ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ស្នើ​ឲ្យ​គ.ជ.ប.​ពន្លឿន​ការ​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី


​រូបឯកសារ៖ អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

​អ្នក​សងេ្កតការណ៍​បោះឆ្នោត​បាន​ជំរុញ​ឲ្យ​ (គ.ជ.ប)​ ពន្លឿន​ការ​រៀប​ចំ​បញ្ជីឆ្នោត​ថ្មី​នៃ​ឈ្មោះ​អ្នក​បោះឆ្នោត​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កែ​សម្រួល​កំហុស​ឆ្គង ​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត ឃុំ​ សង្កាត់​ ក្នុង​ឆ្នាំ​២០១៧​ខាង​មុខនេះ។

គ្រា​ដែល​ការ​បោះ​ឆ្នោត​ ឃុំ​ សង្កាត់​កាន់​តែខិត​ជិត​មក​ដល់​ អ្នក​ជំនាញ​បោះឆ្នោត​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប)​ ពន្លឿន​ការ​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី។​ អនុប្រធាន​ (គ.ជ.ប) ​ថ្លែង​ថា​ ក្រុម​ការងារ​របស់​ គ.ជ.ប ​នឹង​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​បាន​ឆាប់​ បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​របស់​ខ្លួន​លើក​ដំបូង​អំពី​ការ​រៀប​ចំ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

អ្នក​សងេ្កតការណ៍​បោះឆ្នោត​កម្ពុជា​ បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប)​ ពន្លឿន​ការ​រៀប​ចំ​បញ្ជីឆ្នោត​ថ្មី​នៃ​ឈ្មោះ​អ្នក​បោះឆ្នោត​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កែ​សម្រួល​កំហុស​ឆ្គង ​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត ឃុំ​ សង្កាត់​ ក្នុង​ឆ្នាំ​២០១៧​ខាង​មុខនេះ។​

ការ​ជំរុញ​នេះ​កើត​មាន ​បន្ទាប់​ពី​ (គ.ជ.ប)​ បាន​បញ្ចប់​ការ​ពិគ្រោះ​យោបល់​របស់​ខ្លួន​លើក​ដំបូង​អំពី​ការ​រៀបចំ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបតិ្ត​អង្គការ​ ខុមហ្វ្រែល​ ថ្លែង​ប្រាប់​ VOA​ ថា​ (គ.ជ.ប)​ ត្រូវ​បញ្ចប់​ការ​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​នេះ​ឲ្យ​បាន​នៅ​ខែ​ឧសភា​ ដែល​បាន​កំណត់​ដោយ​ (គ.ជ.ប) ដោយ​លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖​

«គ.​ជ.​ប​ត្រូវ​តែ​ខិតខំ​ធ្វើ​ម៉េច​ឲ្យ​បាន​ចេញ​ ដូច​គាត់​បាន​គិត​ទុក​មុន​ ថា​ចេញ​ខែ​ប្រាំ។​ កាល​ណា​ចេញ​ ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខែ​ប្រាំ​ វា​អាច​ថា ​មាន​ពេល​វេលា​ដើម្បី​កែតម្រូវ​នៅ​ពេល​ណា​ ដែលការ​រៀប​ចំការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ វា​មាន​ការ​ Error​ មាន​ការ​ខុស​ខ្លះ​អី​អញ្ចឹង​ទៅ​ គេ​អាច​កែតម្រូវ​បាន​ខ្លះ​ មុន​នឹង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ឆ្នាំ​២០១៧‍»។

ការ​ពិគ្រោះ​យោបល់​របស់​ (គ.ជ.ប)​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដ្ឋាន​ ទន្លេ​បាសាក់​ II ​បាន​លើក​ពី​ចំណុច​សំខាន់​ចំនួន​បី​ ដែល​ (គ.ជ.ប) ​ត្រូវ​ធ្វើ​នោះ រួម​មាន​នីតិវិធី​នៃ​ការ​ផ្តល់​នូវ​ប័ណ្ណ​បោះ​ឆ្នោត​ កិច្ចការ​បច្ចេកទេស​ ក្នុង​ការ​បញ្ជូន​ឈ្មោះ​របស់​អ្នក​បោះឆ្នោត​ ការ​ប្រើ​ប្រាស់​ឧបករណ៍​សម្រាប់​កំណត់​អត្តសញ្ញាណ​នៃ​អ្នក​បោះ​ឆ្នោត​ និង​ការ​ប្រើ​ធនធាន​មនុស្ស​ជា​ដើម។​

លោក​ គួយ​ ប៊ុនរឿន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ថ្មី​ ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដា្ឋន​ទន្លេបាសាក់​២ កាល​ពីថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល​ រស្មី​/​VOA Khmer)
លោក​ គួយ​ ប៊ុនរឿន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ថ្មី​ ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដា្ឋន​ទន្លេបាសាក់​២ កាល​ពីថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល​ រស្មី​/​VOA Khmer)

លោក គួយ​ ប៊ុនរឿន​ អនុប្រធាន​ (គ.ជ.ប)​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ ​បន្ទាប់​ពី​កិច្ច​ពិគ្រោះ​យោបល់​នោះ​ថា​ (គ.ជ.ប)​ នឹង​ជំរុញ​ឲ្យ​ការ​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​បញ្ចប់​ទៅ​បាន​ឆាប់​រហ័ស​ បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ជំនាញខាង​បោះ​ឆ្នោត​របស់​ជប៉ុន​ និង​សហភាព​អឺរ៉ុប។

«យើង​នឹង​ពិគ្រោះ​យោបល់​បន្ថែម​ទៀត​ ជាមួយ​អ្នក​ជំនាញ​ការ​ជប៉ុន​ថែម​ទៀត​ ជាមួយ​ EU​ ទៀត​ នឹង​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។​

ការ​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​នៃ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​មុនៗ។​ ភាព​មិន​ប្រក្រតី​នៃ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ក៏ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ផង​ដែរ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​កម្ពុជា​ បាន​សម្តែង​ក្តី​បារម្ភ​ផង​ដែរ​ ក្នុង​ការ​រៀប​ចំបញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ ទាក់​ទិន​នឹង​ឈ្មោះ​នៃ​អ្នក​បោះ​ឆ្នោត​ដែល​ជា​កម្មករ​ចំណាក​ស្រុក។​

លោក គល់​ បញ្ញា​ ថ្លែង​ថា​ (គ.ជ.​ប) ត្រូវ​រក​មធ្យោបាយ​ ដើម្បី​ឲ្យ​កម្មករ​ទាំង​អស់​នោះ​មាន​លទ្ធភាព​ចុះ​ឈ្មោះ​ឆ្នោត។​

លោក​បញ្ជាក់​ថា៖​«ខ្ញុំ​ព្រួយ​បារម្ភ​រឿង​ដែល​សំខាន់​ ដែល​បាន​លើក​នៅ​ក្នុង​អង្គ​ប្រជុំ​ថ្ងៃ​នេះ​ គឺ​រឿង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ជាក់ស្តែង​អ្នក​ដែល​ចំណាក​ស្រុក ​ដូចជា​នៅ​ប្រទេស​ថៃ។ នៅ​អី​ហ្នឹង​ធ្វើ​ម៉េច​ដើម្បី​រៀប​ចំ ក្រុម​ចុះ​ឈ្មោះ​ចល័ត​អី​ហ្នឹង​ទៅ​តាម​ព្រំដែន​ថៃ​អីហ្នឹង​បាន​ចុះ​ឈ្មោះ​ ព្រោះ​ថា​យើង​មិន​បាន​រៀបចំ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​តាម​ស្ថានទូត ស្ថាន​អី ដោយ​សារ​ច្បាប់​យើង​មិន​បាន​ផ្តល់​កិច្ចការ​ហ្នឹង​ឲ្យ​ទៅ​(គ.ជ.ប) ធ្វើ​បាន​ ប៉ុន្តែ​ (គ.ជ.ប)​ អាច​រៀបចំ​ការ​ចុះ​ឈ្មោះ​ ក្រុម​ចុះ​ឈ្មោះ​នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​បាន​ ដែល​ជា​ក្រុម​ចល័ត​អី​អញ្ចឹង​ទៅ​ធ្វើ​តាម​ព្រំដែន​ថៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ ដែល​គាត់​ចំណាក​ស្រុក​នៅ​ថៃ​ហ្នឹង​ គាត់​បាន​មក​ចុះ​ឈ្មោះ​អាហ្នឹង​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ»។

លោក គួយ​ ប៊ុនរឿន​ បាន​ទទួល​ស្គាល់​នៅ​ក្តី​បារម្ភ​នេះ​ ហើយ​លោក​ថា​ (គ.ជ.ប)​ នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​កម្មករ​ចំណាកស្រុក​នេះ​ បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ចប់​ការ​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​នៅ​ថ្ងៃ​អនាគត។​

លោក​ថ្លែងថា៖​«ថ្ងៃ​អនាគត​ ខ្ញុំ​គិត​មើល​ឃើញ​ថា​ បើ​កាល​ណា​ក្រសួង​មហាផ្ទៃ​បញ្ចេញ​អត្តសញ្ញាប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ហើយ​ ដូច្នេះ​យើង​អាច​យក​ប្រព័ន្ធ​ទិន្នន័យ»។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់​ នៅ​ដើម​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​ក្នុង​ពេល​កន្លង​មក។ ​យ៉ាងណា​ក៏ដោយ​ អ្នក​សង្កេតការណ៍​បោះឆ្នោត​ថ្លែង​ថា​ មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​អំពី​ខែ​នៃ​ការ​បោះឆ្នោត​ជាតិ​យ៉ាង​ណា​នោះ​ទេ​ ដោយ​ការ​សម្រេច​គឺ​អាស្រ័យ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា៕

XS
SM
MD
LG