ក្រុមមន្រ្តីសុខាភិបាលប្រទេសស៊ីមបាវ៉េកំពុងតាមដានយ៉ាងដិតដល់បន្ទាប់ពីមានមនុស្ស៥នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគដែលត្រូវបានគេសង្ស័យថាកំពុងរាលដាលនៅក្នុងរដ្ឋធានីហារ៉ារ៉េ។ ជំងឺអាសន្នរោគបានរាលដាលកាលពីឆ្នាំ២០០៨ និងបានសម្លាប់មនុស្សចំនួន៥.០០០នាក់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលការណ៍នេះបានផ្តល់ការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ទឹកស្អាត និងការរក្សាអនាម័យឲ្យបានត្រឹមត្រូវ។
អ្នកស្រី Lizzy Maupaយកធុងត្រងទឹកដែលអ្នកស្រីងូតរួចសម្រាប់ទុកចាក់លាងបង្គន់។ អ្នកស្រីមានកូនពីរនាក់ មួយអាយុ៣ឆ្នាំ និងមួយទៀតទើបតែមានអាយុ៤អាទិត្យអ្នកស្រី Maupaបាននិយាយថា សេវាផ្គត់ផ្គង់ទឹកក្នុងទីក្រុងបានផ្អាកផ្គត់ផ្គង់ទឹកពេញមួយខែ។ ដូច្នេះអ្នកស្រីទៅដងទឹកពីទន្លេក្បែរនោះមកដាំឲ្យពុះទុកប្រើប្រាស់។ អ្នកស្រី Maupaមានការប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ទឹកបន្ទាប់ពីក្រសួងសុខាភិបាលស៊ីមបាវ៉េបានប្រកាសពីការផ្ទុះរាលដាលជំងឺអាសន្នរោគនៅតាមកន្លែងមួយចំនួនក្នុងទីក្រុងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ អ្នកស្រី MAUPA បាននិយាយថា៖ «ខ្ញុំបានឮព័ត៌មាននេះ។ ខ្ញុំបានឮព័ត៌មានផ្សាយកាលពីយប់មិញ។ ដូច្នេះហើយខ្ញុំព្យាយាមរក្សាអានាម័យសម្រាប់កូនតូចៗរបស់ខ្ញុំ។ យើងបានជួបការលំបាកពីបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់»។
លោក David Parirenyatwa រដ្ឋមន្រ្តីក្រសួងសុខាភិបាលស៊ីមបាវ៉េ ដែលជិតចេញពីតំណែងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែល៤០នាក់កំពុងទទួលការព្យាបាលជំងឺអាសន្នរោគ ហើយ អ្នកជំងឺ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសាររាគរូស និងក្អួតចង្អោរ ដែលជារោគសញ្ញាជំងឺអាសន្នរោគដោយសារប្រើប្រាស់ទឹកមិនស្អាត។ នៅអំឡុងពេលទស្សនកិច្ចនៅជំរំព្យាបាលជំងឺអាសន្នរោគបណ្តោះអាសន្នមួយក្នុងទីក្រុងហារ៉ារ៉េ លោករដ្ឋមន្រ្តីបានប្រាប់ឲ្យពលរដ្ឋលាងដៃនិងបរិភោគទឹកស្អាត។
លោករដ្ឋមន្រ្តី David Parirenyatwaបានថ្លែងថា៖ «ជាធម្មតាវាបង្កឡើងពីទឹកមិនស្អាត។ អ្នកជំងឺទាំងនេះបានប្រើប្រាស់ទឹកដែលយកពីអណ្តូងមួយឬពីរកន្លែង ដែលយើងសង្ស័យថា មានផ្ទុកបាក់តេរី ហើយក្រុមការងារបានយកសំណាកទៅត្រួតពនិត្យ។ ប្រសិនបើរកឃើញថាវា មានផ្ទុកបាក់តេរី នោះយើងនឹងបិទអណ្តូងនោះឈប់ឲ្យប្រើប្រាស់។ ស្ថានភាពនៅទីនេះកំពុងមានភាពប្រសើរឡើង។ ការទប់ស្កាត់គឺជាគន្លឹះយ៉ាងសំខាន់ បើមិនដូច្នោះទេយើងនឹងប្រឈមនឹងការផ្ទុះរាលដាលនៅទូទាំងប្រទេស»។
ជំងឺអាសន្នរោគបានផ្ទុះរាលដាលក្នុងប្រទេសស៊ីមបាវ៉េកាលពីឆ្នាំ២០០៨ និងបានសម្លាប់មនុស្សប្រហែល៥.០០០នាក់ក្នុងរយៈពេលជាងមួយឆ្នាំ។
ការរាលដាលត្រូវបានទប់ស្កាត់បន្ទាប់ពីក្រុមអង្គការអន្តរជាតិមួយចំនួន ដូចជាទីភ្នាក់ងារ USAIDបានផ្តល់ថ្នាំពេទ្យនិងថ្នាំសម្រាប់សម្អាតទឹក។
លោក Calvin Fambiraiជាប្រធានក្រុមវេជ្ជបណ្ឌិតនៃអង្គការសិទ្ធិមនុស្សបានព្រមានថាប្រទេសស៊ីមបាវ៉េត្រូវបង្កើនការយកចិត្តទុកដាក់ការធ្វើអនាម័យដើម្បីទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺនេះទៅថ្ងៃអនាគត។ លោកCalvin Fambiraiបានថ្លែងថា៖
«ស្ថានភាពដែលបណ្តាលឲ្យមានការរីករាលដាលជំងឺអាសន្នរោគ និងជំងឺគ្រុនពោះវៀនក្នុងប្រទេសស៊ីមបាវ៉េនៅមិនទាន់បានផ្លាស់ប្តូរទេ។ វាកាន់តែមានសភាពអាក្រក់ឡើងៗជារៀងរាល់ថ្ងៃ។ បញ្ហាទីមួយដែលយើងកំពុងប្រឈមគឺក្រុមអាជ្ញាធរមិនបានផ្តល់ធនធានចាំបាច់ដើម្បីបង្កើនសេវាកម្មនៅក្នុងប្រទេសដើម្បីធានាឲ្យបានថាជំងឺដែលកើតជាយូរមកហើយនេះនឹងមិនបន្តផ្ទុះឡើងទៀតនោះទេ»។
លោក Fambiraiបានគូសបញ្ជាក់ថា បញ្ហាកង្វះអនាម័យ ទឹកមិនស្អាត និងការចោលសម្រាមនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន នៅតែជាបញ្ហាមិនទាន់ដោះស្រាយបាននៅឡើយ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់តែងតែប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់ និងគ្មានសេវាប្រមូលសម្រាមរាប់សប្តាហ៍។
លោករដ្ឋមន្រ្តីសុខាភិបាល Parirenyatwaបានថ្លែងថាបញ្ហាអនាម័យនឹងមានភាពប្រសើរឡើង ប៉ុន្តែវាគ្រាន់តែជាពាក្យសន្យាដែលពលរដ្ឋជាច្រើនធ្លាប់បានឮពីមុនមកតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា