ការបន្តធ្លាក់ចុះនៃវិស័យទេសចរណ៍ និងវិស័យកសិកម្មបាននាំឲ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាថយចុះក្រោម៧ភាគរយ។ នេះបើតាមការវិភាគរបស់ក្រុមអ្នកសេដ្ឋកិច្ចនៃធនាគារពិភពលោក។ សេដ្ឋវិទូនៃធនាគាពិភពលោកបានឲ្យដឹងដែរថា ការនាំចេញសម្លៀកបំពាក់បានថយចុះផងដែរ នៅក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០១៥នេះ។
កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាគឺត្រូវបានព្យាករណ៍ទុកថា នឹងថយចុះបន្តិចមកនៅត្រឹម៦,៩%គឺចុះពី៧,១%ក្នុងឆ្នាំ២០១៤ ដោយសារតែការបន្តធ្លាក់ចុះលើវិស័យទេសចរណ៍ និងវិស័យកសិកម្មដែលផ្អែកទៅលើតម្រូវការពីខាងក្រៅ និងតម្លៃផលិតផលអន្តរជាតិ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន និងបទវិភាគសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃច័ន្ទនេះ។
សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែនាំមុខដោយវិស័យសំណង់ ការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍។ វិស័យសំណង់បានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់បំផុតនៃកំណើនសេដ្ឋកិច្ច ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរឡើងវិញ និងមានកំណើននៃតម្រូវការប្រើប្រាស់ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានសញ្ញាណមួយចំនួននៃការបន្តធ្លាក់ចុះ ជាពិសេស វិស័យទេសចរណ៍ និងវិស័យកសិកម្ម ហើយនឹងការនាំចេញសម្លៀកបំពាក់ ខណៈដែលការសាងសង់ និងតម្រូវការក្នុងស្រុកនៅតែមានភាពខ្លាំងនៅឡើយ។
លោកសូដេត លី សេដ្ឋវិទូនៃធនាគារពិភពលោក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖
«កំណើននៃការនាំចេញសម្លៀកបំពាក់បានថយចុះក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំនេះ។ ដូច្នេះ ការកែខៃអត្ថប្រយោជន៍ប្រកួតប្រជែងរបស់កម្ពុជាគឺជាអាទិភាពមួយ»។
ដោយឡែក បទបង្ហាញរបស់ក្រុមសេដ្ឋវិទូនៃធនាគារពិភពលោកបានឲ្យដឹងដែរថា កសិកម្មនៃប្រទេសកម្ពុជានៅតែពឹងផ្អែកជាចម្បងលើភ្លៀងធ្លាក់ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកសាងប្រព័ន្ធធារាសាស្រ្តក៏ដោយ។ នៅក្នុងឆ្នាំ២០១៥នេះ ការច្រូតកាត់ប្រមូលផលកសិកម្មបានអូសបន្លាយពេល ដោយសារទឹកភ្លៀងធ្លាក់យ៉ាងយឺត។
បើធៀបនឹងការដាំដុះក្នុងខែកក្កដាឆ្នាំនេះទៅនឹងការដាំដុះក្នុងពេលដូចគ្នានៅឆ្នាំ២០១៤ បានឲ្យដឹងថា ការដាំស្រូវនៅក្នុងរដូវវស្សាបានថយចុះពី១លាន៨សែនហិកតាមកត្រឹម១លាន៧សែនហិកតា បើគិតជាភាគរយគឺបានថយចុះ៥,៧% រីឯស្រូវដែលត្រូវបានច្រូតកាត់រួចបានថយចុះពី២៨៤.៣៩០តោនមកត្រឹម១៩១.២៦៣តោន បើគិតជាភាគរយគឺបានថយចុះ៣២,៧%។ ក្រុមអ្នកសេដ្ឋវិទូបានបញ្ជាក់ថា មានសញ្ញាណច្រើននៃការងើបឡើងវិញនៃតម្រូវការក្នុងស្រុក ដោយសារតែមានស្ថិរភាពនយោបាយឡើងវិញ និងតម្លៃប្រេងដែលបានធ្លាក់ចុះ។ ការណ៍នេះបានធ្វើឲ្យមានសុទិដ្ឋិនិយមក្នុងការធ្វើជំនួញ និងបង្កើនការជឿទុកចិត្តរបស់អតិថិជន។ ពួកគេឲ្យដឹងថា ការបើកសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងទាក់ទាញបាននូវសកម្មភាពជំនួញ និងការវិនិយោគ រីឯកំណើននៃការសាងសង់ក៏នឹងបន្តទៅមុខទៀត។
លោកកេន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបដិសេធមិនធ្វើការអធិប្បាយលើការធ្លាក់ចុះនៃការនាំចេញសម្លៀកបំពាក់ទេ ដោយលោកនិយាយថា លោកមិនមានឯកសារស្ថិតិសម្រាប់ពន្យល់។
ក៏ប៉ុន្តែ លោកចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ថ្លែងថា វិស័យកសិកម្មនៃប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅតំបន់មួយចំនួននៅក្នុងប្រទេស ដែលបង្កមកពីកត្តាអាកាសធាតុ។ រីឯការធ្លាក់ចុះនៃការនាំចេញសម្លៀកបំពាក់វិញ លោកពន្យល់ថា៖
«ឯការកាត់ដេរសម្លៀកបំពាក់យើងមានការកម្មង់ទិញតិចជាងមុន បើតាមរបាយការណ៍ពីខាងសហគមន៍រោងចក្រកាត់ដេរហៅកាត់ថា GMAC នោះ។ យើងសួរថា ហេតុអីមានការកុម្មង់ទិញតិចជាងមុន ហើយយើងទាល់តែមានការអង្កេតស្រាវជ្រាវសួរអ្នកទិញ។ ប៉ុន្តែបើតាមរបាយការណ៍នៅក្នុងស្រុកយើង គេថា គេហាក់ដូចជាមិនសូវទុកចិត្តអំពីការនាំទំនិញពីកម្ពុជាយើងទៅដល់គេទាន់ពេលវេលា ព្រោះតែយើងនៅមានកូដកម្មតាមរោងចក្រមួយចំនួនដែលអាក់ខានការនាំទំនិញទៅគេ។ អញ្ចឹងការទុកចិត្តទាំងស្រុងមកដល់ប្រទេសកម្ពុជាយើងគឺថា បានថយចុះខ្លះ ហើយម៉្យាងទៀតរោងចក្រមួយចំនួនមានការត្អូញត្អែរពីការចំណាយលើប្រាក់ខែកម្មករច្រើនជាងមុន»។
អ្នកសេដ្ឋកិច្ចរូបនេះសម្តែងក្តីបារម្ភអំពីការបញ្ចេញប្រាក់កម្ចីច្រើនទៅលើសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ដូចជាវិស័យអចលនទ្រព្យនៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដែលការណ៍នេះតម្រូវឲ្យធនាគារជាតិនៃកម្ពុជាធ្វើការសិក្សានិងរកវិធីបង្កាវិបត្តិឥណទាន និងវិបត្តិហិរញ្ញវត្ថុ ដែលអាចកើតមាននៅពេលខាងមុខតាមរយៈការបញ្ចេញប្រាក់កម្ចីច្រើនជ្រុលនេះ។ លោកបានមើលឃើញផងដែរថា ហានិភ័យអាចកើតមានម្តងទៀតនៅក្នុងវិស័យសំណង់ ដោយសារការសង់ច្រើនហួសពីតម្រូវការ។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានថ្លែងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍កម្ពុជាយ៉ាងដូច្នេះថា៖
«បាទ! កំណើនទាបនេះបើយើងមើល វាមានបញ្ហាក្នុងតំបន់។ កត្តាតំបន់ ដូចជាមានការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃនៅអីហ្នឹង។ បំផ្ទុះហ្នឹងវាប៉ះយើងតិចតួចដែរ អញ្ចឹងទៅណា។ ទីពីរគឺនៅដើមឆ្នាំ យើងមានបញ្ហាជំងឺឆ្លង។ ហើយនៅទីបី យើងក៏អាចនិយាយបានថា វាមានតិចតួចបញ្ហាសង្គ្រាមអីនៅក្នុងមជ្ឈឹមបូព៌ាអីអញ្ចឹង ឬក៏វិបត្តិនៅអឺរ៉ុប វិបត្តិជនភៀសខ្លួនអីហ្នឹង។ អាហ្នឹងសុទ្ធតែជាកត្តាដែលជះឥទ្ធិពលតិចតួចមកលើវិស័យទេសចរណ៍ទាំងមូលដែរ»។
យ៉ាងណាក៏ដោយ លោកថា កំណើនពីវិស័យទេសចរណ៍នៅបន្តកើតមាន បើទោះជាវាតិចជាងកំណើនកាលពីឆ្នាំ២០១៤ក្តី។ លោកបញ្ជាក់ថា ក្នុងរយៈពេល៨ខែនៃឆ្នាំ២០១៥ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាងបីលាននាក់ដោយមានអត្រា៥% ហើយថា ភ្ញៀវវៀតណាមមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ គឺប្រមាណ៦៣ម៉ឺននាក់ក្នុងអត្រាកំណើន១១,៥% និងទីពីរគឺភ្ញៀវចិនមានចំនួនជាង៤៦ម៉ឺននាក់ក្នុងអត្រាកំណើន២៦,៥ភាគរយ។ លោកបន្តថា ចំណូលមកពីវិស័យទេសចរណ៍សម្រាប់ប្រទេសកម្ពុជាអាចមានដល់ជាង៣០០០លានដុល្លារនៅឆ្នាំ២០១៥ ដែលកំណើននេះនឹងកើនពីជាង២៧០០លានដុល្លារក្នុងឆ្នាំ២០១៤។
ទាក់ទិននឹងការប្រមើមើលនៃកំណើនសេដ្ឋកិច្ចកម្ពុជានៅពេលខាងមុខ ក្រុមសេដ្ឋវិទូនៃធានាគារពិភពលោកបានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់នៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច តែកំណើននេះនឹងកើនតិចតួចប៉ុណ្ណោះ។ ពួកគេបញ្ជាក់ថា គុណវិបត្តិនៃហានិភ័យអាចបណ្តាលមកពីភាពមិនប្រាកដប្រជានៃការចរចាប្រាក់ឈ្នួលកម្មករ ការកើនឡើងនៃអត្រាការប្រាក់នៃលុយដុល្លារ ការដំអក់នៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អឺរុប ហើយនឹងរបត់នៃការធ្លាក់ចុះខ្លាំងនៃសេដ្ឋកិច្ចប្រទេសចិន។ ពួកគេសង្កត់ធ្ងន់ថា ការបង្កើនសមត្ថភាពប្រកួតប្រជែងគឺជាចំណុចអាទិភាពនៅក្នុងការរក្សាបានកំណើនសេដ្ឋកិច្ចកម្ពុជា៕