហុស​នោះ​ទេ។ ហើយ​ការ​រាយណ៍​របស់​លោក​បាន​ធ្វើ​ឲ្យ​ស្រ្តី​ម្នាក់​នោះ​ត្រូវ​បាន​ដោះ​លែង។

លោក​មាន​ប្រសាសន៍​ថា៖ «ឪពុក​របស់​នាង​បាន​មក​ជួប​ខ្ញុំ​ ហើយ​លុត​ជង្គង់​ អរគុណ​ខ្ញុំ»។ លោក​បញ្ជាក់​ថា៖ «ការ​រាយការណ៍​ព័ត៌មាន​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​យុត្តិធម៌»។

ក្រៅពី​អ្នក​រងគ្រោះ​ពី​ការ​រំលោភ​បំពាន ពលរដ្ឋ​ទូទៅ​នៅ​ទីក្រុង​សៀមរាប​បាន​លើក​ឡើង​ថា​ មាន​ការ​ខ្វះខាត​អត្ថបទព័ត៌មានស៊ី​ជម្រៅ​អំពី​សង្គម​ និង​នយោបាយ ​និង​មាន​ការ​ធ្លាក់​ចុះ​ការ​ធ្លាក់​ចុះ​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​ពលរដ្ឋ ដែល​និយម​តាម​ដាន​រឿង​សង្គម ​និង​នយោបាយ។

ការីនិពន្ធ និង​ជា​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេងប្រជាធិបតេយ្យ​គឺ​លោក ពៅ មេត្តា មាន​ប្រសាសន៍​ថា ការ​រាយការណ៍​គឺ​មិន​ដូច​មុន​នោះ​ទេ ដោយ​សារ​រឿង​រសើប​មួយ​ចំនួន ត្រូវ​រក្សា​ទុក​សិន​ មិន​ទាន់​អាច​រាយការណ៍​នៅ​ពេល​នេះបាន​ទេ។ លោក​បន្ត​ថា ​អ្នក​កាសែត​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចោទ​ប្រកាន់​ ចាប់​ដាក់​ពន្ធនាគារ​ ដោយ​សារ​តែ​សរសេរ​រឿង​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

លោក​បាន​ថ្លែង​ថា៖ «ឲ្យ​តែ​ព័ត៌មាន បើ​មិន​ស្រប​គឺ​ប្រឆាំង​តែ​ម្តង។ វា​អត់​មាន​ព័ត៌មាន​ឯករាជ្យ​ទេ ក្នុង​ការ​វាយ​តម្លៃ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ហ្នឹង»។

លោក ពៅ មេត្តា អាយុ​៣៤​ឆ្នាំ ដែល​បាន​បម្រើការ​ឲ្យ​ស្ថាប័នវិទ្យុ​សំឡេងប្រជាធិបតេយ្យ​ជិត​១០​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា​ ​សាច់​ញាតិ​និង​ភរិយា​របស់​លោក ក៏​បាន​ស្នើ​ឲ្យ​លោក​ឈប់​បំពេញ​ការងារ​ជា​អ្នក​កាសែត ភ្លាមៗ​ក្រោយ​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

កាល​ពី​ខែសីហា ឆ្នាំ​២០១៧​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក៏​ត្រូវ​បាន​ស្ថានីយ៍​វិទ្យុ​តូចៗ​ឈប់​ជួល​ម៉ោង​ឲ្យ​ផ្សព្វផ្សាយ​ផង​ដែរ ដោយ​ពុំ​មាន​បញ្ជាក់​មូលហេតុ។

សហការី​របស់​លោក ពៅ មេត្តា គឺ​លោក ឆន ចាន់ស៊ី វ័យ​៣៦ឆ្នាំ ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី នៅឆ្នាំ ២០០៧ មាន​ប្រសាសន៍​ថា មិន​មែន​មាន​តែ​អ្នក​យក​ព័ត៌មាន​នោះ​ទេ ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​អ្នក​ផ្តល់​ព័ត៌មាន​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ផង​ដែរ​ចំពោះ​ប្រធាន​បទ​ដែល​ពួកគេ​និយាយ។

លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​គាត់​និយាយ​អ្វី វា​មាន​បញ្ហា​លើស​លប់​ប៉ះពាល់​នរណា​ម្នាក់​គាត់​អាច​ប្រឈម​នឹង​រឿង​ផ្លូវ​ច្បាប់​ណាមួយ​ដែរ។ អាហ្នឹង​វា​អ៊ីចឹង។ អ៊ីចឹង​យើង​ក៏​ពិបាក​ក្នុង​ការ​ធ្វើ​ព័ត៌មាន​ដែរ»។

ខ្ញុំ​នៅ​តែ​នឹក​និង​សោកស្តាយ​ដែល​មិន​បាន​រាយការណ៍​ត​ទៅ​ទៀត។ ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​អ្វី​ ដោយសារ​ខ្ញុំ​មិន​អាច​រាយការណ៍​រឿង​បន្ត​ទៀត»

​នៅ​ក្នុង​ខេត្ត​សៀមរាប លោក សាវយុត ​ធ្លាប់​រាយការណ៍​រឿង​រ៉ាវ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ រួម​មាន​ទាំង​ជម្លោះ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​អប្សរា​ ដែល​កើត​ឡើង​ជាង​១៣​ឆ្នាំ​មក​ហើយ។ រឿង​ដី​ធ្លី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ដែល​ជា​កសិករ​ ដោយ​អាជ្ញាធរ​ត្រូវបាន​ចោទ​ប្រកាន់​ថា​យក​ដី​របស់ប្រជាពលរដ្ឋ​ដែល​រស់​នៅ ដោយ​ខុស​ច្បាប់។

លោក មីន ហួរ កសិករ​នៅ​ខេត្តសៀមរាប គឺជាពលរដ្ឋម្នាក់​ដែល​មាន​ជម្លោះ​ដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា។ លោកធ្លាប់បានផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានអាស៊ីសេរីអំពីស្ថានភាពនៃជម្លោះដីធ្លីដែលលោកជួបប្រទេះ។ (ស៊ុន ណារិន/VOA)
លោក មីន ហួរ កសិករ​នៅ​ខេត្តសៀមរាប គឺជាពលរដ្ឋម្នាក់​ដែល​មាន​ជម្លោះ​ដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា។ លោកធ្លាប់បានផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានអាស៊ីសេរីអំពីស្ថានភាពនៃជម្លោះដីធ្លីដែលលោកជួបប្រទេះ។ (ស៊ុន ណារិន/VOA)

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដែល​លោក មីន ​ហួរ ជា​កសិករ​ម្នាក់ ធា្លប់​បាន​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី​អំពី​ជម្លោះ​ដី​ធ្លី រវាង​សហគមន៍​របស់​លោក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា។

ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ម្នាក់ លោក មីន ​ហួរ មាន​ប្រសាសន៍​ថា សារព័ត៌មាន​ជួយ​បង្កើន​សំឡេង​របស់​អ្នក​រង​គ្រោះ។ លោក​បន្ត​ថា បញ្ហា​រសើប​នានា​ទាក់ទិននឹង​ការ​រំលោភបំពានលែង​ត្រូវបាន​រាយការណ៍ ​និង​គ្មាន​អ្នក​ដឹង​ឭ ដោយ​សារ​អវត្តមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន។

លោក​មាន​ប្រសាសន៍​ថា៖ «វា​មាន​សារសំខាន់​ណាស់​ដែល​មាន​អ្នក​កាសែត​យក​ព័ត៌មាន​ ដូច្នេះ​វា​បាន​ឭ​ទៅ​ដល់​គេ​ទាំង​អស់​គ្នា​នៅ​ទូទាំង​ប្រទេស»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «មិន​ដឹង​ស្តាប់​ពី​ណា​ទៅ​ណី មិន​ដឹង​ជា​ព័ត៌មាន​ណា​ពិត ព័ត៌មាន​ណា​មិន​ពិត​អញ្ចេះ​ណា។​ ខ្ញុំ​សព្វថ្ងៃ បាត់បង់​ការងារ កូន​សិក្សា​រៀន​សូត្រ​អត់​បាន​ចប់​ផង។ ដោយ​សារ​អី? ដោយ​សារ​រឿង​បាត់​បង់​ដី​ធ្លី​នេះ​ធំធេង»។

បើ​ទោះ​ជា​លោក សាវយុត ធ្លាប់​រាយការណ៍​អំពី​ជម្លោះ​ដី​ធ្លី​នេះ​ ១៣​ឆ្នាំ​ក្រោយ​មក ជម្លោះ​នេះ​នៅ​តែ​បន្ត​កើត​ឡើង ប៉ុន្តែ​លោក សាវយុត លែង​បាន​រាយការណ៍​ត​ទៅ​ទៀតហើយ។

ដូច​អ្នក​ផ្សេង​ទៀត​ដែរ​ លោក សាវយុត នៅ​តែ​សង្ឃឹម​ថា​ ស្ថានភាព​នឹង​ប្រសើរ​ឡើង ហើយ​លោក​អាច​បន្ត​ការងារ​របស់​លោក​ជា​អ្នក​យក​ព័ត៌មាន​នៅ​ស្ថាប័ន​ឯករាជ្យ​ដែល​អាច​មាន​សេរីភាព​ច្រើន​ក្នុង​ការ​សរសេរ​ព័ត៌មាន។

ទោះ​ជា​យ៉ាងណា លោក សាវយុត ដែល​កំពុង​ប្រឈម​នឹង​ការ​មិន​មាន​ការងារ​ធ្វើ និង​មិន​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ លោក​នៅ​តែ​មាន​បំណង​ចង់​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នេះ​ប្រមាណ​១០​ឆ្នាំ​ទៀត មុន​លោក​ចូល​និវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅ​តែ​នឹក​និង​សោកស្តាយ​ដែល​មិន​បាន​រាយការណ៍​ត​ទៅ​ទៀត។ ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​អ្វី​ ដោយសារ​ខ្ញុំ​មិន​អាច​រាយការណ៍​រឿង​បន្ត​ទៀត។ ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹងធ្វើ​ក្នុង​វិស័យ​នេះ​ជាង​១០​ឆ្នាំ​ទៀត មុន​នឹង​ខ្ញុំ​ចូលនិវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ»៕

អាន «ស្តាប់លែងឭ‍» | ភាគទី១​

អាន «ស្តាប់លែងឭ‍» | ភាគទី២

អាន «ស្តាប់លែងឭ‍» ទាំង៣ភាគ​

វិទ្យុ​ និងទូរទស្សន៍​​នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់​​ទទួលព័ត៌មាន​ ដែល​មាន​តំលៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​ដោយប្រជាពលរដ្ឋ។ (ខាន់ ​សុគុំមនោ/VOA)
វិទ្យុ​ និងទូរទស្សន៍​​នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់​​ទទួលព័ត៌មាន​ ដែល​មាន​តំលៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​ដោយប្រជាពលរដ្ឋ។ (ខាន់ ​សុគុំមនោ/VOA)

«ស្តាប់​លែង​ឭ»៖ ភាគទី២

រាយការណ៍ដោយ ស៊ុន ណារិន និង ខាន់ សុគុំមនោ

កំណត់​និពន្ធ៖ ​សម្រាប់​ភាគទី២​នៃ​សេចក្តី​រាយការណ៍​លម្អិត «ស្តាប់​លែង​ឭ» ដែល​មាន​៣ភាគ អ្នក​រាយការណ៍​ព័ត៌មាន​វីអូអេ ពិនិត្យ​មើល​ថា​តើ​ការ​ផ្តាច់​ការ​ផ្សាយ​តាម​វិទ្យុ​របស់​សារព័ត៌មាន​ឯករាជ្យ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដល់​កម្រិត​ណា ទាំង​តម្លៃ​និង​មធ្យោបាយ​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ពួកគេ។
នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​ជនបទ វិទ្យុ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ស្របពេល​ដែល​សេវា​អ៊ីនធឺណិត​កំពុង​តែ​រីក​សាយភាយក្នុង​ប្រទេស។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​មិន​ទាន់​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ និង​លទ្ធភាព ​ក្នុង​ការ​ទិញ​និង​ប្រើប្រាស់​ទូរស័ព្ទ​បែបទំនើប ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ឡើយ​ទេ ដោយ​សារ​ការ​មិន​ចេះ​អក្សរ និង​កត្តា​ជីវភាព។



ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង — អ្នកស្រី ង៉ា រួត ពេញ​ចិត្ត​ជា​ខ្លាំង​នឹង​វិទ្យុ​តូច​មួយ ​ដែល​កូន​ស្រី​បាន​ទិញ​ឲ្យ ដោយសារ​នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត ដែល​អ្នកស្រី​មាន​វិទ្យុ​ប្រើប្រាស់​ខ្លួន​ឯង។

នៅ​ពេល​ដែល​វិទ្យុក្លាយ​ទៅ​ជា​ប្រភពផ្តល់​ព័ត៌មាន​យ៉ាង​សំខាន់​នៅ​តំបន់​ជន​បទ កូន​ស្រី​របស់​អ្នក​ស្រី ង៉ា រួត បាន​ចំណាយ​ប្រាក់​ចំនួន​៦​ដុល្លារ ដើម្បី​ទិញ​វិទ្យុ​មួយ​នេះ។ ប្រាក់​ចំនួន​៦​ដុល្លារ ដែល​ស្មើ​នឹង​ប្រាក់​ខែមួយ​ថ្ងៃ​របស់​នាង ដែល​ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ នៅ​ខេត្ត​កណ្តាល ជាប់​នឹង​រាជធានី​ភ្នំពេញ ។

​អ្នកស្រី ង៉ា រួត ដែល​ជា​កសិករ​អាយុ​៥៨​ឆ្នាំ ​បាន​ប្រើ​ប្រាស់​វិទ្យុ​ដែល​ជា​អំណោយ​របស់​កូន​ស្រី​ខ្លួនសម្រាប់​ស្តាប់​ធម៌ កំដរ​ការ​មើល​ថែទាំ​ចៅៗ​របស់​អ្នក​ស្រី។

«ខ្ញុំ​ស្តាប់​តែ​ធម៌ ស្តាប់​តែ​ចម្រៀង​អី​ទៅ មើល​ចៅ​ទៅ។ តែ​រឿង​ព័ត៌មាន ​ខ្ញុំ​អត់​សូវ​បាន​ស្តាប់។ បើក​ចំ ស្តាប់​ទៅ។ បើក​មិន​ចំ​ ក៏​អត់​ទៅ​អញ្ចឹង​ណា។​ ជាពិសេស​ បើក​ទៅ​ចំ​តែ​លោក​ទេសនា»។

ង៉ា រួត អាយុ៥៨ឆ្នាំ គឺជាកសិករ​ម្នាក់នៅ​ខេត្ត​បាត់ដំបង ដែល​ទើប​តែ​មាន​វិទ្យុ​ស្តាប់​ជា​លើក​ដំបូង នៅ​ពេល​កូន​ស្រី​របស់​អ្នកស្រីបាន​ទិញវិទ្យុ​មួយ​ឲ្យ​អ្នក​ស្រី។ (ខាន់ សុគុំមនោ/VOA)
ង៉ា រួត អាយុ៥៨ឆ្នាំ គឺជាកសិករ​ម្នាក់នៅ​ខេត្ត​បាត់ដំបង ដែល​ទើប​តែ​មាន​វិទ្យុ​ស្តាប់​ជា​លើក​ដំបូង នៅ​ពេល​កូន​ស្រី​របស់​អ្នកស្រីបាន​ទិញវិទ្យុ​មួយ​ឲ្យ​អ្នក​ស្រី។ (ខាន់ សុគុំមនោ/VOA)

ប៉ុន្តែ​កូន​ស្រីរបស់​អ្នក​ស្រី គឺ​អ្នកស្រី ផា បូណា អាយុ​២៦​ឆ្នាំ ចង់​ឲ្យ​ម្តាយ​របស់​ខ្លួន​ស្តាប់​ព័ត៌មាន ដើម្បី​ដឹង​អំពី​ស្ថានភាព​សង្គម និង​ដឹង​អំពី​ព្រឹត្តិការណ៍​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស បន្ថែម​ពី​លើ​ការ​ស្តាប់​ធម៌។

«ឲ្យ​គាត់​ស្តាប់​ធម៌​ ស្តាប់​អាថ៍​ ស្តាប់​ព័ត៌មាន​អី​ខ្លះ ឲ្យ​យើង​ដឹង​ថា​សង្គម​យើង ​វា​យ៉ាង​ម៉េច​ វា​ដល់​ណា​ហើយ​ឥឡូវ»។

ប៉ុន្តែ​ប្តី​របស់​អ្នកស្រី​ ង៉ា រួត គឺ​លោក ស៊ុម​ ផា​ ដែល​ជា​មេគ្រួសារ​ដ៏​មមាញឹក​ជាមួយ​ការងារ​ស្រែ​ចម្ការ​និង​ការ​ថែទាំ​គោ​ចំនួន​៤​ក្បាល​ ហាក់​ដូចជា​យល់​ពី​សារសំខាន់​នៃ​ការ​ស្តាប់​ព័ត៌មាន​តាម​វិទ្យុ​ នៅ​ពេល​ដែល​លោក​បាន​ស្តាប់​ឭ​ព័ត៌មាន​ម្តងម្កាល​ចេញ​ពី​វិទ្យុ​របស់​អ្នក​ជិត​ខាង។

«សារព័ត៌មាន បើ​យើង​បាន​ស្តាប់។ យើង​មាន​ចំណេះ​ដឹង។ យើង​ចេះ​គិត​ទៅ។ អា​នេះ​បើ យើង​អត់​បាន​ស្តាប់​ យើង​អត់​ដឹង​ទេ»។

ស្ថានភាព​សារព័ត៌មាន​ផ្លាស់ប្តូរ

វិទ្យុ​នៅ​តែ​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជន​បទ ដែល​ពួកគេ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម នេសាទ​ត្រី ធ្វើ​ស្រែ​ចម្ការ។ ប៉ុន្តែ​រយៈពេល​២ឆ្នាំ​នេះ វិទ្យុ​របស់​ពួកគេ​មិន​អាច​ចាប់​បានព័ត៌មាន​ជាច្រើន​ដែល​ពួក​គេ​ត្រូវ​ការ ដោយ​សារ​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សារព័ត៌មាន បើ​យើង​បាន​ស្តាប់។ យើង​មាន​ចំណេះ​ដឹង។ យើង​ចេះ​គិត​ទៅ។ អា​នេះ​បើ យើង​អត់​បាន​ស្តាប់​ យើង​អត់​ដឹង​ទេ»

កាល​ពី​ពីរ​ឆ្នាំ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​បង្រ្កាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សារព័ត៌មាន​ឯករាជ្យ។ កាសែត The Cambodia Daily ល្បី​ឈ្មោះ​មួយ បាន​បិទទ្វារ​ពី​ប្រទេស​កម្ពុជា​និង​វិទ្យុ​អាស៊ី​សេរី បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ ដោយសារ​ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​ធ្ងន់ធ្ងរ។ វិទ្យុ​ដែល​ជា​ដៃគូ​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ VOA ​និង​វិទ្យុ​អាស៊ី​សេរី ត្រូវ​ហាម​ឃាត់​លែង​ឲ្យ​បន្ត​ការ​ផ្សាយ។ ការណ៍​នេះ​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​និយម​ចូលចិត្ត បើក​ស្តាប់​ព័ត៌មាន​រសើប ស៊ីជម្រៅ ​និង​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល ​ឬ​បក្ស​នយោបាយ​ណាមួយ មាន​ការ​លំបាក​ក្នុង​ការ​បន្ត​តាម​ដានព័ត៌មាន​ដែល​ពួក​គេ​ចង់​ស្តាប់។​

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន​ បានលើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​មិន​គោរព​ច្បាប់​នៅ​កម្ពុជា មិន​មែន​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាប​សង្កត់​នោះ​ទេ។​ លោក​ក៏​បាន​បដិសេធ​ថា​ រដ្ឋាភិបាល​មិនបាន​រារាំង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​មាន​ចេតនា​បង្រ្កាបសារព័ត៌មាន​សេរី​នោះ​ដែរ។

«ហើយ​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​សហការ​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក ​ក៏​ដូច​ជា​វិទ្យុ​អាស៊ី​សេរីហ្នឹង​ នៅ​តែ​បន្ត​ការ​ឆ្លងឆ្លើយ​ព័ត៌មាន​ជាមួយ​គ្នា​ មិន​រើស​អើង​នោះ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​សព្វថ្ងៃ​តាម​បណ្តាញ​អនឡាញ​បាន​ស្តាប់​ដោយ​សេរី​នៅក្នុង​សាច់​រឿង​ហ្នឹង»។

លោក ស៊ុម ផា ស្វាមីអ្នកស្រី ង៉ា រួត កំពុងស្តាប់ព័ត៌មានតាមទូរស័ព្ទនៅគេហដ្ឋានរបស់លោក នៅ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ/VOA)
លោក ស៊ុម ផា ស្វាមីអ្នកស្រី ង៉ា រួត កំពុងស្តាប់ព័ត៌មានតាមទូរស័ព្ទនៅគេហដ្ឋានរបស់លោក នៅ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ/VOA)

យ៉ាងណា​ក៏ដោយ អ្នកស្រី ង៉ា រួត ​ចូលចិត្ត​ស្តាប់​ព័ត៌មាន​ដែល​និយាយ​ពិតៗ បញ្ហាអំពើ​ពុករលួយ ​និង​ទំនាស់​ដី​ធ្លី​ជា​ដើម។ ប៉ុន្តែ​អ្នក​ស្រី​មិន​អាច​ទទួល​ព័ត៌មាន​ទាំង​នោះ​ទេ ក្នុង​ពេល​នេះ​ ក្រោយ​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ករណី​អ្នក​ស្រី ង៉ា រួត ក៏ដូចជា​ករណី​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​ VOA​ សាកសួរ​ដែរ។ ពួកគេបាន​លើក​ឡើង​ថា​ ពួកគេ​ខ្វះ​ការ​ទទួល​បាន​ព័ត៌មាន​នយោបាយ ព័ត៌មាន​រសើប ​និង​ស៊ីជម្រៅ​ ដូច​ពី​មុន ​ដោយ​សារ​ពិបាក​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ទាំង​នោះ​តាម​វិទ្យុ។ ពួក​គេ​ពុំ​មាន​លទ្ធភាព​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ដោយ​សារ​តម្លៃ​ថ្លៃ សេវា​អ៊ីន​ធើ​ណែតមាន​កម្រិត និង​ពួកគេ​មិន​ចេះ​អក្សរ ​និង​មិន​ចេះ​របៀប​ប្រើប្រាស់​ទូរស័ព្ទ​បែប​ទំនើប។

ពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​ទៅ​ដល់​ជាង៤០ម៉ឺន​រៀល ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប និង​ចំណាយ​ទៅ​លើ​ថ្លៃ​អ៊ីន​ធើ​ណែត​ផង​ដែរ ខណៈវិទ្យុ​មាន​តម្លៃ​ក្រោម​៤ម៉ឺន​រៀល ដែល​ពួកគេ​អាច​ស្តាប់​ព័ត៌មាន​ឯករាជ្យ​បាន។ ប៉ុន្តែ​ប្រភព​ផ្តល់​ព័ត៌មាន​គួរ​ទុក​ចិត្ត​ទាំង​នោះ មិន​ស្ថិត​នៅ​ជិត​ដៃ​ពួក​គាត់​ទៀត​នោះ​ទេ។

មួយ​វិញ​ទៀត​ ការ​មិនចេះ​អាន​ និង​សរសេរ​អក្សរ​ ក្នុងចំណោម​ប្រជាជន​ក្រីក្រ នៅ​តាម​ទី​ជនបទ​ និង​អ្នក​មានវ័យ​ចំណាស់​ ជាឧបសគ្គ​មួយ​របស់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​ទូលំ​ទូលាយ និង​មាន​គុណភាព។ ហើយ​ការ​បង្ក្រាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​សារព័ត៌មាន​ឯករាជ្យ​កន្លង​មក​ ប៉ះ​ពាល់​ខ្លាំង​ដល់​ក្រុម​ទាំង​នោះ។

អ្នកស្រី ង៉ា រួត និង​លោក ស៊ុម ផា ដែល​ជា​ស្វាមី ដាំ​បន្លែ និង​ធ្វើ​ស្រែនៅ​លើ​ដី​ដែល​ពួកគេ​ជួល។ ប៉ុន្តែ​ពួកគេ​អះអាង​ថា​ ឆ្នាំ​នេះ​ទិន្នផល​មិន​បាន​ល្អ​នោះ​ទេ ដោយសារ​កង្វះ​ទឹក។ ប៉ុន្តែ​ពួកគាត់​លើក​ឡើង​ថា មិន​ដែល​បាន​ទទួល​ព័ត៌មាន​អំពី​កង្វះ​ទឹក​នោះ​ទេ។

ពួក​គាត់​ក៏​មិន​ដឹង​អំពី​ចំណាត់​ការ​របស់សហគមន៍​អឺរ៉ុប​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​នៃនីតិវិធី​ការ​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​(EBA) មក​លើ​កម្ពុជា​ដែរ។ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញលើក​ឡើង​ថា EBA នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ច្រើន​ដល់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ដែល​កូន​ស្រី​ចំនួន​បី​នាក់របស់​កសិករ​ទាំង​ពីរនាក់​កំពុង​បម្រើការ។ ការ​ព្យួរ EBA​ គឺ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

លោក ស៊ុម ផា កំពុងឲ្យ​ចំណីគោ នៅរោងគោក្រោយគេហដ្ឋាន​របស់​លោក នៅ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោក ស៊ុម ផា កំពុងឲ្យ​ចំណីគោ នៅរោងគោក្រោយគេហដ្ឋាន​របស់​លោក នៅ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

ការ​ខ្វះ​ព័ត៌មាន​ចម្រុះ

បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ឬ​អ្នក​មាន​អំណាច​ដែល​មាន​បណ្តាញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។ ទូរទស្សន៍​ទាំង​អស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​មាន​បណ្តាញ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ហើយ​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ទាំង​នេះ ​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល និង​សមិទ្ធិផល​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​ខ្ញុំ​ព័ត៌មាន​ដូច​ជា​ខ្យល់​ដក​ដង្ហើម​របស់​ប្រជាពលរដ្ឋ​អញ្ចឹង។ ប្រសិន​បើ​យើង​បាត់​បង់​ព័ត៌មាន មាន​ន័យ​ថា ​យើង​បាត់​បង់​អុកស៊ីសែន​សម្រាប់​ដក​ដង្ហើម​អញ្ចឹង​ដែរ»

បណ្តាញ​ទូរទស្សន៍​ និង​វិទ្យុដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​ទូរទស្សន៍​បាយ័ន ត្រូវ​បាន​គ្រប់គ្រង​ដោយ​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា ដែល​ជា​អ្នក​ជំនួញ​មួយ​មាន​ការ​រកស៊ី​យ៉ាង​ច្រើន​មុខ។

នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ បណ្តាញ​ព័ត៌មាន​អនឡាញ​ចំនួន​១៧ ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​ឲ្យ​ចូល​មើល​ ដោយសារ​រដ្ឋាភិបាល​ខ្លាច​ថា ​សារព័ត៌មាន​ទាំង​នោះ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​បង្ក​អន្តរាយ។ ដូច្នេះ ប្រជាជន​អាច​មើល​តែ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត។

កាល​ពី​ខែ​សីហា អង្គការ​ចំនួន​ពីរ​គឺ​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្តី​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែ​ព័ត៌មាន​ក្នុង​របាយការណ៍​នេះ មិន​មែន​ជា​ចំណាប់​អារម្មណ៍​របស់​សារព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ​ទេ។ ពួកគេ​ផ្សព្វផ្សាយប្រតិកម្ម​របស់​រដ្ឋាភិបាល​ទៅ​លើ​របាយការណ៍​នេះ។

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​គ្រប់គ្រង​ព័ត៌មាន ​VOD បាន​ថ្លែង​ថា កង្វះ​ភាព​ចម្រុះនៃ​ព័ត៌មាន​ធ្វើឲ្យប្រជាជន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្តដែល​មាន​សារៈសំខាន់ ដូច​ជា​ការ​ដាំដំណាំ ធ្វើ​ស្រែ និង​ព្រឹត្តិការណ៍​នយោបាយ​ផង​ដែរ។ លោក​បន្ត​ថា​ ប្រជាជន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ​ព័ត៌មាន​ដូច​ជា​ខ្យល់​ដក​ដង្ហើម​របស់​ប្រជាពលរដ្ឋ​អញ្ចឹង។ ប្រសិន​បើ​យើង​បាត់​បង់​ព័ត៌មាន មាន​ន័យ​ថា ​យើង​បាត់​បង់​អុកស៊ីសែន​សម្រាប់​ដក​ដង្ហើម​អញ្ចឹង​ដែរ»។

​វិទ្យុ​ និងទូរទស្សន៍នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់ទទួលព័ត៌មាន​ដែល​មាន​តម្លៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​ដោយប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ជនបទ។ (ខាន់ ​សុគុំមនោ/VOA)
​វិទ្យុ​ និងទូរទស្សន៍នៅតែ​ជាឧបករណ៍​ ប្រើសម្រាប់ទទួលព័ត៌មាន​ដែល​មាន​តម្លៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​ដោយប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ជនបទ។ (ខាន់ ​សុគុំមនោ/VOA)

លោក​ Sebastian Strangio អ្នក​និពន្ធ​សៀវភៅ “Hun Sen's Cambodia” ឬ​ជា​ភាសា​ខ្មែរ «ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុន សែន» និង​ជា​អ្នក​តានដាន​ស្ថានភាព​នយោបាយ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​លើក​ឡើង​ថា វា​ច្បាស់​ណាស់​ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​ពី​ភាព​ចម្រុះ​នៃ​ព័ត៌មាន​កាល​ពី​មុន ក្នុង​នោះ​មាន​សំឡេង​គាំទ្រ​រដ្ឋាភិបាល គាំទ្រ​ប្រឆាំង និង​សារព័ត៌មាន​ឯករាជ្យ។

លោក​បន្ត​ថា​ សារព័ត៌មាន​ដែល​មិន​គាំទ្រ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​សារព័ត៌មានដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ទំនោរ​ទៅ​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍ប្រាប់​ VOA តាម​សារអេឡិកត្រូនិក ឬ​អ៊ីម៉ែល​ថា៖ «ភាព​វិជ្ជមាន​មួយ គឺ​ថា​ប្រជាជន​អាច​ចូល​ទៅ​មើល​ព័ត៌មាន​តាម​អនឡាញ​បាន​យ៉ាង​ច្រើន​ផង​ដែរ តាម​តែ​ពួកគេ​ចង់​មើល រួម​មាន​ព័ត៌មាន​ដែល​លម្អៀង​តិច ឬ​ព័ត៌មាន​លម្អៀង​ផ្សេងៗ​គ្នា»។ លោក​បន្ថែម​ថា​ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ផ្លូវ​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ដែរ។

នៅ​ពេល​ដែល​វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​មិនបាន​ងាយ​ស្រួលធ្លាក់​ដល់​ដៃ​ប្រជាពលរដ្ឋ ពលរដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​មួយ​ចំនួន​បាន​ព្យាយាម​តាមដាន​ស្តាប់​វិទ្យុ​ទាំងនោះ​តាម​ប្រព័ន្ធ​អ៊ីនធើណែត។

នៅ​ក្នុង​ឃុំ​រំលេច ខេត្ត​ព្រៃវែង លោក អាន អាត ចង់​ឃើញ​វិទ្យុ​ឯករាជ្យ​វិល​ត្រឡប់​មក​វិញ។

«បើ​សុំ​ណាស់ សុំ​តែ​បន្តិច​ថាបើក​វិញ វិទ្យុ​ក៏​ដាច់ ចាស់ៗ​ក៏​ស្រួល​ស្តាប់។ សុំ​តែ​ប៉ុណ្ណឹង​ទេ។ ហ្វេសប៊ុក​នេះ ទាល់​តែ​គាត់​បើក​ឲ្យ​ស្តាប់​ដែរ»៕

កំណត់​និពន្ធ៖ ភាគទី៣​ដែល​ជា​សេចក្តី​រាយការណ៍​ចុង​ក្រោយ​នៃ​សេចក្តី​រាយការណ៍​លម្អិត «ស្តាប់​លែង​ឭ» លោក​អ្នក​នាង​នឹង​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ដែល​កើត​មាន​ដោយ​សារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​អ្នក​យក​ព័ត៌មាន​នៅ​កម្ពុជា ដែល​អ្នក​ខ្លះ​បាន​បាត់បង់​ការងារ ឬ​បង្ខំ​ចិត្ត​លា​លែង​ពី​ការងារ​ជា​អ្នក​សារព័ត៌មាន រីឯ​អ្នកខ្លះ​ទៀត​ប្រឈម​នឹង​បទ​ចោទ​របស់​តុលាការ​និង​ការ​ឃុំ​ខ្លួន​ជា​ដើម។

អាន​ «ស្តាប់លែងឭ‍» | ភាគទី១

អាន «ស្តាប់លែងឭ‍» | ភាគទី៣

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG