សំណុំរឿង​ខ្មែរ​ក្រហម​០០៣ និង​០០៤​មិន​ដើរ​ទៅ​មុខ

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​​ខ្មែរ​ក្រហម​ចង់​ឃើញ​ដំណើរការ​នេះ​ដើរ​ទៅ​មុខ ​ដោយ​គ្មាន​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌។​

សំណុំ​រឿង​បន្ថែម​ដ៏ចម្រូង​ចម្រាស​ ០០៣ ​និង​០០៤ ​មិន​ទៅ​មុខ​ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​ផ្សេង​ទៀត។​ ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ចង់​ឃើញ​ដំណើរការ​នេះ​ដើរ​ទៅ​មុខ ​ដោយ​គ្មាន​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌។​

ក្តី​បារម្ភ​របស់​អ្នក​សង្កេត​ការណ៍​ដូច្នេះ​គឺ​យោង​ថា ​ក្រុម​មេធាវី​ជន​សង្ស័យ​មិន​ទាន់​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ការពារ​កូន​ក្តី​របស់​គេ​នៅ​ឡើយ​ទេ។​

សំណុំ​រឿង​០០៣​ និង​០០៤​នៃ​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប. កំពុង​ស្ថិត​នៅក្នុង​ភាព​ចម្រូង​ចម្រាស​ចំពោះ​បញ្ហា​នីតិវិធី​ដ៏​ស្មុគស្មាញ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ម្តង​ជា​ពីរ​ដង​កាល​ពី​អតីត​កាល​ថា ​មិន​ចង់​ឲ្យមាន​ដំណើរការ​ទៅ​មុខ។​ សំណុំ​រឿង​នេះ​កំពុង​ជួប​បញ្ហា​នីតិវិធី​ខ្លះៗ​ ដែល​ពិបាក​ដោះស្រាយ​ ហើយ​ជាក្តី​បារម្ភ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​ ទោះបី​ជា​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​ក្តី។

បញ្ហា​ទាំងនោះ​មាន​ដូចជា​មេធាវី​មិន​អាច​ចូល​មើល​សំណុំ​រឿង​បាន​ សហ​ចៅក្រម​ ស៊ើប​អង្កេត​បរទេស​គ្មាន​កិច្ច​សហការ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​មិន​បាន​ទទួល​កិច្ច​សហ​ការ​ពីចៅក្រម​ភាគី​កម្ពុជា​ ជន​សង្ស័យ​គ្មាន​មេធាវី​ សហ​ចៅក្រម​ស៊ើប​អង្កេត​មិន​ទទួល​ស្គាល់​មេធាវី​ សហ​ ចៅក្រម​ស៊ើប​មិន​អាច​ចោទ​ប្រកាន់​ និង​ចាប់ខ្លួន​ជន​សង្ស័យ​បាន​ ហើយ​ភាគី​ទាំង​ ពីរ​ចេះតែ​បន្ត​ដំណើរ​ការ​ដោយ​យុត្តិសាស្ត្រ​ស្ងៀម​ស្ថាត់​ក្នុង​រយៈពេល​៥ឆ្នាំ​ជាង​ មក​នេះ។​

លោក​ជេម ​ហ្គោលស្តុន ​(James Goldston) ​នាយក​អង្គការ​ច្បាប់​របស់​ស.រ.អា.​ មាន​មូលដ្ឋាន​ក្នុង​ក្រុង​ញូយ៉ក​ ដែល​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម ​បាន​ថ្លែង​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ចាំបាច់​ត្រូវ​ពន្យល់​អំពី​បញ្ហា​នានា​ដល់​សាធារណៈ ​ជា​ពិសេស​លើ​បញ្ហា​ដូចជា​ ការ​មិន​ឲ្យ​មេធាវី​ជន​សង្ស័យ​អាច​ចូល​មើល​សំណុំ​រឿង​បាន​នោះ។​

«ដូច្នេះ​មាន​សំណួរ​អំពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ទោស​ដោយ​យុត្តិធម៌​ក្នុង​សាលាក្តី​ខ្មែរក្រហម ​និង​សំណួរ​អំពី​សមត្ថភាព​និង​ប្រសិទ្ធិភាព​នៃការ​ស៊ើប​អង្កេត​ផង​ដែរ។​ ក្រុម​អ្នក​ការពារ​ក្តី​មិន​អាច​ធ្វើ​កិច្ចការ​របស់​ពួកគេ​បាន​ត្រឹមត្រូវ​ទេ​ ក្នុង ការ​ផ្តល់ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ប្រសិន​បើ​ពួកគេ​មិនអាច​ចូល​បើក​ មើល​សំណុំ​រឿង​បាន​ ឬ ​ប្រសិន​បើ​ពួកគេ​មិនអាច​ចូលរួម​ស៊ើប​អង្កេត​បាន​ រហូត ទាល់​តែជិត​ទីបញ្ចប់​នៃការ​ស៊ើប​អង្កេត​នោះ»។

ការ​ស៊ើប​អង្កេត​បាន​បន្ត​រហូត​មក​ជាយូរ​ហើយ។​ ប្រសិន​បើ​ក្រុម​មេធាវី​មិន​អាច​ ចូល​មើល​សំណុំ​រឿង​បាន​ទេ​ គ្មាន​នរណា​ម្នាក់​ដឹង​ថា ​អ្វី​កំពុង​កើត​ឡើង​ទេ ​ឬ ​ថា​ តើ​សិទ្ធិ​ជន​សង្ស័យ​ត្រូវ​ការពារ​យ៉ាង​ម៉េច​កើត។ ដូច្នេះ​យើង​ត្រូវ​ការ​ព័ត៌មាន​ខ្លះៗ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ ការិយា​ល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ ដើម្បី​បញ្ជាក់​ ថា តើ​ស្ថានភាព​នៃ​ការ​ស៊ើប​អង្កេត​កើត​ឡើង​យ៉ាងណា​ហើយ? ​តើ​គេ​ធានា​ដល់​ ក្រុម​មេធាវី​ការពារ​ជន​សង្ស័យ​ក្នុងការ​ការពារ​កូនក្តី​គេយ៉ាង​ម៉េច?»​

លោក​ឡុង បញ្ញាវុធ​ មន្ត្រី​កម្មវិធី​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ ដែល​ឃ្លាំ មើល​សាលាក្តី​ខ្មែរក្រហម ​បាន​ថ្លែង​បន្ទ​ថា៖​

«អញ្ចឹង​ការ​ដែល​ជន​សង្ស័យ​អត់ទាន់​មាន​មេធាវី​ការពារ​រឿងក្តី​នោះ​ យើង​មាន​ កង្វល់​ទី១​ ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ​ហើយ​វា​ក៏ ​អាច​ប៉ះពាល់​ទៅ​ដល់​សុចរិតភាព​ និង​ដំណើរការ​ស៊ើប​អង្កេត​ពេញ​លេញ​លើ ​សំណុំ​រឿង​០០៣ ​និង​០០៤»។​

លោក ​ឡុង បញ្ញាវុធ​បាន​បន្ថែម​ថា​ សហ​ចៅក្រម​បរទេស​លោក​ម៉ាក ហាម៊ែន​(Mark Harmon)​ គួរ​តែ​ទទួល​ស្គាល់​មេធាវី ​ហើយ​និងធ្វើការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ដើម្បី​ឲ្យ​មេធាវី​អាច​ដំណើរ​ការ​សំណុំ​រឿង​បាន។​

«តែ​ដើម្បី​មេធាវី​មាន​សិទ្ធិ​មើល​សំណុំ​រឿង​បាន​ ទាល់តែ​មេធាវី​ហ្នឹង​ត្រូវ​បាន​ទទួល​ ស្គាល់​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត។​ ហើយ​យើង​គិត​ថា​ ចៅក្រម​ស៊ើប​អង្កេត​ គាត់​មិន​ព្រម​ទទួល​ស្គាល់​មេធាវី​ទេ​ លុះត្រាតែ​ជន​សង្ស័យ​ហ្នឹង​ត្រូវ​បាន​ចោទ។អញ្ចឹង​គាត់​អត់​ចង់​ចោទ។​ អញ្ចឹង​ហើយ​បាន​ជា​គាត់​មិន​ទទួល​ស្គាល់​មេធាវី។​អញ្ចឹង​ការ​ដែល​ជន​ជាប់​ចោទ​អត់​ទទួល​ស្គាល់​មេធាវី​បាន​ន័យ​ថា​ មេធាវី​អត់​អាច​ មាន​សិទ្ធិ​មើល​សំណុំ​រឿង​បាន​ ហើយ​មិនអាច​ចូលរួម​នៅក្នុង​ដំណើរការ​ស៊ើប​អង្កេត​ដើម្បី​ធានា​បាន​នៅ​សិទ្ធិ​របស់​ជនជាប់​ចោទ»។​

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​ម្នាក់​នៃ​សំណុំ​រឿង​០០៣​ស្ថិត​នៅ​ក្នុង​បញ្ហា​ចម្រូង​ចម្រាស់​គឺ​ផល​ប៉ះពាល់​ដល់​ទំនាស់​ផល​ប្រយោជន៍​ ដោយ​សារ​សហ​មេធាវី​នេះ​ធ្លាប់​ការ​ពារ​ដល់​ជន​ជាប់​ចោទ​អៀង សារី ជា​មេដឹកនាំ​ខ្មែរក្រហម​ ដែល​បាន​ស្លាប់​មុន​ការ​កាត់​ទោស។​ ដោយ​ឡែក​មេធាវី​សំណុំ​រឿង​០០៤ ​ដែល​មាន​ជនជាប់​ចោទ​បី​នាក់​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យមើល​សំណុំ​រឿង​ទេ ​ដោយសារ​ថា​ ជន​សង្ស័យ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ ​ឬ​ចាប់​ខ្លួន។​

«អញ្ចឹង​ការ​ខកខាន​នៅក្នុង​ការ​ទទួល​ស្គាល់​មេធាវី​ដោយ​ការិយាល័យ​សហ​ចៅ ក្រម​ស៊ើប​អង្កេត ​អាចមាន​រឿង​ពីរ។​ រឿង​ទីមួយ​គាត់​អត់​ចង់​ទទួល​ស្គាល់​ ដោយ​ គាត់​អត់​ចង់​ឈ្លោះ​ជាមួយ​សហ​ចៅក្រម​ជាតិ​ខ្មែរ។ ​នេះជា​ភាព​កម្សោយរបស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ។​ ហើយ​ទីពីរ​ ការ​ដែល​មិន​ទទួល​ស្គាល់​ជន​សង្ស័យ​ឲ្យ​មាន​មេធាវី​គឺ​គាត់​អត់​ចង់ប្តូរ​ពី​ជន​សង្ស័យ​ទៅ​ជា​ជន​ជាប់​ចោទ»។​

លោក ​យុ ឆាំង ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​ស្រាវជ្រាវ​កម្ពុជា​ បាន​ថ្លែង​ថា​ ការ​ មិន​ទទួល​ស្គាល់​ការ​ស៊ើប​អង្កេត​មុន​គឺ​ជា​បញ្ហា ​ហើយ​ការ​ដែល​អូស​បន្លាយ​ពេល យូរ​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​បន្ថែម​ជា​បញ្ហា​ដែរ។​

«នេះ​ជា​បញ្ហា​សំខាន់ ​ជា​បញ្ហា​ចម្បង​មួយ​ដែល​ថា​ ពេល​វេលា​កំណត់​មួយ​ដែល​ ត្រូវ​បញ្ចប់​ការ​ស៊ើប​អង្កេត​មួយនៅពេល​ណា​ គួរ​ត្រូវ​មាន​ដើម្បី​ឲ្យ​មាន​ការ​ទុក​ចិត្ត​ ទៅ​លើ​ដំណើរ​ការ​ទាំង​មូល​ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពី​មុន​ដែរ»។​

លោក​ថ្លែង​ទៀត​ថា​ ការ​ស៊ើប​អង្កេត​គួរ​ប្រើប្រាស់​ទៅ​លើ​អ្វី​ដែល​មាន​ ហើយ​បន្ថែម​ទៅលើ​អ្វី​ដែល​ មានដើម្បី​កំណត់​ពេល​ជាក់​លាក់​ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ជាក់​ទាំង​ស្រុង។​

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​លោក​ នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​កាត់​ទោស​ ខ្មែរក្រហម​ បាន​អះអាង​ថា​ សំណុំ​រឿង​ ០០៣ ​និង​០០៤​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​សហ ​ចៅក្រម​ស៊ើប​អង្កេត ​ហើយ​សំណុំ​រឿង​០០៣​កំពុង​មាន​ការ​ខ្វែង​គំនិត​គ្នា​ ដោយ​ សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​អះអាង​ថា​ ការ​ស៊ើប​អង្កេត​បាន​ធ្វើ​ចប់​ហើយ​ តែចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ឲ្យដឹង​ថា​ ការ​ស៊ើប​អង្កេត​ធ្វើ​មិន​ទាន់​ចប់​ទេ។​

«អញ្ចឹង​គឺ​នៅ​ក្នុង​ដំណើរការ​ស៊ើប​អង្កេត​ ក៏ដូច​ជា​នីតិវិធី​ហ្នឹង​គឺ​គេ​អនុវត្ត​ទៅ​តាម​ វិធាន​ផ្ទៃ​ក្នុង​ដែល​មាន​ ហើយ​ដោយ​ឡែក​សំណុំ​រឿង​០០៤​កំពុង​គឺ​កំពុង​តែ​បន្ត​ ការ​ស៊ើប​អង្កេត​ ហើយ​យោង​តាម​កាល​វិភាគ​ដែល​ការិយាល័យ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បង្ហាញ​ហ្នឹង​គឺ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​នេះ​គឺគ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤»។​

លោក​ថ្លែង​ថា​ ក្រោយ​ការ​ស៊ើប​អង្កេត​ ដែល​គេ​រំពឹង​ថា​ ​ធ្វើ​ចប់នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ ​ ពេលនោះ​ហើយ​គេ​នឹងដឹងច្បាស់​ជាង​នេះ​ ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ ពេល​ដែល​គាត់​បញ្ចប់​ការ​ស៊ើបអង្កេត ​ហើយ​ដំណើរ​ការ​នីតិវិធី​មានការ​បោះ​ជំហាន​ទៅមុខ​ជាលំដាប់​លំដោយ​ ហើយ​សហ​ចៅ​ក្រមស៊ើប​អង្កេត​ក៏មាន​ការ​ទទួល​ស្គាល់​ដែរ​ចំពោះ​ការ​តែងតាំង​មេធាវី។

ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​វិវាទ​ទាក់ទង​នឹង​រឿង​ទទួល​ស្គាល់​មេធាវី​ និង​ការ​យល់​ព្រម ​ឬ​មិន​យល់​ព្រម​លើ​សមត្ថភាព​ជួល​មេធាវី​បាន​ឬ​មិន​បាន​ សម្រាប់​ជន​សង្ស័យ​ដែល​បន្តទៅ​ដល់​អង្គបុរេ​គឺ​ទាមទារ​ពេល​វេលា​ដោះស្រាយ​យូរ​ទៀត។

លោក​ឡុង បញ្ញាវុធ​វិញ​បាន​បន្ថែម​ទៀត​ថា​ ការ​ស៊ើប​អង្កេត​ដោយ​គ្មានការ​សហ​ការ​ពី​សហ​ចៅក្រម​កម្ពុជា​ កង្វះ​ព័ត៌មាន​ដែល​ធ្វើ​ឲ្យជន​រងគ្រោះ​មិន​សប្បាយ​ចិត្ត​ ការ​មិន​បំពេញ​មុខងារ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​តាម​កិច្ច​ព្រម​ព្រៀង​ ដើម្បី​ឲ្យ​ដំណើរការ​នេះ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ និង​ឯករាជ្យ​នោះ​ គឺ​ជារឿងគួរ​ឲ្យ​សោក​ស្តាយ។​

«អញ្ចឹង​យើង​ឃើញ​ថា​ ភាព​ខ្សោយ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ ចំពោះ​ការ​ដែល​មិន​អាច​បំពេញ​មុខងារ​របស់​ខ្លួន ​ដែលមាន​ចែង​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​នោះ​ គឺ​ជា​ការ​មួយ​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​អត់​បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​តាម​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ធានា​ឲ្យបាន​នូវ​ដំណើរការ​ក្តី​ដោយ​យុត្តិធម៌​ហើយ​នឹង​ឯករាជ្យ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បាន​ស្វាគមន៍​ការ​រីក​ចម្រើន​ថ្មីៗ​ខ្លះ​ក្នុង​សាលាក្តី​ ខ្មែរក្រហម​ រួមទាំង​ការ​តែង​តាំង​មេធាវី​ជាតិ ​និង​មេធាវី​អន្តរជាតិ​សម្រាប់​សំណុំ​ រឿង​០០៤ ​ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ការពារក្តី​ផង​ដែរ។

សំណុំ​រឿង​០០៣​មាន​ជនជាប់​ចោទ​ម្នាក់​គឺលោក​មាស មុត ​អតីត​មេ​បញ្ជាការ​ កងទ័ព​ជើងទឹក​ខ្មែរក្រហម ​ហើយ​សំណុំ​រឿង​០០៤​មាន​ជន​សង្ស័យ​៣​នាក់​គឺ​ អ្នកស្រី​អ៊ឹម ចែម ​តាទិត​ ឬ​យឹម ទិត ​និង​តា អាន ​ឬ​ អោម អាន។​ ​

សាលាក្តី​កាត់​ ទោស​ខ្មែរក្រហម​ ដែល​ចំណាយ​ថវិកា​២០០​រយ​លាន​ដុល្លារ​នេះ​កំពុង​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គ១​អំពី​រឿង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង ​ហើយ​កំពុង​រង់ចាំ​សាល​ក្រម​ មុនពេល​បន្ត​ទៅ​កាន់​សំណុំ​រឿង​សំខាន់​គឺ​០០២ ​វគ្គ​ទី២។​ សំណុំ​រឿង​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្ម​របស់​មេ​ដឹកនាំ​កំពូល​ ខ្មែរក្រហម​ពីរនាក់​គឺ​នួន ជា​ និង​ខៀវ សំផន​ ដែល​សង្ស័យ​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩៕