មេធាវី​ជូង ជូងី៖ សកម្មជន​នឹងត្រូវ​ដោះលែង​ព្រោះ​ស្ថានភាព​នយោបាយ​ប្រសើរ​ឡើង

  • នៅ វណ្ណារិន

កម្រង​រូបភាពកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥៖ សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​សកម្មជន​ជាប់​ពន្ធនាគារ​១០នាក់ និង​ព្រះសង្ឃ​មួយ​អង្គ

សកម្មជន​គណបក្ស​សង្គ្រោះជាតិរួមទាំងក្រុមស្ត្រី​សកម្ម​ជន​ដី​ធ្លី​បឹង​កក់​និង​បូរីកីឡា​ចំនួន១៩នាក់​អាច​នឹង​ត្រូវដោះលែង​ឲ្យ​មាន​សេរីភាព​ព្រមគ្នា​នា​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។​ នេះ​បើ​តាម​ការឲ្យដឹង​ពី​មេធាវី​និង​ក្រុម​សាច់​ញាតិ​របស់អ្នក​ទាំង​នោះ។

​លោក​ ជូង ជូងី​ មេធាវី​កាពារក្តី​ឲ្យ​ក្រុមសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​នេះ​នៅ​វិមាន​រដ្ឋសភា​ថា​ក្រុម​មេធាវី​គណបក្ស​សង្គ្រោះជាតិ​កំពុង​តែ​ធ្វើ​ការ​លើ​សំ​ណុំឯកសារ​ដើម្បី​ឲ្យ​មាន​ការដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ចំនួន​៥រូប​ដែល​ស្ថិត​នៅ​ក្នុង​ ពន្ធនាគា​ព្រៃស​ឲ្យ​នៅ​ក្រៅ​ឃុំ​ និង​ស្នើ​ឲ្យ​មាន​ការលើកលែង​ទោស​ដល់​ក្រុមសកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់​រួមទាំង​អតីត​ព្រះសង្ឃ​ចំនួនបី​នាក់​ទៀត​ផង។

​«ម្សិលមិញ​នេះ​ក្រុម​ខ្ញុំ​ជា​មេធាវី​និង​បាន​រៀបចំ​ពាក្យ​សុំ​ដាក់​ទៅ​តុលាកា​ស្នើឲ្យ​មាន​ការ​ដោះលែង​អស់​ហើយ ទាក់ទិន​និង​ស្ត្រី​បឹងកក់ ​ក្រុម​មាជ​ សុវណ្ណារ៉ា​៥នាក់​ ហើយ​នឹង​សង្ឃ​បី​អង្គ។​ តាម​ការ​ព្យាករណ៍​គឺ​ត្រូវ​ដោះ​នៅ​ថ្ងៃច័ន្ទ​នេះ​ហើយ»។​

លោក​បាន​បន្ថែម​ថា​ ក្រុមស្ត្រី​បឹងកក់​ទាំង១១​រូប​រួមទាំង​អតីត​ព្រះសង្ឃបីរូប​នឹង​ត្រូវបាន​ ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី​ព្រះរាជ​ទានទោស​និង​ដោះលែង​ស្របពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​គ្រោងនឹង​បើក​សវនាការ​ដើម្បី​សម្រេច​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅឃុំនា​ថ្ងៃ​ច័ន្ទ​នោះ​ផងដែរ។​ ក៏ប៉ុន្តែ​សកម្មជន​ទាំងនោះ​ត្រូវតែ​ផ្តិត​មេដៃ​ដក​ពាក្យ​បណ្តឹង​សាទុក្ខ​របស់​ពួក​គេ​ចេញ​ពី​តុលាកា​កំពូល​ជាមុន​សិន។

លោក​មាជ សុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​១០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤​ ​ដែល​បាន​បណ្តាល​ឲ្យ​កង​សន្តិសុខ​ដែល​ត្រូវ​បាន​ជួល​ដោយ​សាលា​ក្រុង​ភ្នំពេញ​ប្រមាណ​ជិត​៥០​នាក់ ​បាន​រង​របួស។​សកម្មជន​នយោ​បាយ​ចំនួន​ប្រាំមួយ​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​រួច​ហើយ។​

កម្រង​រូបភាព៖ សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​សកម្មជន​ជាប់​ពន្ធនាគារ​១០នាក់ និង​ព្រះសង្ឃ​មួយ​អង្គ

ដោយ​ឡែក​ក្រុម​សកម្មជន​ជាស្ត្រី​និង​អតីត​ព្រះសង្ឃ​ចំនួន​១១នាក់​ផ្សេងទៀត​ត្រូវបានតុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ពន្ធនាគារ​ដោយ​ពួកគាត់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​រឿង​ទឹកលិច​ផ្ទះ​របស់​ពួកគាត់។​

កញ្ញាហេង សុខា​ដែល​ជាកូន​ស្រី​របស់​លោក​យាយ​ង៉ែត ឃុន ​ហៅម៉ាំមី ​សកម្មជន​ដីធ្លី​ដ៏​សកម្ម​នោះ​បាន​បា្រប់​ឲ្យ​ដឹង​ថា​សកម្មជន​ដីធ្លី​ទាំងអស់​បាន​យល់ព្រម​ដកបណ្តឹង​សាទុក្ខ​របស់​ពួក​គេចេញ​ពី​តុលាការ​កំពូលរួច​ បន្ទាប់​ពី​ក្រុមតំណាងរាស្រ្ត​មកពី​គណបក្ស​សង្គ្រោះ​បាន​ស្នើ​សុំ​នោះ។ ហើយ​ពេល​នេះ​ពួក​គាត់ ​រង់ចាំ​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី​ព្រះរាជទាន​ទោស។

«ពួកយើង​អត់មាន​នឹកស្មាន​ថា​គេដោះលែង​មុន​ចូល​ចូលឆ្នាំ​នេះ​អញ្ចឹង។​ ទាល់​គេ​ដោះលែង​គេ​ឲ្យ​យើង​ផ្តិត​មេដៃ​ និង​ជូន​ដំណឹង​ភ្លាមៗ​អញ្ចឹង។​ យើង​មាន​អារម្មណ៍​ប្លែក​និង​រំភើប»។​

គួរ​បញ្ជក់​ផង​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​គណបក្ស​នយោ​បាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ឯកភាព​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​មានភាព​ធូរ​ស្រាល​ឡើង​វិញ។​

លោក​ ជូង ជូងី​បាន​បន្ថែម​ថា​ដំណើរ​ការ​ដោះលែង​នេះ​គឺ​ដោយសារ​តែមេដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​ការ​ឯកភាព​ផ្នែក​នយោបាយ​ហើយអ្ន​កទោសនយោបាយ​ទាំង​អស់​គួរ​មាន​ការ​ដោះលែង។

«វា​ជា​ការ​សម្រប​សម្រួល​នយោបាយ​ និយាយ​រួម​ស្ថានភាព​នយោបាយ​វា​មាន​ការ​ប្រសើ​ឡើង​ ហើយ​ដែរ​អ្នកដឹកនាំ​កំពូល​នៃ​គណបក្សសង្គ្រោះជាតិ​និង​សម្តេច​នាយក​មាន​ដំណោះស្រាយ​ល្អ​ ម្លោះហើយ​អ្នក​ដែល​ពាក់ព័ន្ធ​នយោបាយ​ទាំង​អស់​គួរ​មាន​ការ​ដោះលែង»។

លោក​ ឈឹម ផលវរុណ ​អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​បញ្ជាក់ថា​ការដោះ​លែង​នោះ​ដោយ​សារ​បរិយាកាស​សង្គម​មាន​ការ​ធូរ​ស្រាល​ឡើង​វិញ​ដែរ។

លោក​ អំ សំអាត ប្រធាន​ក្រុម​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ​ ក៏​ប៉ុន្តែ​លោក​មាន​ការ​សោកស្តាយ​ដែល​អ្នក​នយោបាយ​នៅ​កម្ពុជា​ តែងតែ​ អនុវត្ត​វប្បធម៌​ ​យក​សកម្មជន​របស់​គណបក្ស​នយោបាយ​ឬ​ដីធ្លី​ទាំង​នោះ​ជា​ថ្នូរ​នឹង​ការ​ចរចា​ដោះ​ស្រាយ​ទំនាស់​របស់ខ្លួននោះ៕​