អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល
កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ក្នុងអំឡុងពេលជិតមួយទសវត្សរ៍កន្លងទៅនេះ ការប្រែប្រួលអាកាសធាតុបាននិងកំពុងបង្កផលប៉ះពាល់ជាច្រើនដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ និងប្រជានេសាទនៅកម្ពុជា ដែលភាគច្រើនពឹងផ្អែកលើកត្តាធម្មជាតិដើម្បីបង្កបង្កើតផលកសិកម្ម និងប្រមូលជលផលជាប្រចាំថ្ងៃ។ អ្នកយកព័ត៌មានឲ្យវីអូអេ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលជាតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដើម្បីរាយការណ៍អំពីហានិភ័យនិងផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ ខណៈភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិ និងការប្រែប្រួលអាកាសធាតុកំពុងកើនឡើងខ្លាំងនៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។ តទៅនេះគឺជាសេចក្តីរាយការណ៍ពិសេសជាអត្ថបទពណ៌នា និងវីដេអូដែលមាន ៣ភាគ៖ «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»។
កសិករនៅតំបន់ជាប់មាត់សមុទ្រកម្ពុជារងផលប៉ះពាល់ ដោយសារទឹកប្រៃជ្រៀតចូលស្រែ
ប្រជាពលរដ្ឋរស់នៅក្បែរដៃសមុទ្រក្នុងខេត្តជាប់មាត់សមុទ្រ កំពុងរងគ្រោះដោយសារទឹកប្រៃជ្រៀតចូលស្រែរបស់ពួកគេ ដែលជាវិបត្តិអាកាសធាតុ នៅពេលកម្តៅផែនដីកើនឡើង ដែលបណ្តាលឲ្យកម្ពស់ទឹកសមុទ្រកើនឡើងជាបន្តបន្ទាប់។ ប្រជាកសិករនៅតំបន់ទាំងនោះអះអាងថា ស្រែរបស់ពួកគេបានខូចខាតជារៀងរាល់ឆ្នាំ ហើយជំនន់ទឹកប្រៃកើនឡើងកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់ភាគទី ១ នៃសេចក្តីរាយការណ៍លម្អិតដែលមានចំណងជើងថា «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» អ្នករាយការណ៍របស់វីអូអេបានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ និងខេត្តកំពត ដែលនៅទីនោះប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមនឹងផលប៉ះពាល់ដែលមិនអាចស្មានទុកមុននៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍនានា។
ប្រជានេសាទរងគ្រោះពីខ្យល់មិនទៀងទាត់ និងផលប៉ះពាល់នៃការអភិវឌ្ឍតាមព្រែកសមុទ្រ
សម្រាប់ភាគទី ២ នៃសេចក្តីរាយការណ៍លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» ដែលមាន៣ភាគ អ្នករាយការណ៍ព័ត៌មានវីអូអេ ពិនិត្យមើលថាតើភាពមិនប្រក្រតីនៃអាកាសធាតុ និងគម្រោងអភិវឌ្ឍតាមតំបន់ឆ្នេរនៅទូទាំងប្រទេសកម្ពុជា បង្កផលប៉ះពាល់អ្វីខ្លះដល់ប្រជានេសាទ។
ប្រជានេសាទនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត បានឲ្យដឹងថា ខ្យល់បក់ក្នុងសន្ទុះខ្លាំងបាននិងកំពុងកើតឡើងកាន់តែញឹកញាប់ និងមិនអាចស្មានដឹងទុកមុន។ ការណ៍នេះនាំឲ្យប៉ះពាល់ដល់ការនេសាទរបស់ពួកគេ។ ហើយការនេសាទកាន់តែលំបាក នៅពេលដែលគម្រោងអភិវឌ្ឍនៅតំបន់សមុទ្របានរីកដុសដាល ដែលកំពុងវាតទីជម្រករបស់ជលផលសមុទ្រ ហើយជាលទ្ធផល កំពុងប៉ះពាល់ដល់ទិន្នផលនេសាទរបស់ពួកគេ។
អានព័ត៌មានលម្អិតដោយលោក ស៊ុន ណារិន និងលោក លាស់ លីបលីប
អាកាសធាតុប្រែប្រួលខ្លាំង ទឹកជំនន់ញឹកញាប់ ជាក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ
ភាគទី ៣ ដែលជាសេចក្តីរាយការណ៍ចុងក្រោយនៃសេចក្តីរាយការណ៍ពិសេសស្តីពី «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងកាន់តែញឹកញាប់ជាងមុន នៅខេត្តព្រះសីហនុ។
ការស្ថាបនាផ្លូវ និងអគារខ្ពស់ៗក្នុងទីក្រុងព្រះសីហនុបានបញ្ចប់ទៅជាបណ្តើរៗ ក្រោយទីក្រុងមួយនេះបានកែប្រែទាំងស្រុង ដោយមានការអភិវឌ្ឍស្ថាបនាផ្លូវខ្វែងខ្វាត់ និងអគារខ្ពស់ៗ។ ប៉ុន្តែជំនន់ទឹកភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំ និងអាកាសធាតុប្រែប្រួលខ្លាំង កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងនេះបារម្ភពីជីវភាពរស់នៅប្រចាំថ្ងៃ។