តុលាការកំពូលប្រទេសស៊ីមបាវ៉េ បានច្រានចោលការទាមទារឲ្យចាត់ទុកជាមោឃៈនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣០ ខែកក្កដា។ ចំណាត់ការនេះបើកផ្លូវឲ្យលោក Emmerson Mnangagwa ប្រធានាធិបតីដែលកំពុងកាន់តំណែងអាចធ្វើពិធីសម្ពោធឡើងកាន់តំណែងថ្មីយ៉ាងឆាប់រហ័ស។
យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសស៊ីមបាវ៉េ លោកប្រធានាធិបតី Emmerson Mnangagwa អាចសម្ពោធឡើងកាន់តំណែងក្នុងពេល៤៨ម៉ោង។
លោក Luke Malaba ប្រធានតុលាការបានចំណាយពេលជិតមួយម៉ោងពិនិត្យមើលសេចក្តីលម្អិតជាច្រើនអំពីអ្វីដែលលោកបាននិយាយថាជាការវិនិច្ឆ័យជាឯកច្ឆន្ទដែលច្រានចោលការអះអាងរបស់ក្រុមប្រឆាំងដែលថា មានការលួចបន្លំ ហើយលោកប្រកាសថា លោក Mnangagwa ជាអ្នកឈ្នះ។ លទ្ធផលផ្លូវការបានបង្ហាញថា លោក Emmerson Mnangagwa ប្រធានាធិបតីដែលកំពុងកាន់តំណែង បានឈ្នះការបោះឆ្នោតភាគច្រើនគឺបាន៥០,៨%។
បេក្ខជនគណបក្សប្រឆាំងលោក Nelson Chamisa ទទួលបានត្រឹមតែជាង៤៤% ប៉ុណ្ណោះ។ លោក Chamisa បានអះអាងថា លទ្ធផលនេះមិនត្រឹមត្រូវ ហើយអះអាងថា គាត់ជាអ្នកឈ្នះ។
ក្រុមអ្នកសង្កេតការណ៍អន្ដរជាតិបាននិយាយថា ការបោះឆ្នោតមានភាពមិនប្រក្រតី ហើយកាលពីថ្ងៃពុធ មេធាវីរបស់លោក Nelson Chamisa បានបង្ហាញពីអ្វីដែលពួកគេបាននិយាយថា ជាភ័ស្តុតាងច្បាស់លាស់ថា លទ្ធផលការបោះឆ្នោតនេះមានការក្លែងបន្លំ។
លោក Ibbo Mandaza អ្នកនិពន្ធនិងជាបញ្ញវន្តម្នាក់បាននិយាយថា លោកខកចិត្តនឹងព័ត៌មាននេះ ដោយនិយាយថា ការបោះឆ្នោតនេះមានការលួចបន្លំ ដូចដែលគណបក្សប្រឆាំងបានអះអាង៕