មេដឹកនាំចិនលោក Xi Jinping និយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោក នឹងមិនស្វះស្វែងរកការគ្របសង្កត់លើតំបន់អាស៊ីអាគ្នេយ៍ ឬសម្លុតប្រទេសជិតខាងតូចៗរបស់ខ្លួន នៅពេលដែលជម្លោះបន្តកើតមានឡើងអំពីសមុទ្រចិនខាងត្បូងនោះទេ។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន AP។
លោក Xi បានធ្វើកំណត់សម្គាល់នេះ ក្នុងអំឡុងនៃសន្និសីទតាមអនឡាញជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដើម្បីប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងរវាងចិន និងអាស៊ាន។
អ្នកការទូត២នាក់ បាននិយាយថា មីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ាន មិនមានវត្តមាននៅឯជំនួបនៅថ្ងៃចន្ទនេះទេ បន្ទាប់ពីរដ្ឋាភិបាលដែលត្រូវលើកបន្តុបដោយពួកយោធា បានបដិសេធមិនឲ្យបេសកជនអាស៊ានជួបជាមួយមេដឹកនាំដែលគេបណ្តេញចេញពីតំណែង គឺលោកស្រី Aung San Suu Kyi ហើយនឹងអ្នកនយោបាយដែលត្រូវបានគេចាប់ខ្លួនផ្សេងទៀត។ មេដឹកនាំយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing ក៏ត្រូវបានគេរារាំងមិនឲ្យតំណាងប្រទេសរបស់លោកនៅឯសន្និសីទកំពូលអាស៊ានចុងក្រោយកន្លងមកនេះផងដែរ។
កន្លងមក ចិនបានស្វះស្វែងម្តងហើយម្តងទៀតដើម្បីជម្នះការព្រួយកង្វល់អំពីកើនឡើងនូវអំណាចនិងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ជាពិសេសការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងស្ទើរទាំងមូលដែលត្រួតស៊ីគ្នានឹងការទាមទាររបស់សមាជិកសមាគមអាស៊ានមួយចំនួនដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ព្រុយណេ និងហ្វីលីពីន។
ទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua នៃប្រទេសចិន បានដកស្រង់សម្តីលោក Xi មកចុះផ្សាយថា៖ «ចិន ជំទាស់ប្រឆាំងដាច់ខាតលទ្ធិអនុត្តរភាព និងនយោបាយដណ្តើមអំណាច។ ចិនប្រាថ្នារក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាងរបស់ខ្លួន និងថែរក្សាបីបាច់សន្តិភាពដ៏ស្ថិតស្ថេរយូរអង្វែងមួយនៅក្នុងតំបន់ ហើយនឹងមិនស្វះស្វែងរកអនុត្តរភាព ឬសូម្បីតែបន្តិចណាឡើយដើម្បីសម្លុតប្រទេសតូចនោះ»។
កំណត់សម្គាល់របស់លោក Xi បានកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាវាការពារដែនសមុទ្ររបស់ចិន បានរារាំង និងបាញ់ទឹកដាក់នាវាហ្វីលីពីនដែលបានដឹកគ្រឿងផ្គត់ផ្គង់ទៅឲ្យកងទ័ពនៅឯកោះដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយបានបង្ខំឲ្យនាវាទាំងនោះត្រឡប់ក្រោយវិញ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសង្កត់អំពីឧបទ្ទវហេតុនេះនៅក្នុងសុន្ទរកថារបស់លោកនៅឯសន្និសីទថ្ងៃចន្ទ ដោយប្រើឈ្មោះកោះតាមឈ្មោះហ្វីលីពីន។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកបានដកស្រង់សម្តីលោកថា៖ «យើងស្អប់ខ្ពើមចំពោះព្រឹត្តិការណ៍ថ្មីៗនេះដែលបានកើតឡើងនៅកោះ Ayungin Shoal និងមានការបារម្ភខ្លាំងអំពីព្រឹត្តិការណ៍ស្រដៀងគ្នានេះ។ ព្រឹត្តិការណ៍នេះ មិនឆ្លុះបញ្ចាំងល្អទេអំពីទំនាក់ទំនងរវាងប្រទេសជាតិយើង និងភាពជាដៃគូរបស់យើង»៕