ក្រុមហ៊ុនម៉ាកល្បីៗចំនួន ១៨ បានអំពាវនាវរួមគ្នាឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើសវនកម្មលើប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central)។
ក្រុមហ៊ុនទាំងនោះ មានដូចជា Adidas, Levi's, Puma, ASICS Corporation និង Gap Inc. ហើយនិង VF Corporation ដែលជាអ្នកបញ្ជាទិញទំនិញកាត់ដេរដូចជាសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលផលិតនៅប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលវីអូអេបានទទួលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនម៉ាកល្បីៗទាំងនោះបានបង្ហាញក្តីបារម្ភចំពោះការកំណត់ពេលវេលានៃការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃទៅលើអង្គការសង់ត្រាល់ បន្ទាប់ពីការចេញរបាយការណ៍ស្តីពី «ឧបសគ្គរារាំងក្នុងការទទួលបានភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា ការវាយតម្លៃពិនិត្យតាមដានអនុលោមភាពស្ដីពីសេរីភាពសហជីព និងសមាគម (FOA) របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC)»។ គម្រោង BFC ជាផ្នែកមួយនៃកម្មវិធីការងារកាន់តែល្អជាងមុនរបស់អង្គការអន្តរជាតិខាងការងារ ដែលមានប្រតិបត្តិការនៅតាមបណ្តាប្រទេសចំនួន ១៣ ក្នុងនោះមានកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ក្នុងនាមជាក្រុមហ៊ុនម៉ាកលំដាប់ពិភពលោកដែលមានប្រភពទំនិញដែលផលិតចេញពីប្រទេសកម្ពុជា យើងសូមស្នើដោយក្តីគោរពនិងទទូចដល់រដ្ឋាភិបាលកម្ពុជា នៅក្នុងន័យ និងបំណងច្បាស់លាស់មួយគឺឱ្យលុបចោលជាបន្ទាន់នូវការធ្វើសវនកម្មលើអង្គការសង់ត្រាល់ ហើយបញ្ចៀសការចាត់វិធានការណាមួយដែលអាចត្រូវបានគេយល់ថា ជាការរឹតត្បិតលម្ហសង្គមស៊ីវិល ឬសេរីភាពនៃការបញ្ចេញមតិ»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា៖ «ដើម្បីសម្រេចបានរឿងនេះ យើងក៏សុំយ៉ាងទទូចផងដែរឱ្យទម្លាក់ចោលបណ្តឹងព្រហ្មទណ្ឌលើលោក ឃុន ថារ៉ូ ប្រធានកម្មវិធីអង្គការសង់ត្រាល់។ សង្គមមួយដែលមានភាពរស់រវើកត្រូវបានធានាមួយផ្នែកគឺសេរីភាពបញ្ចេញមតិ ដែលជាគន្លឹះមួយដែលធ្វើឱ្យកម្ពុជាជាដៃគូផលិតសំខាន់មួយសម្រាប់ឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើង»។
កាលពីខែមិថុនា អង្គការសង់ត្រាល់បានចេញរបាយការណ៍មួយស្តីពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន ១៤។ បើតាមរបាយការណ៍នោះ ក្នុងចំណោមសហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
របាយការណ៍របស់អង្គការសង់ត្រាល់បង្កឱ្យមានការរិះគន់ពីសហជីពមួយចំនួនដែលក្រុមអង្គការការពារសិទ្ធិមនុស្សខ្លះអះអាងថា មាននិន្នាការស្របតាមរដ្ឋាភិបាល ហើយសហជីពទាំងនោះបានចោទប្រកាន់ថា របាយការណ៍នោះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងក្នុងឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា រហូតមានការប្តឹងផ្តល់ពីសហជីពគាំទ្ររដ្ឋាភិបាលប្រឆាំងនឹងរបាយការណ៍របស់អង្គការសង់ត្រាល់។
បុគ្គលិកមួយរូបនៃអង្គការសង់ត្រាល់គឺលោក ឃុន ថារ៉ូ ក៏រងពាក្យបណ្តឹងពីអ្នកជំទាស់នឹងរបាយការណ៍ដែលចេញផ្សាយដោយអង្គការនេះ កាលពីខែមិថុនា ឆ្នាំ២០២៤។
ប្រធានកម្មវិធីការងារអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេថា ក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិចំនួន ១៨ នោះ ជាទីផ្សារមួយផ្នែកធំសម្រាប់ទំនិញរបស់កម្ពុជាដែលជាអ្នកនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិកមានទឹកប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា អ្វីដែលជាការចង់បានរបស់ក្រុមហ៊ុនទាំងនោះ គឺការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ជាពិសេសសេរីភាពជាមូលដ្ឋានដូចជាការបញ្ចេញមតិដោយគ្មានការគំរាមកំហែងជាដើម។
លោកថ្លែងថា៖ «អ៊ីចឹង ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល អាជ្ញាធររដ្ឋ ក្រសួងពាក់ព័ន្ធនឹងធ្វើការពិចារណាទៅលើសំណើ ក៏ដូចជាការអំពាវនាវរួមទាំងមតិយោបល់របស់ក្រុមហ៊ុនអ្នកបញ្ជាទិញនេះ ដើម្បីធានាថា [កត្តា]ប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិហ្នឹងក៏ដូចជាតួនាទីរបស់សង្គមស៊ីវិលហ្នឹងដើរតួនាទីសំខាន់ណាស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ តាមសំណួរផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមតែគ្មានការឆ្លើយតប។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនម៉ាកល្បីៗពាក់ព័ន្ធនឹងអង្គការសង់ត្រាល់កើតឡើង ក្រោយការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗមួយចំនួន ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកល្បីៗក្នុងសកលលោក និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរដែលផ្តល់តម្លៃលើការគោរពសិទ្ធិការងារ ចេញមុខការពារសុច្ចរិតភាពនៃប្រតិបត្តិការរបស់អង្គការសង់ត្រាល់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានប្រតិកម្មទៅនឹងសហជីពមួយចំនួន ដែលជំទាស់នឹងការរកឃើញរបស់អង្គការសង់ត្រាល់អំពីការរឹតត្បិតលើសេរីភាពនៃចងក្រងសហជីព។ អង្គការឃ្លាំមើលសិទ្ធិមនុស្សថា សហជីពទាំងនោះកំពុងយាយី និងគំរាមកំហែងតាមផ្លូវច្បាប់ប្រឆាំងនឹងអង្គការសង់ត្រាល់ និងថ្នាក់ដឹកនាំរបស់អង្គការនេះ។
ប៉ុន្តែតំណាងសហជីពមួយចំនួនដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សជឿថាមានទំនោរគាំទ្ររដ្ឋាភិបាលបានចោទប្រកាន់ថា របាយការណ៍នោះមិនឆ្លុះបញ្ចាំងពីតថភាព ឬស្ថានភាពពិតនៅក្នុងវិស័យកាត់ដេរ និងបង្កហានិភ័យដល់អ្នកវិនិយោគនៅកម្ពុជា។
ក្រោយមានការចោទប្រកាន់បែបនេះ សម្ព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាលដ៏ធំបំផុតដែលគេស្គាល់ថា Clean Clothes Campaign បានប្រកាសថ្កោលទោសយុទ្ធនាការនោះថា ជាយុទ្ធនាការបង្ខូចកេរ្តិ៍ អង្គការការពារសិទ្ធិការងារឯករាជ្យនៅកម្ពុជា ដែលសំដៅដល់អង្គការសង់ត្រាល់។
អង្គការសង់ត្រាល់ រួមនឹងសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ និងសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថាកាទូ ដែលចូលរួមធ្វើរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមិថុនាធ្លាប់បានការពាររបាយការណ៍របស់ខ្លួនថា របាយការណ៍នោះមិនមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាឡើយ តែជាការបង្ហាញនូវការរកឃើញការគំរាមកំហែង និងការរឹតត្បិតមួយចំនួនលើការចងក្រងសហជីពនៅតាមរោងចក្រចំនួន ១៤ ដែលស្ថិតក្នុងការស្រាវជ្រាវ និងមិនអាចត្រូវបានប្រើប្រាស់ជាតំណាងទាំងមូលឱ្យវិស័យកាត់ដេរនៅកម្ពុជាបានទេ៕