មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានអះអាងថា ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយប្រឆាំងនឹងរូបលោក គឺជាការព្រួយបារម្ភរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកនិយាយដូច្នេះ គឺសំដៅទៅលើការបោះឆ្នោតនៅឆ្នាំ២០១៧សំរាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស។ នេះជា ការអះអាងរបស់លោក សម រង្ស៊ីក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះ។
គណបក្សសង្គ្រោះជាតិកើនសម្លេងចំនួន៥០អាសនៈក្នុងសភាក្រោយការបោះ ឆ្នោត ឆ្នាំ២០១៣ ក្នុងពេលដែលគណបក្សកាន់អំណាចធ្លាក់សម្លេងពីចំនួន៩០មកត្រឹមចំនួន៦៨ អាសនៈក្នុងសភាដែលមានអាសនៈសរុបចំនួន១២៣នោះ។
មេដឹកនាំគណបក្សជំទាស់រូបនេះកំពុងជាប់ពាក្យបណ្តឹងរឿងព្រំដែន ជាប់បណ្តឹង ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលលោកសម្រេចចិត្តមិនទាន់ វិលមកកាន់ប្រទេសកម្ពុជាវិញ។ តែលោក សម រង្ស៊ីបានចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ បានប្រើប្រាស់តុលាការ ដើម្បីចាត់ការលោកនិងគណបក្សលោក។ លោកអះអាងថាលោកព្រួយពីអនា គតប្រទេសទាក់ទងនឹងបញ្ហាព្រំដែនដែលមានការបង្ខិតចូលកម្ពុជាកាន់តែច្រើន ការផ្តល់ដីសម្បទានយូរឆ្នាំ ដល់ក្រុមហ៊ុនបរទេស និងបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត ដែលលោកអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្ត។
នៅក្នុងឯកសារផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាចេញពីសន្និបាតគណៈ កម្មាធិការកណ្តាលលើកទី៣៩ អាណតិទី ៥ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ មករាឆ្នាំ២០១៦ បានទទួលស្គាល់ថា ការតស៊ូលើសមូរភូមិនយោបាយ សិតអារម្មណ៍ ជាមួយគណបក្សប្រឆាំងកាន់តែស្រួចស្រាល់ឡើង និងមានចរិកបដិបក្ខ ដោយបានចោទប្រកាន់ថាគណបក្សប្រឆាំងចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ីវិញបានអះអាងថាលោកនឹងវិលត្រឡប់មកកម្ពុជាវិញមុនការ បោះឆ្នោតជាមួយនឹងសម្ពាធពីអន្តរជាតិដើម្បីបន្តតស៊ូ ឲ្យសង្គមមានការផ្លាស់ប្តូរ ឲ្យទឹកដីគង់វង្ស មានសន្តិភាព ឲ្យជីវភាពពលរដ្ឋធូរធា រួចផុតពីការជំពាក់បំណុល និងទប់ស្កាត់ ចំណាកស្រុកជាដើម។
លោកថាគណបក្សលោកនឹងប្រជែងដោយសន្តិវិធីក្នុងការនៅឆ្នាំ២០១៧ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាត់និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាង មុខដើម្បីជ្រើសរើសមេដឹកនាំប្រទេស ហើយនឹងប្រមូលអ្នកសេ្នហាជាតិ ទាំងអស់ដើម្បីសង្គ្រោះជាតិ។
លោកបានបន្តថា ការលំបាកនឹងទទួលបានជោគជ័យដូចជាលោកបានតស៊ូ ជាមួយនឹងការចង់កំចាត់ ចង់សម្លាប់ជីវិតលោកយ៉ាងតិច៤ លើកកន្លងមកនោះ៕