«ស្តាប់លែងឭ»៖ ភាគទី២
រាយការណ៍ដោយ ស៊ុន ណារិន និង ខាន់ សុគុំមនោ
កំណត់និពន្ធ៖ សម្រាប់ភាគទី២នៃសេចក្តីរាយការណ៍លម្អិត «ស្តាប់លែងឭ» ដែលមាន៣ភាគ អ្នករាយការណ៍ព័ត៌មានវីអូអេ ពិនិត្យមើលថាតើការផ្តាច់ការផ្សាយតាមវិទ្យុរបស់សារព័ត៌មានឯករាជ្យ បានប៉ះពាល់ដល់ប្រជាពលរដ្ឋដល់កម្រិតណា ទាំងតម្លៃនិងមធ្យោបាយនៃការទទួលបានព័ត៌មានរបស់ពួកគេ។
នៅប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ វិទ្យុនៅតែជាមធ្យោបាយដ៏ប្រសើរមួយក្នុងការទទួលបានព័ត៌មាន ស្របពេលដែលសេវាអ៊ីនធឺណិតកំពុងតែរីកសាយភាយក្នុងប្រទេស។ ស្របពេលជាមួយគ្នានោះ ពលរដ្ឋជាច្រើននៅតែមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ និងលទ្ធភាព ក្នុងការទិញនិងប្រើប្រាស់ទូរស័ព្ទបែបទំនើប ដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅឡើយទេ ដោយសារការមិនចេះអក្សរ និងកត្តាជីវភាព។
ខេត្តព្រៃវែង និងខេត្តបាត់ដំបង — អ្នកស្រី ង៉ា រួត ពេញចិត្តជាខ្លាំងនឹងវិទ្យុតូចមួយ ដែលកូនស្រីបានទិញឲ្យ ដោយសារនេះជាលើកដំបូងក្នុងជីវិត ដែលអ្នកស្រីមានវិទ្យុប្រើប្រាស់ខ្លួនឯង។
នៅពេលដែលវិទ្យុក្លាយទៅជាប្រភពផ្តល់ព័ត៌មានយ៉ាងសំខាន់នៅតំបន់ជនបទ កូនស្រីរបស់អ្នកស្រី ង៉ា រួត បានចំណាយប្រាក់ចំនួន៦ដុល្លារ ដើម្បីទិញវិទ្យុមួយនេះ។ ប្រាក់ចំនួន៦ដុល្លារ ដែលស្មើនឹងប្រាក់ខែមួយថ្ងៃរបស់នាង ដែលជាកម្មការិនីរោងចក្រកាត់ដេរ នៅខេត្តកណ្តាល ជាប់នឹងរាជធានីភ្នំពេញ ។
អ្នកស្រី ង៉ា រួត ដែលជាកសិករអាយុ៥៨ឆ្នាំ បានប្រើប្រាស់វិទ្យុដែលជាអំណោយរបស់កូនស្រីខ្លួនសម្រាប់ស្តាប់ធម៌ កំដរការមើលថែទាំចៅៗរបស់អ្នកស្រី។
«ខ្ញុំស្តាប់តែធម៌ ស្តាប់តែចម្រៀងអីទៅ មើលចៅទៅ។ តែរឿងព័ត៌មាន ខ្ញុំអត់សូវបានស្តាប់។ បើកចំ ស្តាប់ទៅ។ បើកមិនចំ ក៏អត់ទៅអញ្ចឹងណា។ ជាពិសេស បើកទៅចំតែលោកទេសនា»។
ប៉ុន្តែកូនស្រីរបស់អ្នកស្រី គឺអ្នកស្រី ផា បូណា អាយុ២៦ឆ្នាំ ចង់ឲ្យម្តាយរបស់ខ្លួនស្តាប់ព័ត៌មាន ដើម្បីដឹងអំពីស្ថានភាពសង្គម និងដឹងអំពីព្រឹត្តិការណ៍នានាដែលកើតឡើងនៅក្នុងប្រទេស បន្ថែមពីលើការស្តាប់ធម៌។
«ឲ្យគាត់ស្តាប់ធម៌ ស្តាប់អាថ៍ ស្តាប់ព័ត៌មានអីខ្លះ ឲ្យយើងដឹងថាសង្គមយើង វាយ៉ាងម៉េច វាដល់ណាហើយឥឡូវ»។
ប៉ុន្តែប្តីរបស់អ្នកស្រី ង៉ា រួត គឺលោក ស៊ុម ផា ដែលជាមេគ្រួសារដ៏មមាញឹកជាមួយការងារស្រែចម្ការនិងការថែទាំគោចំនួន៤ក្បាល ហាក់ដូចជាយល់ពីសារសំខាន់នៃការស្តាប់ព័ត៌មានតាមវិទ្យុ នៅពេលដែលលោកបានស្តាប់ឭព័ត៌មានម្តងម្កាលចេញពីវិទ្យុរបស់អ្នកជិតខាង។
«សារព័ត៌មាន បើយើងបានស្តាប់។ យើងមានចំណេះដឹង។ យើងចេះគិតទៅ។ អានេះបើ យើងអត់បានស្តាប់ យើងអត់ដឹងទេ»។
ស្ថានភាពសារព័ត៌មានផ្លាស់ប្តូរ
វិទ្យុនៅតែជាប្រភពព័ត៌មានសំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទ ដែលពួកគេភាគច្រើនប្រកបរបរកសិកម្ម នេសាទត្រី ធ្វើស្រែចម្ការ។ ប៉ុន្តែរយៈពេល២ឆ្នាំនេះ វិទ្យុរបស់ពួកគេមិនអាចចាប់បានព័ត៌មានជាច្រើនដែលពួកគេត្រូវការ ដោយសារការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សារព័ត៌មាន បើយើងបានស្តាប់។ យើងមានចំណេះដឹង។ យើងចេះគិតទៅ។ អានេះបើ យើងអត់បានស្តាប់ យើងអត់ដឹងទេ»
កាលពីពីរឆ្នាំមុន រដ្ឋាភិបាលកម្ពុជាបានបង្រ្កាបលើសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យ។ កាសែត The Cambodia Daily ល្បីឈ្មោះមួយ បានបិទទ្វារពីប្រទេសកម្ពុជានិងវិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួន ដោយសារការតម្រូវឲ្យបង់ពន្ធធ្ងន់ធ្ងរ។ វិទ្យុដែលជាដៃគូការផ្សាយបន្តរបស់វិទ្យុ VOA និងវិទ្យុអាស៊ីសេរី ត្រូវហាមឃាត់លែងឲ្យបន្តការផ្សាយ។ ការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋដែលនិយមចូលចិត្ត បើកស្តាប់ព័ត៌មានរសើប ស៊ីជម្រៅ និងមិនចំណុះឲ្យរដ្ឋាភិបាល ឬបក្សនយោបាយណាមួយ មានការលំបាកក្នុងការបន្តតាមដានព័ត៌មានដែលពួកគេចង់ស្តាប់។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះមិនគោរពច្បាប់នៅកម្ពុជា មិនមែនជាចេតនារបស់រដ្ឋាភិបាលក្នុងការគាបសង្កត់នោះទេ។ លោកក៏បានបដិសេធថា រដ្ឋាភិបាលមិនបានរារាំងសិទ្ធិសេរីភាពបញ្ចេញមតិ និងមានចេតនាបង្រ្កាបសារព័ត៌មានសេរីនោះដែរ។
«ហើយខ្ញុំខ្លួនឯងផ្ទាល់ក៏បានសហការជាមួយសំឡេងសហរដ្ឋអាមេរិក ក៏ដូចជាវិទ្យុអាស៊ីសេរីហ្នឹង នៅតែបន្តការឆ្លងឆ្លើយព័ត៌មានជាមួយគ្នា មិនរើសអើងនោះទេ ហើយប្រជាពលរដ្ឋសព្វថ្ងៃតាមបណ្តាញអនឡាញបានស្តាប់ដោយសេរីនៅក្នុងសាច់រឿងហ្នឹង»។
យ៉ាងណាក៏ដោយ អ្នកស្រី ង៉ា រួត ចូលចិត្តស្តាប់ព័ត៌មានដែលនិយាយពិតៗ បញ្ហាអំពើពុករលួយ និងទំនាស់ដីធ្លីជាដើម។ ប៉ុន្តែអ្នកស្រីមិនអាចទទួលព័ត៌មានទាំងនោះទេ ក្នុងពេលនេះ ក្រោយពីចំណាត់ការរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ករណីអ្នកស្រី ង៉ា រួត ក៏ដូចជាករណីភាគច្រើននៃប្រជាពលរដ្ឋដែល VOA សាកសួរដែរ។ ពួកគេបានលើកឡើងថា ពួកគេខ្វះការទទួលបានព័ត៌មាននយោបាយ ព័ត៌មានរសើប និងស៊ីជម្រៅ ដូចពីមុន ដោយសារពិបាកក្នុងការស្វែងរកព័ត៌មានទាំងនោះតាមវិទ្យុ។ ពួកគេពុំមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដោយសារតម្លៃថ្លៃ សេវាអ៊ីនធើណែតមានកម្រិត និងពួកគេមិនចេះអក្សរ និងមិនចេះរបៀបប្រើប្រាស់ទូរស័ព្ទបែបទំនើប។
ពលរដ្ឋត្រូវចំណាយប្រាក់ទៅដល់ជាង៤០ម៉ឺនរៀល ដើម្បីទិញទូរស័ព្ទទំនើប និងចំណាយទៅលើថ្លៃអ៊ីនធើណែតផងដែរ ខណៈវិទ្យុមានតម្លៃក្រោម៤ម៉ឺនរៀល ដែលពួកគេអាចស្តាប់ព័ត៌មានឯករាជ្យបាន។ ប៉ុន្តែប្រភពផ្តល់ព័ត៌មានគួរទុកចិត្តទាំងនោះ មិនស្ថិតនៅជិតដៃពួកគាត់ទៀតនោះទេ។
មួយវិញទៀត ការមិនចេះអាន និងសរសេរអក្សរ ក្នុងចំណោមប្រជាជនក្រីក្រ នៅតាមទីជនបទ និងអ្នកមានវ័យចំណាស់ ជាឧបសគ្គមួយរបស់ពួកគេក្នុងការទទួលបានព័ត៌មានដោយទូលំទូលាយ និងមានគុណភាព។ ហើយការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យកន្លងមក ប៉ះពាល់ខ្លាំងដល់ក្រុមទាំងនោះ។
អ្នកស្រី ង៉ា រួត និងលោក ស៊ុម ផា ដែលជាស្វាមី ដាំបន្លែ និងធ្វើស្រែនៅលើដីដែលពួកគេជួល។ ប៉ុន្តែពួកគេអះអាងថា ឆ្នាំនេះទិន្នផលមិនបានល្អនោះទេ ដោយសារកង្វះទឹក។ ប៉ុន្តែពួកគាត់លើកឡើងថា មិនដែលបានទទួលព័ត៌មានអំពីកង្វះទឹកនោះទេ។
ពួកគាត់ក៏មិនដឹងអំពីចំណាត់ការរបស់សហគមន៍អឺរ៉ុបពាក់ព័ន្ធនឹងដំណើរការនៃនីតិវិធីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) មកលើកម្ពុជាដែរ។ ខណៈដែលក្រុមអ្នកជំនាញលើកឡើងថា EBA នឹងធ្វើឲ្យប៉ះពាល់ច្រើនដល់វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងដែលកូនស្រីចំនួនបីនាក់របស់កសិករទាំងពីរនាក់កំពុងបម្រើការ។ ការព្យួរ EBA គឺដោយសារតែការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការខ្វះព័ត៌មានចម្រុះ
បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាស្ទើរតែទាំងអស់ត្រូវគេមើលឃើញថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ឬអ្នកមានអំណាចដែលមានបណ្តាញជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ ទូរទស្សន៍ទាំងអស់ត្រូវបានគ្រប់គ្រងដោយអ្នកមានបណ្តាញជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហើយការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានទាំងនេះ ផ្តោតសំខាន់ទៅលើសកម្មភាពរបស់រដ្ឋាភិបាល និងសមិទ្ធិផលគណបក្សប្រជាជនកម្ពុជា។
សម្រាប់ខ្ញុំព័ត៌មានដូចជាខ្យល់ដកដង្ហើមរបស់ប្រជាពលរដ្ឋអញ្ចឹង។ ប្រសិនបើយើងបាត់បង់ព័ត៌មាន មានន័យថា យើងបាត់បង់អុកស៊ីសែនសម្រាប់ដកដង្ហើមអញ្ចឹងដែរ»
បណ្តាញទូរទស្សន៍ និងវិទ្យុដ៏ធំមួយនៅកម្ពុជា គឺទូរទស្សន៍បាយ័ន ត្រូវបានគ្រប់គ្រងដោយកូនស្រីរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាណា ដែលជាអ្នកជំនួញមួយមានការរកស៊ីយ៉ាងច្រើនមុខ។
នៅមុនការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៨ បណ្តាញព័ត៌មានអនឡាញចំនួន១៧ ត្រូវបានរដ្ឋាភិបាលបិទមិនឲ្យចូលមើល ដោយសាររដ្ឋាភិបាលខ្លាចថា សារព័ត៌មានទាំងនោះផ្សព្វផ្សាយព័ត៌មានបែបបង្កអន្តរាយ។ ដូច្នេះ ប្រជាជនអាចមើលតែព័ត៌មានដែលផ្តល់ដោយរដ្ឋាភិបាលតែប៉ុណ្ណោះ នៅមុនថ្ងៃបោះឆ្នោត។
កាលពីខែសីហា អង្គការចំនួនពីរគឺអង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍របស់ខ្លួនស្តីអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែព័ត៌មានក្នុងរបាយការណ៍នេះ មិនមែនជាចំណាប់អារម្មណ៍របស់សារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលនោះទេ។ ពួកគេផ្សព្វផ្សាយប្រតិកម្មរបស់រដ្ឋាភិបាលទៅលើរបាយការណ៍នេះ។
លោក ណុប វី ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគ្រប់គ្រងព័ត៌មាន VOD បានថ្លែងថា កង្វះភាពចម្រុះនៃព័ត៌មានធ្វើឲ្យប្រជាជនពិបាកក្នុងការសម្រេចចិត្តដែលមានសារៈសំខាន់ ដូចជាការដាំដំណាំ ធ្វើស្រែ និងព្រឹត្តិការណ៍នយោបាយផងដែរ។ លោកបន្តថា ប្រជាជនមានសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំព័ត៌មានដូចជាខ្យល់ដកដង្ហើមរបស់ប្រជាពលរដ្ឋអញ្ចឹង។ ប្រសិនបើយើងបាត់បង់ព័ត៌មាន មានន័យថា យើងបាត់បង់អុកស៊ីសែនសម្រាប់ដកដង្ហើមអញ្ចឹងដែរ»។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ “Hun Sen's Cambodia” ឬជាភាសាខ្មែរ «ប្រទេសកម្ពុជារបស់លោកហ៊ុន សែន» និងជាអ្នកតានដានស្ថានភាពនយោបាយកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា វាច្បាស់ណាស់ហើយថាប្រជាជនកម្ពុជាបានទទួលផលប្រយោជន៍ពីភាពចម្រុះនៃព័ត៌មានកាលពីមុន ក្នុងនោះមានសំឡេងគាំទ្ររដ្ឋាភិបាល គាំទ្រប្រឆាំង និងសារព័ត៌មានឯករាជ្យ។
លោកបន្តថា សារព័ត៌មានដែលមិនគាំទ្រលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាសារព័ត៌មានដែលត្រូវបានចាត់ទុកថាមានទំនោរទៅគណបក្សប្រឆាំង។
លោកមានប្រសាសន៍ប្រាប់ VOA តាមសារអេឡិកត្រូនិក ឬអ៊ីម៉ែលថា៖ «ភាពវិជ្ជមានមួយ គឺថាប្រជាជនអាចចូលទៅមើលព័ត៌មានតាមអនឡាញបានយ៉ាងច្រើនផងដែរ តាមតែពួកគេចង់មើល រួមមានព័ត៌មានដែលលម្អៀងតិច ឬព័ត៌មានលម្អៀងផ្សេងៗគ្នា»។ លោកបន្ថែមថា លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ក៏បានផ្លាស់ប្តូរទៅកាន់ផ្លូវនៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអនឡាញនេះដែរ។
នៅពេលដែលវិទ្យុផ្សព្វផ្សាយព័ត៌មានឯករាជ្យមិនបានងាយស្រួលធ្លាក់ដល់ដៃប្រជាពលរដ្ឋ ពលរដ្ឋនៅខេត្តបាត់ដំបងមួយចំនួនបានព្យាយាមតាមដានស្តាប់វិទ្យុទាំងនោះតាមប្រព័ន្ធអ៊ីនធើណែត។
នៅក្នុងឃុំរំលេច ខេត្តព្រៃវែង លោក អាន អាត ចង់ឃើញវិទ្យុឯករាជ្យវិលត្រឡប់មកវិញ។
«បើសុំណាស់ សុំតែបន្តិចថាបើកវិញ វិទ្យុក៏ដាច់ ចាស់ៗក៏ស្រួលស្តាប់។ សុំតែប៉ុណ្ណឹងទេ។ ហ្វេសប៊ុកនេះ ទាល់តែគាត់បើកឲ្យស្តាប់ដែរ»៕
កំណត់និពន្ធ៖ ភាគទី៣ដែលជាសេចក្តីរាយការណ៍ចុងក្រោយនៃសេចក្តីរាយការណ៍លម្អិត «ស្តាប់លែងឭ» លោកអ្នកនាងនឹងស្វែងយល់ពីផលប៉ះពាល់ដែលកើតមានដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលលើអ្នកយកព័ត៌មាននៅកម្ពុជា ដែលអ្នកខ្លះបានបាត់បង់ការងារ ឬបង្ខំចិត្តលាលែងពីការងារជាអ្នកសារព័ត៌មាន រីឯអ្នកខ្លះទៀតប្រឈមនឹងបទចោទរបស់តុលាការនិងការឃុំខ្លួនជាដើម។