ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ

អ្ន​ក​បោះឆ្នោត​រក​មើល​ឈ្មោះ​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ការ​សម្រេច​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ច​​ពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​រៀប​បញ្ជី​បោះ​​ឆ្នោត​ថ្មី​ដែល​បាន​​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​មុន​នេះ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប​ គ្រោង​នឹង​បញ្ចប់​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ បន្ទាប់​ពី ​កិច្ចការ​បច្ចេកទេស​សំខាន់ៗ​ជាច្រើន ​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​នីតិ​វិធី​នេះ​ ត្រូវ​បាន​គ.ជ.ប​ សម្រេច​ដោះស្រាយ​ហើយ​នោះ។

ការ​សម្រេច​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ចពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​រៀប​បញ្ជី​បោះឆ្នោត​ថ្មី​ដែល​បានធ្វើ​ឡើង​កាល​ពី​ចុង​ខែ​មុន​នេះ។ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​របស់​ គ.ជ.ប នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ.ជ.ប​ ថ្លែង​ប្រាប់​ VOA ថា​ កិច្ចការ​រៀប​ចំ​នីតិវិធី​ នឹង​ត្រូវ​ធ្វើចប់​រួច​រាល់នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ ហើយ​ លោក​ថា ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នឹង​ចាប់​ផ្ដើម​នៅ​ទូទាំង​ប្រទេស​ ចាប់​ពី​ខែ​ ឧសភា​ រហូត​ដល់​ខែ​កក្កដា។

«នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ នឹង​បញ្ចប់​នៅ​ផ្នែក​ហ្នឹង​ ផ្នែក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​បាទ»។

លោក​ ពន្យល់​ថា​ ការងារ​សំខាន់ៗ​ ដែល​រាំង​ស្ទះ​ដំណើរ​ការ​នៃ​ការ​ធ្វើ​បញ្ជី​បោះ​ឆ្នោត​ថ្មី​នោះ​ ត្រូវ​បាន​ គ.ជ.ប​ រក​ផ្លូវ​សម្រាប់​ដោះស្រាយ​រួចរាល់​ហើយ។

«ការ​លំបាក​ទាំងឡាយ​ គ.ជ.ប​ បាន​យក​មក​ដោះ​ស្រាយ​ ក្នុង​នោះ​ពាក់​ព័ន្ធ​នឹង​សម្ភារៈ​ បច្ចេកទេស​ គឺ​យើង​ដោះ​ស្រាយ​ជា​លក្ខណៈ​បច្ចេកទេស​ ដូចជា​ការ​ទិញ​ម៉ាស៊ីន​ភ្លើង​បន្ថែម​ សម្រាប់​តំបន់​ដែល​អត់​ មាន អគ្គិសនី​ទៅ​ដល់​ ហើយ​របៀប​ថត​រូប​យ៉ាង​ណា​ របៀប​ scan ដៃ​យ៉ាង​ណា​នោះ​ គឺ​ថា​ យើង​បាន​កំណត់​ជាក់​លាក់​រួច​អស់​ហើយ​ ហើយ​ទាំង​ពី​ font ​ថតរូប​ ដាក់​ពណ៌​អី​ ក៏​យើង​ បាន​កំណត់​អស់​ហើយ​ដែរ។ នីតិវិធី​នេះ​ មាន​សេចក្ដី​ព្រាង​ ហើយ​មាន​ការ​រួម​យោបល់​អំពី​ មជ្ឈដ្ឋាន​ពាក់​ព័ន្ធ​ទាំង​ឡាយ។​ អញ្ចឹង​ គ.ជ.ប​ ធ្វើ​ការ​បូក​សរុប​ដើម្បី​ ទទួល​យក​នូវ​អនុសាសន៍​ ដែល​មាន​ប្រយោជន៍​ដល់​ការ​បោះ​ឆ្នោត​ អនុសាសន៍​ ដែល​ស្រប​នឹង​ច្បាប់​ អនុសាសន៍​ដែល​ដាក់​ទៅ​ធ្វើ​បាន»។

ការ​ពិគ្រោះ​យោបល់​របស់ គ.ជ.ប ធ្វើ​ឡើង​ នៅ​ឯ​ភោជនីយដ្ឋាន​ ទន្លេ​បាសាក់​ II ​កាលពី​ចុង​ខែ​មករា។ ការ​ពិគ្រោះ​នេះ​ បាន​លើក​ពី​ចំណុច​សំខាន់​ចំនួន​បី​ ដែល​គ.ជ.ប ត្រូវ​ធ្វើ​ រួម​មាន​នីតិវិធី​នៃ​ការ​ផ្ដល់​ប័ណ្ណ​បោះ​ឆ្នោត​ កិច្ចការ​បច្ចេកទេស​ក្នុង​ការ​បញ្ជូន​ឈ្មោះ​របស់​អ្នក​បោះឆ្នោត​ ការ​ប្រើ​ប្រាស់​ឧបករណ៍​ សម្រាប់កំណត់​អត្តសញ្ញាណ​នៃ​អ្នក​បោះ​ឆ្នោត​ និង​ការ​ប្រើ​ធនធាន​មនុស្ស​ជា​ដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​សង្កេតការណ៍​បោះ​ឆ្នោត ថ្លែង​ថា​ គ.​ជ.ប​ ត្រូវ​ប្រើ​ពេលវេលាច្រើន​បន្ថែម​ទៀត ​សម្រាប់ដោះ​ស្រាយ​កិច្ចការ​ស្មុគស្មាញ​មួយ​ចំនួន​ទាក់​ទិន​ការ​ទិញ​សម្ភារៈ​ និង​ការ​ជ្រើស​រើស​ក្រុម​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​កា​របោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ (ឬ​ហៅ​កាត់​ថា​និកហ្វិក)​ មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​របស់​ គ.​ជ.ប អំពី​ការ​បង្ហើយ​បទបញ្ជា​ និង​នីតិ​វិធី​ក្នុង​ការ​ធ្វើបញ្ជី​បោះឆ្នោត​ថ្មី​ ឲ្យ​បាន​ នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ ថា​ ជា​ការវិវត្តន៍​មួយ​ដ៏​ល្អ​ របស់​ គ.ជ.ប។

ប៉ុន្តែ លោក ​នៅ​មាន​ក្តី​បារម្ភ​មួយ​ចំនួន​ ទាក់​ទិន​ការ​ទិញសម្ភារៈ​ និង​ការ​ជ្រើសរើសធនធាន​មនុស្ស។​ លោក​ មាន​ប្រសាសន៍​ថា​ គ.ជ.ប​ ពិបាក​សម្រេច​កិច្ចការ​ទាំង​នេះ​បាន ​ក្នុង​ពេល​ដ៏​ខ្លី​ណាស់។

«ទាំង​ពីរ​ហ្នឹង​ ជា​កត្តា​មួយ​ស្មុគស្មាញ​ ហើយ​ កាលខ្ញុំ​បាន​ដំណឹង​លើក​មុន​ គាត់​ថា​ សម្ភារៈ​មិន​ទាន់​ កំណត់​ពេល​វេលា​ នៅ​ឡើយ​ទេ​ ប៉ុន្តែ​ក្រែង​លោ​ គាត់​ទទួល​ព័ត៌មាន​ថ្មី​ សម្ភារៈ ​នឹង​មក​ដល់​ ហើយ​និង​ការ​ជ្រើស​រើស​បុគ្គលិក​នេះ​ ជា​បញ្ហា​ស្មុគស្មាញ​ ហើយ​ទាមទារ​ពេលវេលា​ច្រើន​ណាស់​ បើ​ក្រុម​បុគ្គលិក​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មន្ត្រី​ហ្នឹង​បាទ»។

លោក​ បន្ត​ថា ​ទោះ​បី​ជា​ គ.ជ.ប​ ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ ទាំងនេះ​ក៏ដោយ​ ​ក៏​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ ត្រូវ​តែ​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា​ ដើម្បី​បញ្ចៀស​វិបត្តិ​ នៃ​ការ​តៀម​ខ្លួន​មិនទាន់​ ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧។

«យើង​ចង់​បាន​ឲ្យ​គាត់​ចាប់​ផ្ដើម​ខែ​ប្រាំ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧។ គាត់ ​ធ្វើ​ខែ​ប្រាំ​ បាន​ បាន​អាច​ទៅ​រួច។ បើ​មិន​អញ្ចឹង​ទេ​ អាច​នីតិវិធី​ហ្នឹង​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​អីៗ​ហ្នឹង​ វា​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ ២០១៧»។

ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​គណបក្ស​ធំៗ​ពីរ​ ដែល​ត្រៀម​នឹង​ប្រកួតប្រជែង​គ្នា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ យល់​ឃើញ​ខុស​គ្នា​ថា​ ការ​រៀប​ចំបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី អាច​នឹង​បញ្ចៀស​ និង​កាត់​បន្ថយ​សកម្ម​ភាព​តវ៉ា​ ឬ​ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី។

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ទាំង​ពីរ​ អះអាង​ថា ការ​ព្រម​ទទួល​យក​លទ្ធ​ផល​ឆ្នោត​ឬ​យ៉ាង​ណា​នោះ​ មិន​អាច​ទាន់​និយាយ​បាន​នៅ​ពេល​នេះ។

លោក​ សុខ ឦសាន​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​ មាន​ប្រសាសន៍​ជាមួយ​ VOA ​នៅ​ក្នុង​កិច្ចពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​រៀប​បញ្ជី​បោះឆ្នោត​ថ្មី​ថា បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ នឹង​បន្ថយមតិ​រិះគន់​ចំពោះ​ដំណើរ​នៃ​ការ​បោះ​ឆ្នោត។

«ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ យើង​យល់​ថា​ កាត់​បន្ថយ​បាន​ ភាព​អសកម្ម​ ផ្សេងៗ​ ហើយ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ ពី​មជ្ឈដ្ឋាន​ដទៃ​ទៀត​ ដែល​មិន​ពេញចិត្ត។ អញ្ចឹង​ទេ​ គឺ​ថាវា​អស់​ ដែល​គេ​ហៅ​ថា​ បិទ​ផ្លូវ​ក្នុង​ការ​តវ៉ា ​ហើយអា​ហ្នឹង​ វា​មាន​លក្ខណៈ​អញ្ចឹង»។

លោក សុខ ឦសាន​ ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស បញ្ជាក់​បន្ថែមថា​ គណបក្ស​គ្រប់​គ្រង​ប្រទេស​ មិន​បាន​គិត​ថា​ ខ្លួនអាច​នឹង​ចាញ់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​នោះ​ទេ​ ប្រសិន​បើ​ មាន​ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​ឆ្នោត​មួយ​ត្រឹម​ត្រូវ​ ដែល​ចាត់​ចែង​ឡើង​ដោយគ.ជ.ប​ថ្មី​នេះ។

«ខ្ញុំ​មិន​គិត​ស្មាន​ដូច្នោះ​ទេ​ ពីព្រោះ​គណបក្ស​ប្រជាជន​ មាន​មូលដ្ឋាន​គ្រឹះ​យ៉ាង​រឹង​ម៉ាំ។ បញ្ហា​សំខាន់​គឺ​ ថា​ បណ្ដា​សមិទ្ធផល​នានា​ លើ​គ្រប់​វិស័យ​ ដែល​បាន​កើតឡើង​យ៉ាង​ព្រោង​ព្រាត​ ហើយ​ទី​ពីរ​ ប្រជា​ពល​រដ្ឋ​សុទ្ធ​តែ​បានទទួល​អំពី​សមិទ្ធផល​ទាំងអស់​នោះ។ អញ្ចឹង​ គឺ​បញ្ហា​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ហ្នឹង លោក​នៅ​តែ​រក្សា​ជំហរ​គាំ​ទ្រ​គណបក្ស​ប្រជាជន​ ឲ្យបន្ត​បេសកកម្មដឹកនាំ​ប្រទេស​តទៅ​ទៀត»។

លោក យ៉ែម​ បុញ្ញឬទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ ក្រុម​គណបក្ស​ប្រឆាំង​ នឹង​ត្រូវ​ធ្វើការ​តាមដាន​ច្រើន​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ដោយ​លោក​ ពុំ​អាច​ សន្មត​ទុក​ជាមុន​ថា បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ អាច​ទទួល​យក​បាន​ និង​អាច​កាត់​បន្ថយបញ្ហា​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​២០១៨​នោះ​ទេ។

«ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ វា​មាន​បី​ជំហាន។ ទី​មួយ​ នៅ​មុន​ការ​បោះ​ឆ្នោត​ ទីពីរ​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ ហើយ​មួយ​ទៀត​ គឺ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។ ដូច្នេះ​ជំហាន​បច្ចុប្បន្ន ឈ្មោះ​ថា ​មុន​ថ្ងៃ​បោះ​ឆ្នោត។ យើង​ត្រូវ​ការ​មើល​ ថា​តើ​បញ្ជី​នឹង​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​ទេ​ មាន​ការ​វិវត្ត​ដូច​ច្បាប់​កំណត់​ដែរ​ឬ​អត់? ហើយ​បន្ទាប់​មក​ទៀត​ រឿង​ថ្ងៃ​បោះ​ឆ្នោត​ហ្នឹង​ ក៏​យើង​ត្រូវការ​តាម​ដាន។ ក្រោយ​បោះ​ឆ្នោត​ ក៏​ដូច​គ្នា​លទ្ធផល​អី​ជាដើម។​ ដូច្នេះ​ យើង​ ពុំ​អាច​ឆ្លើយ​ឥឡូវនេះ​បានទេ»។

លោក​ ឲ្យ​ដឹង​បន្ថែម​ថា ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​បាន​ ឬ​យ៉ាង​ណា​នោះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​បំពេញ​ភារកិច្ច​របស់​ គ.ជ.ប។

«សំខាន់ តើ​កិច្ចការ​ គ.ជ.ប​ លោក​ប្រកាស​លទ្ធផល​ជាក់ស្ដែង​ ពិតប្រាកដ​ ឬ​ត្រឹម​ត្រូវ​ឬ​ក៏​អត់? យើង ​ទទួល​ស្គាល់​លទ្ធផល​ នៅ​ពេល​ដែល​យើង ​យល់​ឃើញ​ថា​ ប្រកាស​នោះ​ត្រឹម​ត្រូវ​ មាន​ឯកសារ​មូលដ្ឋានពិតប្រាកដ​ ហើយ​ដំណោះស្រាយ​ ដែល​សំខាន់​ហៅ​ថា​ ដំណោះស្រាយ​វិវាទ។ នៅ​ពេល​ណា​ដែលមានការ​មន្ទិល​សង្ស័យ​ ឬ​ក៏​សំឡេង​ឆ្នោត​ខុសគ្នា​តិច​តួច​ សុំ​ឲ្យ​រាប់​ឡើង​វិញ​ សុំ​ឲ្យ​បើក​កញ្ចប់​សុវត្ថិភាព​ជាដើម​ គួរ​បើក​ ហើយ​ពិនិត្យ​មើល​ទាំង​អស់​គ្នា។ នោះ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ តម្លាភាព​ គ្មាន​ការ​លាក់​លៀម។មួយ​រយៈ​កន្លង​ផុត​មក​ យើង​ស្នើ​សុំ​ឲ្យ​បើក​ គេ​មិន​ព្រម​បើក។ អ្ហា​ចំណុច​ទាំង​អស់​ហ្នឹង​ហើយ​ ដែល​យើង​មានការ​សង្ស័យ»។

ប្រទេស​កម្ពុជា​ នឹង​រៀបចំ​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់​ នៅ​ដើម​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​ក្នុង​ពេល​កន្លង​មក។

យ៉ាងណា​ក៏ដោយ​ អ្នក​សង្កេតការណ៍​បោះឆ្នោត​ថ្លែង​ថា​ មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​អំពី​ពេល​វេលា​នៃ​ការ​បោះឆ្នោត​ជាតិ​យ៉ាង​ណា​នោះ​ទេ​ ដោយ​ការ​សម្រេច​ គឺ​អាស្រ័យ​លើ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា៕