ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សតវត្សរ៍​ទី​២១​នេះ​ កម្ពុជា​ក៏ដូច​សកល​លោក​ប្រឈម​​វិសមភាព​ប្រាក់​ចំណូល


រូបឯកសារ៖ ស្ត្រី​ម្នាក់​ជិះកង់​នៅ​ក្បែរ​លំនៅដ្ឋាន​ក្នុង​តំបន់​ក្រីក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (AP Photo/David Longstreath)
រូបឯកសារ៖ ស្ត្រី​ម្នាក់​ជិះកង់​នៅ​ក្បែរ​លំនៅដ្ឋាន​ក្នុង​តំបន់​ក្រីក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (AP Photo/David Longstreath)

នៅ​ប្រទេស​កម្ពុជា​ ដែល​​មាន​មនុស្ស​ជាច្រើន​រស់នៅ​ក្នុង​ភាព​ក្រីក្រ ​ ​ការ​កើន​ឡើង​ចំនួន​​រថយន្ត​ប្រណីត​ជា​ច្រើន​​​តាម​ដង​ផ្លូវ​បាន​បង្ហាញ​​ថា ​បញ្ហា​ប្រឈម​នេះ​ជា​បញ្ហា​លំបាក​ដោះស្រាយ​ខ្លាំង។​

សេដ្ឋ​វិទូ​ល្បីៗ​បាន​ព្រមាន​ថា​ វិសមភាព​ប្រាក់​ចំណូល​គឺ​ជា​បញ្ហា​ប្រឈមសកល​នៃ​សតវត្សរ៍​ទី​២១​នេះ។​ ​នៅ​ប្រទេស​កម្ពុជា​ ដែលមាន​មនុស្ស​ជាច្រើន​រស់នៅ​ក្នុង​ភាព​ក្រីក្រ ​ ​ការ​កើន​ឡើង​ចំនួនរថយន្ត​ប្រណីត​ជា​ច្រើន​តាម​ដង​ផ្លូវ​បាន​បង្ហាញថា ​បញ្ហា​ប្រឈម​នេះ​ជា​បញ្ហា​លំបាក​ដោះស្រាយ​ខ្លាំង។​

ថ្មីៗ​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Oxfam America ​បានអំពាវនាវ​ឲ្យ​ពិភព​លោក​ដោះ​ស្រាយ​បញ្ហា​វិសមភាព​នេះ​ ដោយ​ផ្ដល់​ហេតុផល​ក្នុង​របាយ​ការណ៍​របស់ខ្លួន​ថា៖​

«គម្លាត​រវាង​អ្នក​មាន ​និង​អ្នក​ក្រីក្រ​មានកាន់​តែ​ធំ​ ដែល​មិន​អាចគ្រប់​គ្រង​បាន»។​

អង្គការ ​Oxfam​ បាន​និយាយ​ថា៖​ ​

«មនុស្ស​ត្រឹម​៨០​នាក់​ប៉ុណ្ណោ​មាន​ទ្រព្យ​សម្បត្តិ​ស្មើ​នឹងទ្រព្យ​សម្បត្តិ​សរុប​របស់​មនុស្ស​ពាក់​កណ្ដាលភព​ផែនដី​របស់​យើង។ ​វិសមភាព​សេដ្ឋកិច្ច​ខ្លាំង​បែប​នេះ​បាន​បង្អាក់​ផែនការបញ្ចប់​ភាព​ក្រីក្រ​ជា​សកល​ និង​បាន​បង្កើន​វិសមភាព​ផ្សេង​ទៀត​ ដូច​ជា​គម្លាត​រវាង​ស្ត្រី​ និង​បុរស»។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​(IMF)​ គឺជា​មូលនិធិ​ដែល​គេមិន​បាន​រំពឹង​ទុក​នោះ​ថា ​អ្នក​គាំទ្រ​អង្គការ ​Oxfam​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ។ ​អង្គការ ​Oxfam​ កាលពី​ដើម​ខែ​នេះ​បាន​អញ្ជើញ​អ្នក​ជំនាញ​មក​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដើម្បីបង្ហាញ​ពី​ការ​ស្រាវ​ជ្រាវ​អំពី​កត្តា​ដែល​បង្ក​ឲ្យ​មានវិសមភាព​ និង​ផល​ប៉ះពាល់​របស់​វិសមភាពចំពោះ​សង្គម។​

Era Dabla-Norris​ អនុ​ប្រធាន​នៃ​នាយកដ្ឋាន​យុទ្ធសាស្រ្ត​គោល​នយោបាយ​ និង​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​របស់ ​IMF ​បាន​ឱ្យ​ដឹង​ថា ​វិសមភាព​ចំណូល​នេះ​គឺ​ជា​ប្រភព​នៃ​បញ្ហា​ដែលរារាំង​ភាព​ត្រឹមត្រូវ ​និង​យុត្តិធម៌។​

លោកស្រី​បាន​បញ្ជាក់​ថា​ ការ​លើក​កម្ពស់​ប្រាក់​ចំណូល​របស់​អ្នក​មាន​ជីវភាព​ក្រីក្រ ​និងមធ្យម មិនត្រឹម​តែ​កាត់​បន្ថយ​វិសមភាព​ចំណូល​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។​

លោកស្រី​បាន​ថ្លែង​ថា៖​

‍«មាន​ការ​និយាយ​ជាច្រើន​ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅ​ក្នុង​អត្ថបទ​សិក្សា ​និង​នៅ​កន្លែង​ផ្សេង​ទៀត​ អំពី​សារៈ​សំខាន់​នៃ​អ្នក​មាន​ជីវភាព​ក្រីក្រ​ និង​មធ្យម ហើយ​យើង​ចង់​និយាយ​ថា ​ហេតុ​អ្វី​បាន​ជាសមភាព​មាន​សារៈ​សំខាន់ ? ​កំណត់​ត្រា​ដំបូង​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​បង្ហាញ​ថា ​វិសមភាព​នេះ​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ការ​កម្រិត​កំណើន​សេដ្ឋ​កិច្ច»។​

ទិន្នន័យ​របស់ ​IMF ​បាន​បង្ហាញ​ថា​ វិសមភាព​នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍ និង​ការ​អភិវឌ្ឍនៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ២០១២ ដោយ​សារ​តែ​មាន​ការចែក​អត្ថ​ប្រយោជន៍មិន​ស្មើគ្នា​ មាន​ការ​រីក​ចម្រើនផ្នែក​បច្ចេក​វិទ្យា​មិន​ស្មើគ្នា​ ​ មាន​សហជីព​ពលកម្ម​ខ្សោយ​ មាន​ផល​ប៉ះពាល់​នៃ​សកល​ភាវូបនីយកម្ម ​និង​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោល​ន​យោបាយ​ពន្ធ។​

Florence Jaumotte ​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ឱ្យ​ដឹង​ថា​ ការ​ចុះ​ខ្សោយ​នៃ​សហ​ជីព​កម្មករ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​កំពូលៗ​មាន​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង។​

«អ្នក​ដឹង​ទេ​មាន​ទ្រឹស្តី ដែល​គេមិន​បាន​រំពឹង​ទុកថា​ ការ​ថយ​ចុះនៃ​សហជីព​កម្មករ​បាន​ផ្តល់​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ដល់​អ្នក​មានកំពូល»។​

សេដ្ឋវិទូ​របស់ ​IMF ​បាន​អំពាវ​នាវ​ឱ្យ​អ្នក​នយោបាយយក​ពន្ធ​កាន់​តែ​ច្រើន​ ដូច​ជា​ការ​យក​ពន្ធ​សម្រាប់​ការ​ទទួល​បាន​ទុន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​អ្នក​មានចំណូលខ្ពស់។​ ការ​ធ្វើ​ដូច្នេះ​នឹង ​«បង្កើន​សមភាព​ និង​អនុញ្ញាត​ឱ្យ​មាន​ការ​លើក​កម្ពស់​ពន្ធ​តាម​អត្រា​ប្រាក់​ចំណូល​ការ​ងារ»​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់ ​IMF ​អំពី​កត្តា​បង្ក​ឲ្យ​មាន​វិសមភាព​ និង​ផល​ប៉ះពាល់​នៃវិសមភាព​ចំពោះ​សង្គម។​

ប្រវត្តិ​សេដ្ឋកិច្ច​របស់​កម្ពុជា​បង្ហាញ​ថា ​ការលើកឡើង​នេះ​ត្រឹមត្រូវឥត​ខ្ចោះ។​ ការ​ពង្រីកយ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ជំរុញ​ដោយ​រោង​ចក្រ​កាត់​ដេរ​ និង​ទេសចរណ៍​ បាន​បង្កើន​ប្រាក់​ចំណូល​ជាតិ​សរុប​ GDP​ បាន​រហូត​ដល់​ទៅ​១០៤៥​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ផល​ប្រយោជន៍​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ស្ទើរតែ​ទាំងស្រុង​ផ្ដល់​ផល​ប្រយោជន៍​ដល់ក្រុម​អភិជន ​និង​ប្រជាជន​ក្នុង​ទីក្រុង​មួយ​តែក្រុម​តូច​ប៉ុណ្ណោះ។

ពលរដ្ឋនៅ​ប្រទេស​កម្ពុជា​ចំនួន​៥៩% រួមទាំង​ក្រុម​អភិជន ​និង​ប្រជាជន​ក្នុង​ទីក្រុង​មួយ​ក្រុម​តូច ​មាន​ជីវភាពខ្ពស់ជាង​ប​ន្ទាត់​ក្រីក្រគឺ​២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​ ហើយ​ប្រជាជនដែល​នៅ​សល់ចំនួន​៤១​ភាគ​រយ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ។

ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​កំពូល​នៃ​សង្គម​កម្ពុជាអាច​មាន​ការ​លំបាក​ក្នុង​ការ​វាស់​ស្ទង់​ ដោយសារ​តែ​សាវតារ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​បាន​មក​ដោយ​ងងឹត តាម​រយៈ​អំពើ​ពុក​រលួយ​ និង​មធ្យោបាយ​ខុស​ច្បាប់​ផ្សេង​ទៀត​ ដូច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ខុស​ច្បាប់។​

ប៉ុន្តែ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យដឹងថា​ វិសមភាព​នៃ​កំណើន​ប្រាក់​ចំណូល​ក្នុងប្រទេស​កម្ពុជា​អាច​មើលឃើញ​បាន​តាមរយៈភាព​ខុសគ្នា​រវាង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ទីក្រុង​ និង​នៅ​ជនបទ។

ពួក​អ្នក​មាន​ជាង​គេ ​ដែលមានចំនួន​២០​ភាគ​រយ​នៅ​កម្ពុជា​ ចំណាយ​លើ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​មធ្យម​៥​ដង​លើស​ការ​ចំណាយ​របស់​ពួក​អ្នក​ក្រីក្រ​ដែល​មាន​ចំនួន២០​ភាគ​រយ។​

អ្នក​ក្រីក្រ​បំផុត​ចំនួន​២០​ភាគ​រយ​ចំណាយ​ក្នុង​ការ​ញ៉ាំ​ជា​មធ្យម​អស់​២៨០០៛​ក្នុងម្នាក់​ក្នុង​មួយ​ថ្ងៃ។​ ផ្ទុយ​ទៅ​វិញ​ មនុស្ស​សាមញ្ញ​ក្នុង​រាជធានី​ភ្នំពេញ​ជា​មធ្យម​ចំណាយ​យ៉ាង​ហោច​ណាស់​ក្នុង​ម្នាក់​១២០០០$​ក្នុង​មួយ​ថ្ងៃ​គឺ​ជាង​ពីរ​ដង​ច្រើន​ជាង​មនុស្ស​សាមញ្ញ​មក​ពី​ជនបទ។​

គម្លាត​យ៉ាង​ធំ​រវាង​អ្នក​មាន​នៅ​ក្នុង​ទីក្រុង​ និង​អ្នកក្រ​តាម​ជនបទ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ ​វិសមភាព​នេះ​នឹង​បង្អាក់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG