ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​ចង់​កំណត់​សញ្ជាតិ​ប្រធាន​គណបក្ស​នយោបាយ​ត្រឹម​តែ​មួយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។ (AP Photo/ហេង ស៊ីនិត)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។ (AP Photo/ហេង ស៊ីនិត)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ប្រកាស​អំពី​ការ​កំណត់​នៃ​សញ្ជាតិ​ប្រធាន​គណបក្ស​នយោបាយ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ប្រកាស​អំពី​ការ​កំណត់​នៃ​សញ្ជាតិ​ប្រធាន​គណបក្ស​នយោបាយ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ចែង​ថា​ ប្រធាន​ និង​សមាជិក​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​គត់។

ការ​ប្រកាស​របស់​លោក​យ៉ាង​ដូច្នេះ​ កើត​មាន​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។

ថ្លែង​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ និង​និស្សិត​ទទួល​សញ្ញាប័ត្រ​ ក៏​ដូច​ជា​អ្នក​ចូលរួម​ក្នុង​ពិធី​នោះ​ផ្សេង​ទៀត​ លោក ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ថ្លែង​ថា​ ការ​កំណត់​សញ្ជាតិ​បែប​នេះ​គឺ​ដើម្បី​បញ្ចៀស​ការ​រត់​ចេញ​របស់​ប្រធាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ពី​ប្រទេស​ទៅ​រក​កិច្ច​អន្តរាគមន៍​ក្រៅ​ប្រទេស បន្ទាប់​ពី​អ្នក​នយោបាយ​កាន់​សញ្ជាតិ​ពីរ​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ពិរុទ្ធ​ភាព​ដោយ​តុលាការ។

លោក​ថ្លែង​ថា​ មន្ត្រី​នៃ​គណបក្ស​ក្ដោប​ក្ដាប់​អំណាច​របស់​លោក​កំពុង​ពិនិត្យ​លើ​ការ​កំណត់​នេះ៖​«ខាង​ផ្នែក​គណបក្ស​ប្រជាជន​កំពុង​តែ​ធ្វើ​ ដោយសារ​យើង​ធ្វើ​ច្បាប់​មុន​រួច​ទៅ​ហើយ។ ប្រធាន​ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ។ ដូច្នេះ​ត្រូវ​តែ​លុប​ច្បាប់​ស្ដី​ពី​បក្ស​នយោបាយ​ អំពី​បក្ស​នយោបាយ​ ចាំ​បាច់​ត្រូវ​កំណត់​ប្រធាន​បក្ស​នយោបាយ​ ត្រូវ​តែ​សញ្ជាតិ​តែ​មួយ»។

មាត្រា​៥​នៃ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សរសេរ​ថា​ សមាសភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​ជ្រើស​រើស​ក្នុង​ចំណោម​ឥស្សរជន​ខ្មែរ​ទាំង​ពីរ​ភេទ​ ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ក្នុង​ការ​បំពេញ​ការងារ​នៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

នៅ​មុន​ការ​ប្រកាស​ពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ក៏​បាន​ប្រកាស​ថា​ លោក​នឹង​មិន​ផ្ដល់​ហត្ថលេខា​របស់​លោក​សម្រាប់​ការ​ដោះ​លែង​អ្នក​ទោស​ជា​លើក​ទី៣​ ដែល​លោក​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​សមាជិក​ដទៃ​ទៀតនៃ​គណបក្ស​សង្គ្រោះ​ជាតិ។

«ខ្ញុំ​ប្រកាស​ បើ​ខ្ញុំ​នៅ​ចុះ​ហត្ថលេខា​លើក​លែង​ទោស​ឲ្យ​អ្នក​ណា​ ខ្ញុំ​នឹង​កាត់​ដៃ​ស្កាំ​ខ្ញុំ​គ្រវាត់​តែ​ម្ដង។ អ្នក​ឯង​ចាំ​ទេ?​ មាន​ឯង​អត់​អញ​ មាន​អញ​អត់​ឯង​ គឺ​អ្នក​ឯង​ចំណាប់​ណាស់។ អ្នក​ឯង​ធ្វើ​អី​ចំពោះ​ខ្ញុំ​ ហួស​ពេល​ហើយ​អូន»។

លោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ ទាក់​ទិន​សំណុំ​រឿង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ និង​ការ​សម​គំនិត​ប្រើ​ប្រាស់​ឯកសារ​ក្លែងក្លាយ​ក្នុង​បញ្ហា​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ប្រាប់​ VOA ថា​ ការ​កំណត់​សញ្ជាតិ​នេះ​មិនបាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ឈឺ​ចាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​ ដោយ​សារ​សង្គ្រាម​ក្នុង​ស្រុក​កាល​ពី​ពេល​កន្លង​មក​ ដែល​នាំ​ដល់​ការ​ឡើង​កាន់​អំណាច​នៃ​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម។

លោក​បន្ត​ថា​ រដ្ឋាភិបាល​គួរ​ផ្ដោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ជា​ជាង​ការ​កំណត់​សញ្ជាតិ​ ដែល​នឹង​រំខាន​ដល់​អ្នក​នយោបាយ​ខ្មែរ​កាន់​សញ្ជាតិ​ពីរ​ ឬ​ច្រើន​ជាង​នេះ​ក្នុង​ការ​ជួយ​កសាង​ប្រទេស​កម្ពុជា។

«យើង​ត្រូវ​ការ​ឲ្យ​ប្រជាជាតិ​យើង​ខ្លាំង។ អញ្ចឹង​ហើយ​អ្នក​នយោបាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ ឲ្យ​តែ​ជា​សញ្ជាតិ​ខ្មែរ​សញ្ជាតិ​ប៉ុន្មាន​ ក៏​មិនមែន​ជា​បញ្ហា​ដែរ។ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​យល់​ថា​ គួរ​តែ​បើក​ឲ្យ​ទូលាយ​ ដើម្បី​ឲ្យ​អ្នក​នយោបាយ​មាន​សញ្ជាតិ​មួយ​ក៏បាន​ មាន​សញ្ជាតិ​ពីរ​ក៏​បាន។​ យើង​ត្រូវ​ការ​សាមគ្គី​ភាព​ ឯកភាព​ និង​ការ​បង្រួប​បង្រួម​ជាតិ ហើយ​និង​កសាង​ធនធាន​មនុស្ស​ដ៏​រឹង​មាំ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង»។

លោក​បាន​ហៅ​ការ​ខិតខំ​របស់​លោក​ ហ៊ុន សែន​ ឲ្យ​មាន​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយនេះ​ថា​ជា​ការ​ភ័យ​ខ្លាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទំនង​នឹង​អាច​ចាញ់​ការ​ប្រកួត​ប្រជែង​ក្នុង​ពេល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

«គាត់​សំដៅ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ហើយ​គាត់​បារម្ភ​អំពី​ ការ​ប្រជែង​របស់​លោក​ប្រធាន​ សម រង្សី​ ដែល​នឹង​អាច​ប្រជែង​ នឹង​អាច​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨»។

លោក​ យឹម សុវណ្ណ​ ក៏​បាន​បញ្ជាក់បន្ថែម​ថា​ លោក​ពុំ​អាច​ព្យាករណ៍​ទុក​ជា​មុន​បាន​ទេ​ ថា​ ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន ​ដែល​នឹង​មិន​ព្រម​ចុះ​ហត្ថលេខា​ផ្ដល់​ការ​លើក​លែង​ទោស​ នឹង​អាច​ធ្វើ​ឲ្យ​លោក ​សម រង្សី​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​មិន​អាច​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នោះ​ទេ។

ខណៈ​ពេល​ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ​លោក ​សម រង្សី​ ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុប​ចោល​អភ័យ​ឯកសិទ្ធិ​ ជា​អ្នក​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ដើម្បី​ឲ្យ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ ដែល​លោក​បាន​ថ្លែង​ថា​ លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​ក្រុម​ខ្មែរ​ក្រហម​ ពេល​ដែល​លោក ​ហោ ណាំហុង នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ថ្លែង​ថា​ ចេតនា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​ចង់​ឲ្យ​មាន​ការ​កំណត់​សញ្ជាតិ​នេះ​ គឺ​ជា​ការ​ដាក់​សម្ពាធ​នយោបាយ​បន្ថែម​ទៀត​ដល់​គណបក្ស​ប្រឆាំង ដែល​សម្បូរ​ដោយ​អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ។

«ខ្ញុំ​មើល​ទៅ​ គឺ​គាត់​ភាគច្រើន​ ព្រួយ​បារម្ភ​ ពី​អ្នក​ធ្វើ​នយោបាយ​ដែល​មាន​សញ្ជាតិ​ពីរ​ ជាពិសេស​អ្នក​ដែល​ធ្វើ​នយោបាយ​គណបក្ស​ប្រឆាំង​ គឺ​មាន​សញ្ជាតិ​ពីរ។ អ្នក​ពូកែៗ​ ភាគ​ច្រើន​មាន​សញ្ជាតិ​ពីរ​ តាំង​ពី​សម្ដេច​ក្រុម​ព្រះ​មក​ម្ល៉េះ។​ អញ្ចឹង​លោក​ ហ៊ុន សែន​ ព្យាយាម​ភាគ​ច្រើន​គាត់​ធ្វើ​រឿង​នេះ​ គឺ​ធ្វើ​ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​ទៅ​គណបក្ស​ប្រឆាំង។​ គណបក្ស​ប្រឆាំង​ជាពិសេស​ លោក​ សម រង្សី​ និង​អ្នក​ធ្វើ​នយោបាយ​ក្នុង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ផ្សេង​ទៀត»។

លោក​ថ្លែង​បញ្ជាក់​ថា​ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទាក់ទិន​ការ​លើក​លែង​ទោស​គឺ​ជា​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ដែល​មិន​ចង់​ឃើញ​ការ​វិល​ត្រឡប់​មក​វិញ​របស់លោក​ សម រង្ស៊ី។

«ខ្ញុំ​ថា​ជា​យុទ្ធសាស្ត្រ​ គឺ​មិនមែន​ជា​ការ​គំរាម​ទេ​ គឺ​គាត់​ព្យាយាម​ផ្ញើ​សារ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ សម រង្សី​ វិល​ត្រឡប់​ ហើយ​អញ្ចឹង​ហើយ​ជា​ការ​ផ្ញើ​សារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គឺ​បន្ត​រើស​អ្នក​ដឹកនាំ​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​ ការ​ព្យាយាម​បែប​ហ្នឹង​គឺ​ជា​ការ​ព្យាយាម​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ឈ្លោះ​គ្នា​នឹង​មាន​ភាព​តានតឹង​នៅ​ក្នុង​គណបក្ស​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណឹង​ទេ»។

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រង​ការ​វាយ​បក​យ៉ាង​ខ្លាំង​ក្លា​ពី​គណបក្ស​កាន់​អំណាច​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ស្នើអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ចំពោះការ​ជេរ​ប្រមាថ​រូប​លោក​ផង​ដែរ​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ដោយ​ឡែក​ លោក​ សម រង្ស៊ី​ បាន​ទៅ​លំហែ​កាយ​នៅ​លើ​កោះ​មួយ​នៃ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​រូបថត​របស់​លោក​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​

ការ​លំហែ​កាយ​របស់​លោក​កើត​មាន ​ស្រប​ពេល​ស្ថានភាព​នយោបាយ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ នៅ​មិន​ទាន់​មាន​ភាព​ធូរ​ស្បើយ​នៅឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG