«ស្តាប់លែងឭ»៖ ភាគទី១
រាយការណ៍ដោយ ស៊ុន ណារិន និងខាន់ សុគុំមនោ
កំណត់និពន្ធ៖ ពីរឆ្នាំក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលលើសេរីភាពសារព័ត៌មាននៅកម្ពុជា វីអូអេបានធ្វើសេចក្តីរាយការណ៍លម្អិតលើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា។ ការបង្ក្រាបជាបន្តបន្ទាប់របស់រដ្ឋាភិបាលបានផ្លាស់ប្តូរស្ថានភាពព័ត៌មាននៅកម្ពុជា ដោយបង្កផលប៉ះពាល់ដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
ការបង្ក្រាបលើការផ្សាយតាមវិទ្យុប៉ះពាល់ខ្លាំងដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ ដែលមិនមានលទ្ធភាពទិញទូរស័ព្ទទំនើប ឬទិញសេវាទូរស័ព្ទដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតបាន។
សម្រាប់ភាគទី១នៃសេចក្តីរាយការណ៍លម្អិតដែលមានចំណងជើងថា «ស្តាប់លែងឮ» អ្នករាយការណ៍របស់វីអូអេបានធ្វើដំណើរទៅកាន់ខេត្តព្រៃវែង ដែលនៅទីនោះប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមនឹងការលំបាកក្នុងការទទួលបានព័ត៌មាន និងស្តាប់ព័ត៌មានឯករាជ្យ។
ឃុំរំលេច ខេត្តព្រៃវែង — លោក យ៉ត គៀន អង្គុយមួលវិទ្យុទៅវិញទៅមក ដើម្បីរាវរកប៉ុស្តិ៍ព័ត៌មានដែលលោកចូលចិត្តស្តាប់បំផុត ដើម្បីតាមដានព័ត៌មានអំពីនយោបាយនិងព្រឹត្តិការណ៍ដែលកើតឡើងក្នុងសង្គមខ្មែរ តាមរយៈវិទ្យុអាមេរិកាំងចំនួនពីរ។ ជួនកាលលោកចាប់ការផ្សាយបាន ជួនចាប់ការផ្សាយមិនបាន ប៉ុន្តែជាអកុសល អស់រយៈពេលជាងកន្លះឆ្នាំហើយ ដែលលោក យ៉ត គៀន ស្តាប់លែងឮទាំងស្រុងនូវព័ត៌មាន ដែលផ្សាយដោយវិទ្យុ VOA និងវិទ្យុអាស៊ីសេរី។
រស់នៅភូមិចា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង លោក គៀន គឺជាអ្នកតាមដានស្តាប់ព័ត៌មានពីវិទ្យុដែលផ្សាយចេញពីសហរដ្ឋអាមេរិកទាំងពីរយ៉ាងទៀងទាត់ តាមរយៈវិទ្យុតូចមួយផលិតនៅប្រទេសចិន។
ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានពីវិទ្យុដែលផ្សាយចេញពីសហរដ្ឋអាមេរិកទាំងពីរ ដែលបានផ្តល់នូវព័ត៌មានស៊ីជម្រៅ និងពីស្ថានការណ៍នយោបាយ កសិករអាយុ៥៣ឆ្នាំរូបនេះ ត្រូវធ្វើដំណើរទៅកាន់តូបកាហ្វេមួយនៅក្នុងភូមិ។ ទីនេះគឺជាកន្លែងតែមួយគត់ដែលអ្នកភូមិនៅតាមដងទន្លេមេគង្គរូបនេះ ទទួលបានព័ត៌មានតាមរយៈការជជែកពីមាត់មួយទៅមាត់មួយក្នុងចំណោមប្រជាពលរដ្ឋ។
ប៉ុន្តែការចែករំលែកព័ត៌មាននៅហាងកាហ្វេក្នុងភូមិនេះ មិនអាចធ្វើឡើងដោយសេរី និងជាចំហនោះទេ។
«ជួនកាលទៅកន្លែងរោងកាហ្វេទៅមានគេនៅលបនិយាយរឿងព័ត៌មានហ្នឹងទៅ ខ្លះមិនហ៊ាននិយាយទៅ។ ហើយចេះតែស្តាប់គេទៅ ចំគ្នាៗឯងទៅ វាធ្លាប់ស្តាប់[ព័ត៌មាន]ពីមុនមកទៅ វានិយាយរៀងគ្រាន់បើទៅ។ [នៅពេល]ពេលឃើញផ្សឹង លែងហ៊ាននិយាយហើយ និយាយអីណាផ្សឹងនោះទៅ។ ក្នុងរោងកាហ្វេហ្នឹងសុទ្ធតែមើល មើលថាទំនងគ្នាឯងច្រើន បាននាំគ្នានិយាយរឿងព័ត៌មានហ្នឹង»។
ប៉ុន្តែនៅពេលដែលវិទ្យុតម្លៃ ២៥០០០រៀលរបស់លោក ចាប់ការផ្សាយវិទ្យុVOA និងវិទ្យុអាស៊ីសេរី លែងបាន លោក គៀន ក៏លែងបានទទួលព័ត៌មានដែលលោកគិតថាជាព័ត៌មានដែលលោកទុកចិត្តបាននោះតទៅទៀត។ លោក យ៉ត គៀន ប្រៀបធៀបខ្លួនឯងកំពុងស្ថិតក្នុងពិភពងងឹតមួយ។
«ដូចលែងឮអីហ្មង ដូចសូន្យអញ្ចឹង»។
សូម្បីតែស្តាប់ព័ត៌មានក៏ស្តាប់លួចលាក់ដែរ បើកតិចៗ។ មិនហ៊ានបើកឭៗណា បើកតិចៗ ស្តាប់តែឯងហ្នឹង»
កាលពីពីរឆ្នាំមុន រដ្ឋាភិបាលកម្ពុជាបានបង្រ្កាបលើសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យ។ កាសែត The Cambodia Daily ល្បីឈ្មោះមួយ បានបិទទ្វារពីប្រទេសកម្ពុជា ហើយវិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួនដោយសារការតម្រូវឲ្យបង់ពន្ធធ្ងន់ធ្ងរ។ វិទ្យុដែលជាដៃគូការផ្សាយបន្តរបស់វិទ្យុVOA និងវិទ្យុអាស៊ីសេរី ត្រូវហាមឃាត់លែងឲ្យបន្តការផ្សាយ។
ការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋដែលនិយមចូលចិត្តបើកស្តាប់ព័ត៌មានរសើប ស៊ីជម្រៅ និងមិនចំណុះឲ្យរដ្ឋាភិបាលឬគណបក្សនយោបាយណាមួយ មានការលំបាកក្នុងការបន្តតាមដានព័ត៌មានដែលពួកគេចង់ស្តាប់។
លោក យ៉ត គៀន រំឭកពីការបាត់បង់ប្រភពព័ត៌មានរបស់លោក។
«ដំបូងៗ ប្រាំមួយប្រាំពីរថ្ងៃដំបូងដេកមិនលក់ ដល់ម៉ោងបើកមិនចំមិនចេញទៅចំប៉ុស្តិ៍ហ្នឹងហើយមិនចេញ បិទចោលទៅ។ រសាប់រសល់អាដំបូងៗហ្នឹង។ តែឥឡូវធម្មតាវិញហើយ។ ធម្មតាលែងបានស្តាប់លែងអីទៅដូចមនុស្សងាប់ផុតយូរអញ្ចឹងណា។ ដូចថាស្តាប់ដំបូងៗនៅនឹក ដល់ពេលយូរៗទៅធម្មតាវិញ»។
មិនហ៊ានស្តាប់ដោយចំហ
ប៉ុន្តែពីរឆ្នាំកន្លងមកនេះលោក យ៉ត គៀន កត់សម្គាល់ថា សិទ្ធិសេរីភាពនៃការតាមដានព័ត៌មានសេរីហាក់ដូចជានៅស្ថិតក្រោមសម្ពាធនៅឡើយ។
«សូម្បីតែស្តាប់ព័ត៌មានក៏ស្តាប់លួចលាក់ដែរ បើកតិចៗ។ មិនហ៊ានបើកឭៗណា បើកតិចៗ ស្តាប់តែឯងហ្នឹង»។
នៅប្រមាណ២០០ម៉ែត្រពីផ្ទះលោក យ៉ត គៀន អ្នកភូមិម្នាក់ទៀត គឺលោក ងួន ហ៊ុល នៅអាចទទួលព័ត៌មានពីវិទ្យុអាស៊ីសេរីនិងVOA បាន ដោយសារលោកប្រើប្រាស់ទូរស័ព្ទដៃទំនើបឬស្មាតហ្វូនដែលមានអេក្រង់ធំ ។
លោក ងួន ហ៊ុល គឺជាកសិករ ជាអ្នករត់ម៉ូតូឌុប និងជាសកម្មជនម្នាក់មកពីគណបក្សសង្គ្រោះជាតិ។
លោកលើកឡើងប្រហាក់ប្រហែលគ្នានឹងលោក យ៉ត គៀន ដែរ។ពោលគឺលោកតាមដានស្តាប់ព័ត៌មានពីវិទ្យុអាមេរិកាំង ដោយការប្រុងប្រយ័ត្ន។
«យប់ឡើងខ្ញុំឡើងផ្ទះ បិទភ្លើង ខ្ញុំស្តាប់ទៅ។ បើនៅប្រជុំជនខ្ញុំអត់ហ៊ានទេ»។ លោកបន្តថា៖ «បើនិយាយរឿងច្បាប់ រឿងស្តាប់អញ្ចឹងខ្ញុំអត់ខុសទេ បើខ្ញុំចំណូលខាងហ្នឹងហើយ។ បើមិនឲ្យខ្ញុំស្តាប់ខ្ញុំនៅតែស្តាប់»។
លោក ងួន ហ៊ុល មិនហ៊ានប្រាប់អ្នកយកព័ត៌មាន VOA ត្រង់ៗថា លោកនៅបន្តស្តាប់ព័ត៌មាន VOA និងអាស៊ីសេរីនោះទេ ដោយលោកបារម្ភថា«ជាអ្នកស៊ើបការណ៍»។
ខ្ញុំមិនសូវស្តាប់ទេ ព្រោះវាច្រើនតែនិយាយវាយប្រហារយើងធ្វើការហ្នឹងណា។ យើងអ្នកធ្វើការហ្នឹង គេច្រើនតែវាយប្រហារដែរ។ វាពិតតិច ហើយមិនពិត វាច្រើន»។
នៅក្នុងភូមិរបស់លោក ការស្តាប់ព័ត៌មានពីវិទ្យុ VOA និងអាស៊ីសេរី ត្រូវបានអាជ្ញាធរមើលឃើញថាជា«ក្រុមប្រឆាំង»និង«ភ្ជាប់ទៅនឹងសកម្មភាពនយោបាយ»។ នេះជាការលើកឡើងរបស់លោក ងួន ហ៊ុល។
រិះគន់ឬវាយប្រហារ?
លោក ហ៊ូ ញឹប ជាមេឃុំរំលេចមកពីគណបក្សប្រជាជនកម្ពុជា បានបដិសេធថា ពុំមានការរឹតត្បិតក្នុងការស្តាប់ព័ត៌មានទេ នៅក្នុងឃុំរបស់លោក ។ លោកបន្តថាលោកបានដឹងអំពីការស្តាប់លែងឮកម្មវិធីវិទ្យុVOAនិងអាស៊ីសេរី។ ប៉ុន្តែលោកថាលោកពុំដែលបានតាមដានព័ត៌មានពីវិទ្យុទាំងពីរឡើយ។
«អាហ្នឹងបែបនិយាយវាយប្រហារពេកបានគេបិទទៅ ប្រហែលអញ្ចឹងដឹង។ បើយើងនិយាយ ថាយើងម្ខាងៗ។ ខ្ញុំធ្វើការ គេថាខ្ញុំកាន់ខាងនេះ ខាងនោះ។ ខ្ញុំមិនសូវស្តាប់ទេ ព្រោះវាច្រើនតែនិយាយវាយប្រហារយើងធ្វើការហ្នឹងណា។ យើងអ្នកធ្វើការហ្នឹង គេច្រើនតែវាយប្រហារដែរ។ វាពិតតិច ហើយមិនពិត វាច្រើន»។
លោកមេឃុំបន្ថែមថាក្នុងករណី ដែលពលរដ្ឋមិនមានវិទ្យុ VOA សម្រាប់ស្តាប់ ពួកគាត់អាចស្តាប់លោកទេសន៍បាន។
ភាគច្រើននៃប្រជាពលរដ្ឋដែល VOA បានសាកសួរ បានលើកឡើងថាពួកគេខ្វះការទទួលបានព័ត៌មាននយោបាយ ព័ត៌មានរសើប និងស៊ីជម្រៅ ដូចពីមុន ដោយសារពិបាកក្នុងការស្វែងរកព័ត៌មានទាំងនោះតាមវិទ្យុ។ ពួកគេពុំមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដោយសារតម្លៃថ្លៃ សេវាអ៊ីនធឺណិតមានកម្រិត និងពួកគាត់មិនចេះអក្សរ និងមិនចេះរបៀបប្រើប្រាស់ទូរស័ព្ទបែបទំនើប។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធថា រដ្ឋាភិបាលមិនបានរារាំងសិទ្ធិសេរីភាពបញ្ចេញមតិ និងមានចេតនាបង្រ្កាបសារព័ត៌មានសេរីនោះទេ។
«មិនស្របនឹងការពិតទេ។ ដោយសារការលើកទឹកចិត្តដល់ Voice of America ឬសំឡេងសហរដ្ឋអាមេរិក ឬក៏វិទ្យុអាស៊ីសេរីដែលគាត់រត់ចោលស្រុកនោះ គឺគាត់គ្រាន់តែជាទិដ្ឋភាពមួយ នយោបាយតែប៉ុណ្ណោះ។ ហើយខ្ញុំខ្លួនឯងផ្ទាល់ក៏បានសហការជាមួយសំឡេងសហរដ្ឋអាមេរិក ក៏ដូចជាវិទ្យុអាស៊ីសេរីហ្នឹង នៅតែបន្តការឆ្លងឆ្លើយព័ត៌មានជាមួយគ្នាមិនរើសអើងនោះទេ ហើយប្រជាពលរដ្ឋសព្វថ្ងៃតាមបណ្តាញអនឡាញបានស្តាប់ដោយសេរីនៅក្នុងសាច់រឿងហ្នឹង»។
ប៉ុន្តែលោក Sebastian Strangio អ្នកនិពន្ធសៀវភៅ “Hun Sen's Cambodia” ឬជាភាសាខ្មែរ «ប្រទេសកម្ពុជារបស់លោកហ៊ុន សែន» និងជាអ្នកតាមដានស្ថានភាពនយោបាយកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា សារព័ត៌មានដែលមិនគាំទ្រលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាសារព័ត៌មានដែលត្រូវបានចាត់ទុកថាមានទំនោរទៅគណបក្សប្រឆាំង។
លោកមានប្រសាសន៍ប្រាប់VOA តាមសារអេឡិចត្រូនិកឬអ៊ីមែលថា៖ «គណបក្សប្រជាជនកម្ពុជាមិនចង់ឲ្យប្រជាជនកម្ពុជាអាចទទួលបានព័ត៌មានពីស្ថាប័នព័ត៌មានដែលពួកគេបានចាត់ទុកថាជាការឃោសនាសម្រាប់បក្សប្រឆាំង។ ប៉ុន្តែតាមរយ:ការសន្ទនារបស់ខ្ញុំផ្ទាល់ជាមួយប្រជាជន វាច្បាស់ណាស់ថាប្រជាជនកម្ពុជាជាច្រើនចង់បានភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយ ទោះជាគាំទ្របក្សប្រឆាំងឬក៏ឯករាជ្យ»៕