ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខុមហ្វ្រែល៖ សភា​បរាជ័យ​លើ​បញ្ហា​ដីធ្លី ការសម្លាប់​កម្មករ​និង​រំលោភ​សិទ្ធិ​មនុស្ស

  • គង់ សុឋានរិទ្ធិ

ក្រុម​អ្នករងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​បាន​មក​តវ៉ា​នៅ​ខាង​ក្រៅ​អគារ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះលែង​សកម្មជន​បឹងកក់​ចំនួន​១០​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ។

រដ្ឋ​សភា​មិន​បាន​ជួយ​ដោះ​ស្រាយទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ ​ការបាញ់​សម្លាប់ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ និង​ការ​រំលោភ​សិទ្ធិ​មនុស្សនោះ​ទេ។

​នេះ​គឺជា​ការ​កត់​សម្គាល់​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ដែល​ហៅ​ថា​ខុមហ្វ្រែល ​នៅ​ក្នុ​ង​របាយការណ៍​អង្កេតដំណើរ​ការ​រដ្ឋ​សភាដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ។

នេះ​គឺជា​របាយការណ៍​លើក​ដំបូង​របស់​អង្គការ​ដដែល​នេះ​ក្រោយ​ពី​រដ្ឋសភា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរ​រួម​គ្នា​កាល​ពី​ចុង​ឆ្នាំ​មុន​បន្ទាប់​ពី​បញ្ចប់​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។

របាយការណ៍​ដដែល​សង្កត់​ធ្ងន់​ថា​បញ្ហា​ខាង​លើ​គឺ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

​ក្នុ​ង​របាយការណ៍​អង្កេត​កម្រាស់​៤២​ទំព័រ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ឬ​ខុមហ្វ្រែល​បាន​បង្ហាញថា​ក្រុម​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លក្ខណៈ​សកម្ម​ជាង​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

​ខុមហ្វ្រែល​គូស​បញ្ជាក់ថា «បន្ទាប់​ពី​គណៈកម្មការ​ជំនាញ​មួយ​ចំនួន​នៃ​រដ្ឋ​សភា​ត្រូវ​បាន​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ​គណៈកម្មការ​ទាំង​នោះ​បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្មក្នុ​ងការ​កោះ​ហៅ​រដ្ឋ​មន្ត្រី ​ឬ​តំណាង​រាជ​រដ្ឋា​ភិបាល​មក​បំភ្លឺដើម្បី​សាក​សួរ​និង​ពិភាក្សា​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​សង្គមមួយ​ចំនួន​ជា​ពិសេស​បញ្ហា​ទំនាស់​ដីធ្លី»។

​នៅ​ក្នុ​ងនោះ​ដែរ​ខុម​ហ្វ្រែលបាន​រៀប​រាប់​ថា​ក្នុង​ចំណោម​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​៦៨​រូប​របស់​គណបក្ស​ប្រជាជនមាន​តំណាងរាស្ដ្រ​តែ​៥០​រូប​ប៉ុណ្ណោះ​បាន​ចុះ​ធ្វើ​សកម្ម​ភាព​ក្នុ​ងមូល​ដ្ឋាន​បាន​ចំនួន​៦១០​លើក ​គឺ​ជា​មធ្យម​តំណាង​រាស្ដ្រ​មួយ​រូប​ចុះ​មូល​ដ្ឋាន​បាន​១២​លើក​សម្រាប់​ដើម​អណត្តិ​ទី​៥​នៃ​រដ្ឋ​សភា​នេះ។

​ដោយឡែក​តំណាង​រាស្ដ្រ​ចំនួន​៤៦​រូប​ក្នុ​ងចំណោម​តំណាង​រាស្ដ្រ​សរុប​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​មូល​ដ្ឋានបាន​៦៦៤​លើក។ ពោល​គឺ​៥៤​ដង​ច្រើន​ជាងតំណាង​រាស្ដ្រ​នៃ​បក្ស​កាន់​អំណាច។​

​របាយ​ការណ៍​ខុម​ហ្វែ្រល​បញ្ជាក់​បន្ថែម​ថាការ​ចុះ​មូល​ដ្ឋានរបស់​ក្រុម​តំណាង​រាស្ដ្រ​ផ្តោត​សំខាន់​លើ​បញ្ហា​ពីរ​នោះ​គឺការចុះ​សួរ​សុខ​ទុក្ខ​ម្ចាស់​ឆ្នោត​និង​ចែក​អំណោយ​រួម​ទាំង​ការ​សំណេះ​សំណាល ​និង​បញ្ហា​ទី​ពីរ​គឺ​ជា​ការ​ចុះ​មូល​ដ្ឋាន​ដើម្បី​ពង្រឹង​បណ្តាញ​គណបក្ស​នៅ​មូល​ដ្ឋាន។

​ជាមួយ​គ្នា​នេះ​ដែរ​ខុមហ្វ្រែល​បាន​ផ្តល់​អនុសាសន៍​ថាឲ្យ​មាន​ការ​កែ​ទម្រង់​រដ្ឋ​សភា ​ធានា​ប្រសិទ្ធភាព​និង​តម្លា​ភាពជាដើម។

​លោកគល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វែ្រលបានគូស​បញ្ជាក់​អំពី​ការ​កែទម្រង់​នេះ។

«យើង​នៅ​ឃ្លាំ​មើល​ជា​និច្ច​អំពី​កំណែ​ទម្រង់​នេះ។ ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កំណែទម្រង់​រដ្ឋ​សភា​នេះ​ល្អ​ជាង​មុន»។

​លោកគឹម សួភារិទ្ធ ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​វត្តមាន​ក្នុ​ងពិធី​បង្ហាញ​របាយ​ការណ៍​របស់​អង្គការ​ខុម​ហ្វ្រែល​នេះ​បាន​សម្តែង​ការ​គាំទ្រ​ដល់​របាយការណ៍​តាមដាន​រដ្ឋសភា​នេះ។

«យើង​បាន​ធ្វើ​កិច្ច​ការ​ប្រសើរ​ជាង​អណត្តិ​មុនៗ។​ខ្ញុំ​ជឿជាក់​ថា​ទោះ​ជា​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ប្រសើរ​ជាង​មុន​ក៏ដោយ​ក៏នៅ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​ណាស់។​គឺ​យើង​ត្រូវ​គិត​គូ​ទាំង​អស់​គ្នា​ថា​យើង​ត្រូវ​ធ្វើ​ការ​កែទម្រង់​ដើម្បី​អនាគតនៃ​ប្រជាជាតិ​យើង»។

តំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​វត្តមាន​ក្នុ​ងពិធី​បង្ហាញ​របាយការណ៍​របស់​អង្គការ​ខុម​ហ្វ្រែល​នេះ​ទេ។

លោកឈាង វុន ​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​សប្បាយ​ចិត្ត​នឹង​របាយការណ៍ខាង​លើ​នេះ​ទេ។​លោក​បញ្ជាក់​ថា​លោក​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​មួយលើ​របាយការណ៍​នេះ​ទេ៕

XS
SM
MD
LG