ស្ត្រី​នៅ​ទូទាំង​ពិភពលោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​បញ្ចប់​ការ​បំពាន​លើ​ស្ត្រី​និង​កុមារី

រូបឯកសារ៖ ពលរដ្ឋលើកបដាប្រឆាំងនឹងអំពើហិង្សាអំឡុងពេលទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រីនៅក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ត្រី​នៅ​ទូទាំង​អឺរ៉ុប​និង​នៅ​តាម​បណ្ដា​ប្រទេស​ដទៃទៀត​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​បំពាន​ដែល​កាន់​តែ​រាលដាល​ខ្លាំង​ឡើង​ទៅ​លើ​ស្ត្រី​និង​កុមារី។ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ធ្លាប់​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​លើ​រូបរាងកាយ ​ឬ​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ពាក់កណ្ដាល​នៃ​ចំនួន​ស្ត្រី​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អំពើ​ហិង្សា ​រងគ្រោះ​ដោយសារ​ដៃគូ​ឬ​សមាជិក​គ្រួសារ​របស់​ពួកគេ។ អង្គការ​សហប្រជាជាតិ​បាន​យក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ជា​ទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។

ទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន ដូចជា​ការ​តវ៉ា​នៅ​តាម​ដងផ្លូវ​ ការប្រារព្ធ​ពិធី​បុណ្យសាសនា និង​ការ​តាំង​ពិព័ណ៌​ជាដើម។ នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​ដាក់​តាំង​បង្ហាញ​ស្បែក​ជើង​ពណ៌​ក្រហម ដែល​តំណាង​ឲ្យ​ស្ត្រី​ដែល​ត្រូវ​បាន​សម្លាប់​ដោយសារ​អំពើ​ហិង្សា។

អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា អំពើ​ហិង្សា​លើ​ស្ត្រី​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ ដោយសារ​តែ​វា​គំរាមកំហែង​ដល់​សន្ដិភាព​និង​សន្ដិសុខ​សកលលោក។

អ្នកស្រី Maria Luiza Ribeiro Viotti នៃ​ការិយាល័យ​ប្រតិបត្តិ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា៖ «វប្បធម៌​នៃ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ក៏​ផ្ដល់​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​ ប៉ះពាល់​ដល់​ការ​លើក​កម្ពស់​ដល់​ការ​គិត​គូរ​ដល់​មនុស្ស​គ្រប់គ្នា ហើយ​ក៏​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែរ។ អំពើ​ហិង្សា​ទប់ស្កាត់​ស្ត្រី​មិន​ឲ្យ​ចូលរួម​ក្នុង​គ្រប់​វិស័យ​នៅ​ក្នុង​សង្គម‍​បាន​»។

​រដ្ឋាភិបាល​បារាំង​បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ប្រកាស​អំពី​វិធានការ​ថ្មីៗ​សម្រាប់​ការពារ​ស្ត្រី។

លោក Edouard Philippe នាយករដ្ឋមន្ត្រី​បារាំង​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ឆ្នាំ​ក្រោយ រដ្ឋាភិបាល​នឹង​វិនិយោគប្រាក់​ជាង​មួយ​ពាន់​លាន​អឺរ៉ូ​ទៅ​លើ​សកម្មភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​សមភាព​រវាង​ស្ត្រី​និង​បុរស។ ក្នុង​នោះ ថវិកា​ចំនួន​៣៩៧​លាន​ដុល្លារ​នឹង​ត្រូវ​ប្រើប្រាស់​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី‍»។

ប៉ូលិស​អាំងទែប៉ូល​បាន​ក្រើន​រំឭក​ដល់​ប្រជាជន​ឲ្យ​រាយការណ៍​អំពី​ការ​ជួញដូរ​និង​ការ​កេងប្រវ័ញ្ច​លើ​ស្ត្រី​និង​កុមារី នៅ​ពេល​ដែល​ពួកគេ​បាន​ដឹង​អំពី​រឿង​នេះ។

លោក Jurgen Stock អគ្គលេខាធិការ​ប៉ូលិស​អាំងទែប៉ូល​បាន​ថ្លែង​ថា៖ «៧១%​នៃ​ជនរងគ្រោះ​ដោយ​សារ​ការ​ជួញដូរ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​គឺ​ជា​ស្ត្រី​និង​កុមារី ហើយ​៧៥%​គឺ​ជា​គោលដៅ​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ។ ការ​អំពាវនាវ​របស់​ប៉ូលិស​អាំងទែប៉ូល​គឺ​ជា​ការ​ក្រើន​រំឭក​ថា ការ​នាំ​ជនល្មើស​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន​គឺ​ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៃ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​អន្តរជាតិ‍»។

ប្រទេស​នីហ្សេរីយ៉ា​បាន​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​មាន​គោលបំណង​បញ្ចប់​វប្បធម៌​នៃ​ការ​ការពារ​អ្នក​រំលោភ​សេពសន្ថវៈ ​ជាជាង​ការពារ​ជនរងគ្រោះ។

អ្នកស្រី Leymah Roberta Gbowee ជ័យលាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​ឆ្នាំ​២០១១​បាន​ថ្លែង​ថា៖

«ដល់​ពេល​ហើយ​ដែល​ក្រុម​ស្ត្រី​ បុរស និង​ស្ថាប័នដែល​ធ្វើការ​ដើម្បី​ចេតនា​ល្អ​ទាំងអស់បញ្ជាក់​ឡើង​វិញ​ទៅ​កាន់​សមាជិក​សហគមន៍​របស់​ខ្លួន​ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា​ការ​រំលោភ​សេពសន្ថវៈ​មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​ផ្ដល់​យុត្តិធម៌​ដោយ​ព្រះ​ជា​ម្ចាស់​នោះ​ទេ។ ការណ៍​ដែល​ឲ្យ​ព្រះជាម្ចាស់​ជា​អ្នក​រក​យុត្តិធម៌ឲ្យ​មិនមែន​ជា​ជម្រើស​នោះ​ទេ មាន​តែ​ការ​ផ្ដល់​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ទេ​ដែល​ជា​ជម្រើស​ដ៏​ល្អ​មួយ​នោះ‍»។

ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​នេះ​សម្រាប់​ការពារ​ស្ត្រី​នោះ​ទេ។ គណបក្ស Vox ដែល​ប្រកាន់​ស្ដាំ​និយម​នៅ​ក្នុង​ប្រទេស​អេស៉្បាញ​បាន​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​ដែល​មាន​គ្រប់​គណបក្ស​នយោបាយ​ចូលរួម ដើម្បី​ថ្កោលទោស​ដល់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​នោះ​ទេ។ ​

លោក Javier Ortega នៃ​គណបក្ស Vox ក្នុង​ប្រទេស​អេស៉្បាញ​បាន​ថ្លែង​ថា៖ «ក៏​មាន​បុរស​ដែល​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ស្ត្រី​ដែរ ដែល​ពួកគេ​ត្រូវ​បាន​ភរិយា​របស់​ខ្លួន​ធ្វើ​ឃាត។ បុរស​ទាំង​នោះ​គួរ​តែ​ទទួល​បាន​ការ​ការពារ​ដូច​គ្នា​ដែរ‍»។

អាជ្ញាធរ​តួកគី​កាល​ពី​ដើម​ឡើយ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ទេ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន។ ប៉ូលិស​បាន​បាញ់​ទឹក​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​ទៅ​លើ​ហ្វូង​អ្នក​តវ៉ា​ដើម្បី​បំបែក​អ្នក​តវ៉ា​ដែល​ដើរ​ហួស​ពី​ដែន​កំណត់​ដែល​អាជ្ញាធរ​បាន​អនុញ្ញាត៕ ​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា