លោក ទេព នីថា ត្រូវបានជ្រើសរើសឲ្យបន្តតួនាទីជាអគ្គលេខាធិការរបស់លោកតទៅទៀត បន្ទាប់ពីការពិគ្រោះយោបល់របស់ប្រធាន និងសមាជិក៨រូបផ្សេងទៀតនៃស្ថាប័នបោះឆ្នោតជាតិ ដែលបានបង្កើតដោយគណបក្សធំៗទាំងពីរមានអាសនៈនៅក្នុងសភាជាតិ ក្រោយពីការបោះឆ្នោតឆ្នាំ ២០១៣។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯទីស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. លោក ស៊ិក ប៊ុនហុក ថ្លែងថា ការជ្រើសរើស លោក ទេព នីថា ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមសំឡេងភាគច្រើនរបស់សមាជិកនៃ គ.ជ.ប. ទាំងប្រាំបួនរូប និងទៅតាមពិសោធន៍ការងាររបស់អតីតអគ្គលេខាធិការរបស់ គ.ជ.ប. ចាស់។ លោកបញ្ជាក់ថា៖
«ការរក្សាទុកអ្នកចាស់ ឬត្រូវជ្រើសរើសអ្នកថ្មីមិនសំខាន់ទេ ចំពោះ គ.ជ.ប. ត្រូវតែថ្មី ឬក៏ត្រូវតែចាស់ ត្រូវអី មិនសំខាន់ចំពោះ គ.ជ.ប. សំខាន់ត្រង់ថា ប្រព័ន្ធការងាររបស់ គ.ជ.ប. នេះឯង អាចជឿទុកចិត្តបានទេ? មិនមែនមនុស្សទេណ៎ា ប្រព័ន្ធធ្វើការងាររបស់ គ.ជ.ប. អាចទុកចិត្តបានទេ? គឺនៅត្រង់ថា តើការប្រព្រឹត្តិទៅរបស់ គ.ជ.ប. មានយុត្តិធម៌ មានតម្លាភាពឬអត់? អានោះដែលសំខាន់នោះ!»។
លោក ទេព នីថា នឹងទទួលការងារខាងផ្នែករដ្ឋបាល និងហិរញ្ញកិច្ច។
ក្នុងចំណោមអគ្គលេខារងចំនួនបួននាក់ដែលត្រូវបានជ្រើសរើសនៅថ្ងៃនេះក៏មានលោក នី ចរិយា ដែលជាអ្នកការពារសិទ្ធិមនុស្សមកពីអង្គការអាដហុកផងដែរ។
អគ្គលេខាធិការរងទាំងបួននាក់ រួមមានលោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទិន្នន័យបោះឆ្នោត និងបញ្ជីបោះឆ្នោត និងនាយកដ្ឋានប្រតិបត្តិការ លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋាន សេវាកម្មច្បាប់ និងវិវាទកម្ម លោក នី ចរិយា ទទួលបន្ទុកនាយកដ្ឋាន សវនកម្មផ្ទៃក្នុង និងលោក ម៉ុក តារា ទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាលអប់រំអ្នកបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិក ប៊ុនហុក។
ការសម្រេចរបស់ គ.ជ.ប. នៅព្រឹកថ្ងៃសុក្រនេះ កើតមានបន្ទាប់ពីការប្រជុំរបស់ប្រធាន និងសមាជិកទាំងប្រាំបីរូបអស់រយៈពេលប្រមាណបីម៉ោង នៅឯទីស្នាក់ការ គ.ជ.ប. ស្ថិតនៅក្នុងបរិវេណរបស់ក្រសួងមហាផ្ទៃ។
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការ ខុមហ្វ្រែល យល់ថា ការជ្រើសរើសនេះធ្វើឡើងដោយខ្វះការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសនោះគឺភាគីនៃគណបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។
«ទម្លាប់នៃគេរើសដែលបានមនុស្សធ្វើការបានប្រសិទ្ធភាព ដើម្បីធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវហ្នឹង ក្នុងការជ្រើសរើសហ្នឹងគេត្រូវប្រមូលព័ត៌មាន ហ្នឹងឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការសម្ភាស ការអ្វីហ្នឹង។ គេចង់ដឹងអំពីកម្រិតនៃមនុស្ស ដែលអាចធ្វើកិច្ចការងារហ្នឹងបាន បានអត់ ហើយគាត់អាចរៀនសូត្របានលឿនអត់? ហើយគេចង់ដឹងដែរ បើរឿងបោះឆ្នោត រឿងអីអញ្ចឹងរឿងរបៀបជាសាធារណៈអញ្ចឹង គេច្រើនតែយកទៅឲ្យអ្នកពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយអីដែលគេចូលប្រកួតប្រជែងនោះ ឲ្យគេឲ្យយោបល់មតិថា តើគេយល់ម៉េចចំពោះបេក្ខជន ព្រោះការទុកចិត្តហ្នឹងជាទស្សនៈដែរ។ វាមិនមែន គេមើលទៅមើលមនុស្ស គេយល់ឃើញមនុស្សអ្វីៗដែលគេយល់ឃើញថា ទុកចិត្ត មិនទុកចិត្តទេ»។
លោកថ្លែងបញ្ជាក់ថា ការជ្រើសរើសមិនត្រូវបានធ្វើឡើងដោយតម្លាភាពនោះទេ ហើយការណ៍នេះ នឹងធ្វើឲ្យក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅក្នុងប្រទេសកម្ពុជាត្រូវប្រឈមនឹងបញ្ហាច្រំដែល ទាក់ទិនការឃ្លាំមើលដំណើរការនៃការបោះឆ្នោត និងការតស៊ូមតិ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព។ លោកនិយាយថា៖
«អាហ្នឹងវាជាការប្រឈមរបស់យើងខ្លាំង។ ពេលហ្នឹងការងារយើងហ្នឹងវាកាន់តែច្រើនទៀត។ តាមពិតបើសិនជាអគ្គលេខាធិការហ្នឹង ឬក៏ គ.ជ.ប.ហ្នឹងគេទុកចិត្ត ការងារសង្គមស៊ីវិលយើង យើងមិនចាំបាច់ប្រឈមអីខ្លាំងទេ។ យើងមិនចាំបាច់ទៅធ្វើអ្វីច្រើនទេ។ យើងធ្វើកិច្ចការងារ ដូចជាការងារអប់រំ ធ្វើកិច្ចការងារអ្វីខ្លះៗ ដែលវាមិនមែនជាទៅតាមឃ្លាំមើល ទៅតស៊ូមតិអ្វីដើម្បីឲ្យ គ.ជ.ប. ហ្នឹងដើរការងារបានតម្លាភាពត្រឹមត្រូវ។ ប៉ុន្តែឥឡូវយើងប្រឈម ត្រូវប្រើប្រាស់ធនធានទាំងអស់ហ្នឹងមកធ្វើកិច្ចការងារដដែល»។
យ៉ាងណាក៏ដោយ លោក ស៊ិក ប៊ុនហុក បានថ្លែងការពារការជ្រើសរើសនេះ ដោយលោកបានច្រានចោលមតិរិៈគន់ចំពោះតួនាទីរបស់ លោក ទេព នីថា។ លោកបញ្ជាក់ថា ការជ្រើសរើសនេះធ្វើឡើងដោយយោងទៅតាមមាត្រា៥៥នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរកាលពីឆ្នាំ២០១៥។
មាត្រា៥៥នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា៖«អគ្គលេខាធិការ និងអគ្គលេខាធិការរងត្រូវតែងតាំងដោយព្រះរាជក្រិត្យតាមសំណើរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីបានយោបល់យល់ស្របតាមសំឡេងភាគច្រើនដាច់ខាតនៃសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល»។
គ.ជ.ប.ថ្មីនេះត្រូវបានបង្កើតឡើងក្រោយពីមានដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការតវ៉ាក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣។
លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិ មានការសោកស្តាយចំពោះការជ្រើសរើសយកអគ្គលេខាធិការចាស់នេះ។ លោកបញ្ជាក់ថា៖
«គណបក្សសង្គ្រោះជាតិ យើងមានការសោកស្តាយ និងខកចិត្តទៅលើសមាជិកទាំងប្រាំបួនរូបរបស់ គ.ជ.ប. ដែលប្រជាពលរដ្ឋលោកចង់ឲ្យមានកំណែទម្រង់ ការផ្លាស់ប្តូរទាំងសមាសភាព គ.ជ.ប. ក៏ដូចជាអគ្គលេខាធិការ ហើយការជ្រើសរើសព្រឹកមិញនេះ ធ្វើឲ្យយើងមានការព្រួយបារម្ភ ហើយប្រជាពលរដ្ឋលោកអាចមិនមានជំនឿទុកចិត្តទៅលើគ.ជ.ប.ថ្មី»។
លោកបន្ថែមថា ការបំពេញមុខងាររបស់ លោក ទេព នីថា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាអ្នកបោះឆ្នោតមិនមានជំនឿទុកចិត្តពេញលេញក្នុងការបោះឆ្នោតនាពេលកន្លងមកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំង ឬគណបក្សនយោបាយផ្សេង មិនអាចជ្រៀតជ្រែកការងាររបស់ គ.ជ.ប. ដែលជាស្ថាប័នឯករាជ្យនោះទេ។ លោកក៏មិនអាចធ្វើការសន្និដ្ឋានទុកជាមុនថា នឹងមានភាពមិនប្រក្រតីកើតឡើងនៅក្នុងពេលបោះឆ្នោតនាពេលខាងមុខនោះដែរ ខណៈដែលលោក ទេព នីថា ត្រូវបានសម្រេចឲ្យកាន់ការងារជាអគ្គលេខាធិការរបស់ គ.ជ.ប. ថ្មីនេះ។
លោក ទេព នីថា បេក្ខជនដែលបានជាប់ជាអគ្គលេខាធិការ នៃ គ.ជ.ប.ថ្មីនេះ បានសម្តែងក្តីរីករាយចំពោះការជាប់ធ្វើជាអគ្គលេខាធិការនៃ គ.ប.ជ.ថ្មី ហើយលោកបានបេ្តជ្ញាថា នឹងបំពេញតួនាទីឲ្យបានកាន់តែល្អថែមទៀតនៅពេលខាងមុខ។ លោកក៏បានច្រានចោលមតិរិៈគន់នានាផងដែរចំពោះការជ្រើសរើសរូបលោក ដោយលោកអះអាងថា លទ្ធផលនៃការបោះឆ្នោតកន្លងមកត្រូវបានអ្នកសង្កេតការណ៍បោះឆ្នោតទទួលស្គាល់។
«ខ្ញុំគិតថា ប្រហែលជាយោបល់របស់គាត់ ឬក៏ពួកគាត់មួយចំនួនទេបាទ។ ព្រោះថា យើងធ្វើអ្វីវាមិនអាចថាល្អ១០០ភាគរយទេ ហើយមនុស្សយើងក៏គ្មាននរណាស្រឡាញ់យើង១០០ភាគរយដែរ។ អញ្ចឹងតែងតែមានអ្នកពេញចិត្ត អ្នកមិនពេញចិត្ត។ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ លទ្ធផលនៃការបោះឆ្នោតកន្លងមកហ្នឹង ត្រូវបានទទួលការវាយតម្លៃជាទូទៅ ទាំងអ្នកបច្ចេកទេស ទាំងអ្នកសង្កេតការណ៍បោះឆ្នោតទូទៅ រឿងវាយតម្លៃតម្លាភាព ឬកម្រិតបច្ចេកទេសហ្នឹងល្អ។ ហើយការកើតបញ្ហាក្រោយការបោះឆ្នោតនេះ ខ្ញុំគិតថា មួយចំនួនមិនមែនជារឿងបច្ចេកទេសទេ គឺជាការប្រកួតប្រជែងរវាងអ្នកនយោបាយទេបាទ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ប៉ុន្តែថ្ងៃពិតប្រាកដនៅមិនទាន់សម្រេចនៅឡើយទេ។
ការបោះឆ្នោតឆ្នាំ ២០១៣ បានបង្កឲ្យមានការធ្វើបាតុកម្មជាទ្រង់ទ្រាយធំពុំធ្លាប់មានក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោត ដែលអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិចោទថា លទ្ធផលឆ្នោតនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជារាស្រ្តខ្មែរ។ បាតុកម្មនេះក៏បានបញ្ចប់ទៅវិញ បន្ទាប់ពីអ្នកតំណាងរាស្ត្រទាំង៥៥រូបនៃគណបក្សសង្គ្រោះជាតិ បានសម្រេចចូលទៅអង្គុយនៅកៅអីរបស់ពួកគេវិញនៅក្នុងសភា ជាទីដែលពួកគេ និងអ្នកតំណាងរាស្ត្រនៃគណបក្សគ្រប់ប្រទេស ផ្តល់កំណើតដល់ គ.ជ.ប. ថ្មីនេះកាលពីឆ្នាំមុន៕