រូបថត​អំពី​ភព Pluto ​បានធ្វើ​ឲ្យ​​អ្នកវិទ្យា​សាស្ត្រ​នៅ​ទីភ្នាក់ងារ​អវកាសណាសាភ្ញាក់ផ្អើល

រូបថត​ដែល​បាន​ថត​​ជិត​ទៅនឹង​ខ្សែអេក្វាទ័រ​របស់​ភព​ Pluto ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​មានជួរ​ភ្នំ​ក្មេងៗ​ជា​ច្រើន។

កន្លែង​នៅជិត​ខ្សែ​អេក្វាទ័រ​របស់ភព​ Pluto ​បង្ហាញ​ឲ្យ​ឃើញ​ភ្នំក្មេងៗ​មួយ​ជួរ មាន​កម្ពស់​ដល់ទៅ​៣៥.០០ម៉ែត្រ។ ​រូបថត​ភ្នំ​ទាំង​នេះ​បាន​ពី​យានអវកាស​ New Horizons ដែល​ជា​យានអវកាស​គ្មាន​មនុស្ស​បើក​របស់ណាសា (NASA) ​ដែល​ហោះ​ក្រវែល​ជិតភព​នេះ​កាលពី​ថ្ងៃអង្គារ​ ក្រោយពី​ការ​បង្ហោះ​យាន​អវកាស​នេះ​ចម្ងាយ​បាន​៤,៨​ពាន់​លានគីឡូម៉ែត្រ​រយៈ​ពេល​ជិត​១០​ឆ្នាំ។

យានអវកាស​ New Horizons ​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ហោះ​លឿន​ជាង​យាន​អវកាស​ធ្លាប់មាន​កន្លង​មក ដោយ​មាន​ល្បឿន​ ៣០.៨០០​ម៉ៃល៍ (៤៩.៥៦៧គីឡូម៉ែត្រ) ក្នុងមួយ​ម៉ោង ហើយ​បាន​ថតភព​ Pluto ​នៅពេល​យានអវកាសនេះហោះ​ឆ្វែល​ជិត​ភព​នេះ។

រូបថត​ទាំងនេះ​នឹង​បង្ហាញ​លម្អិត​អំពី​ភព​ Pluto​ ដែល​យើងមិន​ធ្លាប់ឃើញ​ពីមុន​មក។​ រូបថត​ទាំងនេះ​ត្រូវ​ទីភ្នាក់ងារ​អវកាស​ណាសា (NASA) ​របស់​ស.រ.អា.​ទាញយក​ពីយាន​អវកាស​ New Horizons។ អ្នកវិទ្យា​សាស្ត្រនិយាយ​ថា ភ្នំនៅភព​ Pluto មាន​ទឹកកក ថ្មក្រហម​មានអាយុ​ជាង​១០០​លានឆ្នាំ​កន្លងមក​ហើយ ហើយ​ប្រហែល​កំពុងតែរីក​ធំឡើងៗ៕