មេដឹកនាំ​ពិភពលោក​នាំគ្នា​ផ្ញើសារ​សរសើរ​ព្រះអង្គម្ចាស់ Philip ដែល​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ព្រះជន្ម៩៩​វស្សា

រូបឯកសារ៖ ព្រះអង្គម្ចាស់ Philip និង​ព្រះមហាក្សត្រី Elizabeth II យាងចូលរួម​ក្នុង​ពិធី​រាជវង្សានុវង្ស​មួយ​ កាល​ពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៦២។

ពួក​មេដឹកនាំពិភពលោកនិង​សាធារណជន​បានសម្តែង​ការ​កោត​សរសើរ​ដល់​ព្រះ​អង្គម្ចាស់ Philip​ ស្វាមីព្រះមហា​ក្សត្រីយានី​ Elizabeth​ នៃចក្រភព​អង់គ្លេស​ដែល​ចូល​ទិវង្គត​កាលពីថ្ងៃ​សុក្រទី៩ខែមេសា​ក្នុង​ព្រះជន្ម​៩៩វស្សា​។

នៅ​លើ​ក្លោងទ្វារវាំង Buckingham មាន​សារមួយកាល​ពីព្រឹក​ថ្ងៃ​សុក្រ​ថា«ជា​មួយទុក្ខព្រួយ​យ៉ាង​ក្រៀម​ក្រំ ព្រះមហា​ក្សត្រីយានីបានប្រកាសអំពី​ការសុគតនៃ​ព្រះស្វាមី​ជា​ទីស្រឡាញ់​គឺ​ព្រះអង្គម្ចាស់ Philip Duke of Edinburg»។

ក្នុងពេលប៉ុន្មានម៉ោងបន្ទាប់​មក​បាច់ផ្កា​បានចាប់ផ្តើមដាក់គ​លើ​គ្នានៅ​ខាងក្រៅ​វាំង Buckingham ដែលជា​លំនៅ​ដ្ឋានព្រះរាជ​វង្ស​នៅ​កណ្តាល​ទីក្រុងឡុងដ៍ និង​នៅ​ឯប្រាសាទ Windsor នៅ​ខាង​លិច​រាជធានីដែល​នៅ​ទី​នោះព្រះអង្គម្ចាស់ Philip​បានចូល​ទិវង្គត​កាល​ពី​ថ្ងៃ​សុក្រ។

អ្នកស្រី Lisa Welsh ដែល​ជា​អ្នកក្រុងឡុងដ៏ អាយុ៣១ឆ្នាំឋិត​ក្នុង​ចំណោម​ក្រុម​មនុស្សដែល​បានទៅ​វាំង Buckingham កាល​ពី​ថ្ងៃសុក្រ។ អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា​នេះ​ជា​ការ​បាត់បង់ធំមួយ មិន​មែន​តែ​ដោយសារ​ទ្រង់​ជា​សមាជិក​ម្នាក់​នៃ​ព្រះរាជវង្សប៉ុណ្ណោះទេ​ តែ​ដោយសារ​ទ្រង់​ជា​ព្រះ​ស្វាមីម្នាក់​និង​ជា​ព្រះបិតា​មួយ​អង្គផង​ដែរ។ ព្រះអង្គម្ចាស់​បាន​ជួយ​ព្រះមហា​ក្សត្រីយានី​ក្នុង​រយៈពេល​ដែល​ព្រះនាង​សោយរាជ្យ​សម្បត្តិ​ហើយ​ខ្ញុំ​យល់​ថា​ជាតិ​ទាំង​មូលនឹង​សោកសៅ»។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បានថ្លែង​សុន្ទរកថាទៅ​កាន់ប្រទេស​ជាតិ​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​លើ​វិថី Downing ​ថា៖

«ព្រះអង្គម្ចាស់ Philip មាន​សេចក្តី​ស្រឡាញ់ពីមនុស្សច្រើនជំនាន់​នៅ​ទី​នេះ​ក្នុងទូទាំង​ចក្រភព​អង់គ្លេស​ នៅបណ្តា​ក្រុម​ប្រទេស​សហធន​និង​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។ ព្រះអង្គម្ចាស់​ជាគូ​ជីវិត​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​មនុស្ស​ម្នាក់ក្នុង​ចំណោមមនុស្សនៅ​រស់​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​នេះដែល​បានបម្រើការ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ»។

លោក Johnson បានថ្លែង​ទៀតថា៖ «នៅ​ពេល​នេះ​ការ​សញ្ជប់សញ្ជឹង​របស់​ប្រទេស​ជាតិយើងត្រូវបង្វែរ​ទៅព្រះមហា​ក្សត្រីយានី​និង​ព្រះរាជវង្សានុវង្សពីព្រោះ​ពួក​គេមិនមែន​បាត់បង់​តែឥស្សរជនសាធារណៈម្នាក់​មាន​ការ​គោរពខ្ពង់ខ្ពស់​និងជា​ទី​ស្រឡាញ់​ច្រើនប៉ុណ្ណោះ​ទេ តែ​ក៏​បានបាត់បង់ដែរ​នូវព្រះស្វាមី​មានចិត្ត​ភក្តី ព្រះបិតានិង​ព្រះ​អយ្យកោ​ប្រក​បដោយ​មោទនភាពនិង​ជា​ទី​ស្រឡាញ់​ហើយ​កាល​ពី​ពេល​ថ្មីៗនេះ​ក៏​ជា​ការ​បាត់បង់​ព្រះ​អយ្យកោ​ទួត​ផងដែរ»។

កញ្ចក់​ដ៏​ធំ​មួយ​ដាក់​បញ្ចាំង​រូប​របស់​ព្រះអង្គម្ចាស់ Philip នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ក្រោយ​ពី​មាន​សេចក្ដីប្រកាស​ថា​ព្រះអង្គ​បាន​ចូល​ទិវង្គត។

ប្រតិកម្ម​ដំបូង​មក​ពីព្រះ​រាជ​វង្សានុវង្ស​មានពី​ព្រះអង្គម្ចាស់ Harry ​ដែល​ជា​ព្រះនត្តាក្សត្រា​គឺ​ចៅ​ប្រុសរបស់ព្រះអង្គម្ចាស់ Philip និង​ព្រះជាយា​គឺ​អ្នកម្នាង Meghan ដែល​បានលះបង់កាតព្វកិច្ច​រាជវង្ស​កាល​ពី​ឆ្នាំ​ទៅ​មិញ​ហើយ​ទៅ​រស់​នៅ​ក្នុង​រដ្ឋCalifornia។​ សារ​ខ្លី​មួយនៅ​លើ​គេហទំព័រ​របស់​អ្នក​ទាំងពីរ​គឺ​ archewell.com ​ចែងថា«សូម​អរគុណ​ព្រះអង្គ​ដល់ព្រះសេវា...ព្រះ​អង្គនឹង​មាន​ការនឹករលឹក​ខ្លាំង»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិកJoe Biden និងភរិយា​លោក​គឺ​លោកស្រី Jill Biden ​បាន​សម្តែងមរណទុក្ខក្នុង​នាម​នៃ​ប្រជា​ពលរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​នេះបាននិយាយ​ថា៖ «ក្នុងជីវិត៩៩ឆ្នាំរបស់​ទ្រង់ ព្រះអង្គម្ចាស់ Philip បាន​ទត​ឃើញ​ពិភពលោក​យើងមានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង និង​យ៉ាង​ញឹកញាប់។ ចាប់​តាំង​ពី​ព្រះសេវា​របស់​ទ្រង់ក្នុងសង្គ្រាម​លោកលើក​ទី​ពីរ ដល់​រយៈពេល​៧៣ឆ្នាំ​របស់​ទ្រង់នៅជា​មួយ​ព្រះមហា​ក្សត្រីយានី​និង​ក្នុង​ព្រះជីវិត​ទាំង​ស្រុង​របស់​ទ្រង់ក្នុង​ក្រសែ​ភ្នែកសាធារណជន-ព្រះអង្គម្ចាស់បាន​បំរើប្រជារាស្ត្រ​នៃ​ចក្រភពអង់គ្លេស​ បណ្តា​ប្រទេសសហធននិងព្រះរាជ​វង្សានុវង្ស​របស់ទ្រង់។ ផលប៉ះពាល់នៃរយៈពេលច្រើន​ទសវត្សរ៍​នៃ​សេវាសាធារណៈរបស់ទ្រង់​ត្រូវ​បាន​ឃើញ​យ៉ាង​ជាក់​ច្បាស់​នៅ​ក្នុងបុព្វហេតុ​សំខាន់ៗ​ដែលទ្រង់​បាន​លើក​ដំកើងក្នុង​ឋានៈ​ទ្រង់ជា​អ្នក​ឧបត្ថម្ភផ្ចុង​ផ្តើមក្នុង​ការខិតខំ​ប្រឹងប្រែង​ការពារ​បរិដ្ឋានដែល​ទ្រង់​ជា​អ្នក​នាំ​មុខ​ នៅ​ក្នុងក្រុម​សមាជិក​នៃ​កងកម្លាំងប្រដាប់​អាវុធ​ដែល​ទ្រង់គាំទ្រ នៅ​ក្នុង​ចំណោម​ក្រុមមនុស្ស​វ័យ​ក្មេងដែល​ទ្រង់បាន​បំផុសគំនិត​និង​ក្នុង​កិច្ចការ​ជាច្រើនទៀត។ កេរដំណែល​របស់​ទ្រង់នឹង​មាន​ត​ទៅ​ទៀតមិន​មែនតែ​តាមរយៈព្រះរាជវង្សានុវង្ស​របស់​ទ្រង់ប៉ុណ្ណោះ​ទេ តែ​នៅ​ក្នុងការ​ខំប្រឹង​ខ្នះខ្នែង​សប្បុរសធ៌មទាំង​អស់ដែល​ទ្រង់​បានរៀបចំ»។

លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama និងភរិយា​លោក​គឺ​លោកស្រី​ Michelle បានជួបព្រះមហា​ក្សត្រីយានីនិងព្រះអង្គម្ចាស់ Philip ​កាល​ពី​ឆ្នាំ២០០៩។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​សុក្រ​ទី​៩​មេសា​ លោក​និង​លោកស្រី​ Obama បានមានប្រសាសន៍​ថា«ព្រះអង្គម្ចាស់ Philip មានព្រះទ័យ​ល្អ​និង​កក់ក្តៅ​ ដោយ​ទ្រង់​មានការវាង​វៃ និងរួសរាយ...យើង​នឹង​នឹក​រឭក​ទ្រង់ខ្លាំង»។

នៅ​ក្នុង​ក្រុង Ottawa ប្រទេស​កាណាដាដែល​ជា​សមាជិក​មួយ​នៃ​ក្រុម​ប្រទេស​សហធនមានការ​បន្លឺជួងនៅ​ឯ​សភា​ចំនួន​៩៩ដង​គឺ​សម្រាប់​ឆ្នាំ​នីមួយៗ​នៃព្រះ​ជីវិត​ព្រះអង្គម្ចាស់ Philip។ នៅ​ក្នុង​សារ​មួយ​ថ្លែង​តាម​ទូរទស្សន៍​ លោកនាយករដ្ឋមន្ត្រី Justin Trudeau នៃ​ប្រទេស​កាណាដា​បាន​មាន​ប្រសាសន៍​ថា​ព្រះអង្គម្ចាស់ Philip ជា«បុរស​បំពេញ​សេវា​ម្នាក់​ មាន​ការ​ជំរុញទឹកចិត្តដោយ​ការ​បំពេញ​កាតព្វកិច្ច​សម្រាប់​អ្នក​ឯ​ទៀត។ គេ​នឹងនឹក​ឃើញ​ព្រះអង្គម្ចាស់ Philip ថា​ជាអ្នក​ជើង​ឯកម្នាក់​សម្រាប់ក្រុម​មនុស្ស​វ័យក្មេង ជានាយ​ទាហានជើង​ទឹក​ម្នាក់​បានទទួល​គ្រឿងឥស្សរិយយស ជា​សុប្បរសជន​ម្នាក់​និង​ជាជន​ម្នាក់​នៅ​ជាប់​ជានិច្ច​ក្នុង​ព្រះជីវិត​នៃព្រះមហា​ក្សត្រិយានី​ Elizabeth ទី​ពីរ»។

លោក​នាយករដ្ឋមន្ត្រី Scott Morrison នៃ​ប្រទេស​អូស្ត្រាលី​បានសរសេរ​តាម​ twitter ថា«ក្នុង​ពេល​ជិត​៨០ឆ្នាំ ព្រះអង្គម្ចាស់ Philip បានបម្រើព្រះម្កុដ​រាជ្យ​ ប្រទេស​របស់​ទ្រង់និង​ក្រុម​ប្រទេស​សហធន។ ព្រះអង្គម្ចាស់ជា​កម្លាំងរបស់​ព្រះ​មហាក្សត្រីយានី នេះបើ​តាម​ព្រះរាជ​បន្ទូលផ្ទាល់របស់ទ្រង់​។ ព្រះអង្គម្ចាស់​តំណាង​ជំនាន់មនុស្ស​មួយដែល​យើងនឹងលែង​ឃើញ​ទៀតទេ»។

មនុស្ស​ម្នា​នាំ​គ្នា​ឈរ​មើល​ផ្កា​ដែល​ត្រូវ​បាន​គេ​ដាក់​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គម្ចាស់ Philip នៅ​ខាង​ក្រៅ​ព្រះរាជដំណាក់ Windsor នៅ​ប្រទេស​អង់គ្លេស ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា​ Narendra Modi បានសរសេរ​សារ Twitter មួយ​ថា​«ព្រះអង្គម្ចាស់ Philip មាន​អាជីពល្អ​ប្រសើរ​ក្នុង​កងយោធា​ហើយ​ទ្រង់​ជា​អ្នក​នាំមុខនៅក្នុង​ការ​ផ្តើម​គំនិតនៃសេវា​សហគមន៍​ជា​ច្រើន។ សូម​ឱ្យ​ព្រលឹង​របស់​ទ្រង់ឋិត​ក្នុង​ភាព​សុខ​សាន្ត»។

ប្រធានាធិបតីទួរគី Tayyip Erdogan បានសរសេរ​សារ Twitter មួយ​ថា«ខ្ញុំ​សូមសម្តែង​មរណទុក្ខខ្លាំង​បំផុត​របស់​ខ្ញុំក្នុង​នាមនៃប្រទេស​ខ្ញុំ​និង​ប្រជារាស្ត្រនៃប្រទេស​តួកគី»។

ប្រធានាធិបតី​នៃប្រទេស Zimbabwe គឺ​លោក Emmerson Mnangagwa ក៏​បានសម្តែង​មរណទុក្ខខ្លាំង​បំផុត​ដែរ​ ខណៈដែល​ការកោត​សរសើរនៅ​តែមានតទៅទៀត​ពី​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត។

ព្រះអង្គម្ចាស់ Philip បាន​លះបង់​អាជីពត្រចះ​ត្រចង់ក្នុង​កងទ័ព​ជើង​ទឹកនៅពេលទ្រង់​បានរៀប​ព្រះអាពាហ៍ពិពាហ៍ជា​មួយ​ម្ចាស់ក្សត្រី Elizabeth ក្នុង​ឆ្នាំ១៩៤៧។ ព្រះអង្គម្ចាស់​ក្សត្រី ​បានក្លាយ​ជា​ព្រះមហា​ក្សត្រីយានី​នៅ​ពេលព្រះបិតា​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រី​គឺ​ព្រះមហាក្សត្រ George ទី​៦​សុគត​កាលពីឆ្នាំ១៩៥២។

ព្រះអង្គម្ចាស់ Philip ជា​មនុស្ស​ដែល​មានបន្ទូល​ភ្លាមៗ​មិន​បាន​គិតទុក​ជា​មុន​ដែល​ជួន​កាលបាន​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ដទៃ ហើយដែលជា​ញឹកញយ​ពួក​បណ្ណាធិការ​កាសែត​បានស្រង់យក​មក​ផ្សាយ​ដោយ​ជួនកាលដាក់​ចំណង​ជើង​ដែលនាំឲ្យមាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង។ អ្នកស្រី Penny Junor អ្នក​និពន្ធ​ព្រះរាជ​ជីវប្រវត្តិរាជវង្ស​បាននិយាយ​ថា​ជាញឹក​ញយមានការ​យល់ច្រឡំ​អំពី​ព្រះអង្គម្ចាស់ Philip។

អ្នកស្រី​បានថ្លែង​ថា«ខ្ញុំ​យល់​ថានឹង​មានការ​នឹករឮកច្រើន​ណាស់ដល់ព្រះអង្គម្ចាស់​ពីព្រោះទ្រង់​ជា​មនុស្ស​ម្នាក់​មានការ​យក​ចិត្ត​ទុកដាក់ខ្លាំង។ ហើយ​ជំណងជើងអត្ថបទ​សារព័ត៌មាន​ទាំង​នេះបានបន្ថែម​ឱ្យ​មានការ​ចាប់អារម្មណ៏​ថែមទៀត»។

ជា​សាធារណៈ គេមិន​សូវ​ឃើញ​ព្រះអង្គម្ចាស់ Philip ឋិត​នៅ​ឆ្ងាយ​ពីព្រះមហាក្សត្រីយានីទេ។ ទោះ​ជា​ព្រះអង្គ​ម្ចាស់​មាន​មុខនាទីគាំទ្រ​ព្រះមហាក្សត្រីយានីក៏ដោយ ក៏​អ្នកដែល​ធ្លាប់​បានជួប​ព្រះអង្គ មាន​ការ​កោតសរសើរ​ទ្រង់​យ៉ាង​ខ្លាំង។​

ព្រះអង្គម្ចាស់ Philip បានគង់ប្រថាប់​មួយ​ខែនៅក្នុងមន្ទីរ​ពេទ្យកាល​ពី​ដើម​ឆ្នាំ​នេះដើម្បីទទួល​ការ​វះកាត់​បេះដូង។ ទ្រង់​បាន​យាង​ត្រឡប់​មកប្រាសាទ​ Windsor វិញកាល​ពី​ដើម​ខែ​មីនា។ ទ្រង់​បានសុគត​ពីរ​ខែ​មុនខួបថ្ងៃ​ប្រសូត១០០ឆ្នាំ​របស់ទ្រង់៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ