ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​សកម្មជន​ជាប់​ពន្ធនាគារ​១០នាក់ និង​ព្រះសង្ឃ​មួយ​អង្គ


សំឡេងស្រែក​តវ៉ាថា ​មាន​ភាព​អយុត្តិធម៌​បាន​ឮខ្ទរខ្ទារ​នៅ​ក្នុង​បន្ទប់​សវនាការ​និង​ខាង​ក្នុង​បរិវេណ​របស់​តុលាការ ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រមរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​

សកម្មជន​បឹងកក់​ស្រែក​ថា៖​ «នេះ​គឺ​ជា​តុលាការ​មួយ​ដែល​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ដែល​ពួក​គាត់​បាន​ធ្វើ​ឲ្យពួក​ខ្ញុំ​រង​គ្រោះ​ដោយ​សារ​រដ្ឋាភិបាល​អសមត្ថភាព។​ ​នេះ​គឺ​ជា​ទង្វើ​មួយ​ដែល​ស​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​កំពុង​តែ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង»។

លោក​ងួន អ៊ីម ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះរបស់​សាលា​ឧទ្ធរណ៍​បាន​សម្រេចតម្កល់​សាល​ក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ឲ្យនៅ​ដដែល​ ក៏ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ទោស​កំហុស​ខ្លះ​ដល់​សកម្មជន​បឹងកក់​មួយ​ចំនួនគឺ​បន្ថយ​ពី​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​មក​នៅ​ត្រឹម​៦​វិញ។​

ចំណែក​អ្នក​ស្រី​ទេព​ វន្នី​ ម្ចាស់​ពាន​រង្វាន់​ស្រី​ជា​អ្នក​ក្លាហាន​ Vital Voices ​ របស់​អ្នក​ស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ហ៊ីល ឡារី​គ្លីនតុន​ ត្រូវ​តុលាការ​បាន​សម្រេចរក្សា​ទោស​កំហុស​ដដែល​គឺ​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​មក​នៅ​ត្រឹម​១​លាន៥​សែន​រៀល​វិញ​ពី​បទ​ថា​ បាន​ធ្វើ​ឲ្យស្ទះ​ចរាចរណ៍​សារធារណៈតាម​ច្បាប់​ចរាចរណ៍ផ្លូវ​គោក។​

លោក​ប្រធាន​ចៅ​ក្រម​មាន​ប្រសាសន៍​ថា​ ឈ្មោះ​សុង ស្រី​លាភ ​ឈ្មោះ​គង់ ចន្ថា ​ឈ្មោះ​បូ ឆវី ​ឈ្មោះ​នង ស្រេង ​ ឈ្មោះ​ផាន់ ឈុន​រ៉េត​ត្រូវ​បន្ថយ​ទោស​ពី​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​មក​នៅ​ត្រឹម​១០​ខែ​វិញ​ និង​ពិន័យ​ជា​ប្រាក់​១​លាន​៥​សែន​រៀល​ ចំណែក​អ្នក​ស្រី​ង៉ែត ឃុន​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​ឲ្យជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​មក​នៅ​ត្រឹម៦​ខែ​វិញ​ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល។​

ចំណែក​សកម្មជន​បឹងកក់​ចំនួន​៤​នាក់​ផ្សេង​ទៀត ​រួម​ទាំង​អតីត​ព្រះ​សង្ឃ​ ​ព្រះ​តេជគុណ​សឺន​ ហាយផង​ ត្រូវ​តុលាការ​បាន​សម្រេចផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​គឺ​ប្រមាណ​៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​បទ៖​«ប្រឆាំង​អ្នក​រាជ​ការ​សារធារណៈ និង​ គ្រង​ស្បង់ជីវ​ក្លែង​ក្លាយ»។​

បន្ទាប់​ពី​ប្រកាស​សាល​ក្រម​រួច​សកម្មជន​នៅ​តំបន់​បឹងកក់​ រួម​ទាំង​ព្រះ​សង្ឃ​បាន​ក្រាញ​ននៀល​នៅ​ខាង​ក្នុង​បន្ទប់​សវនាការ ​មិន​ព្រម​ចាក​ចេញ​ទេ ​រហូត​ដល់​ក្រុម​អនុរក្ស​ពន្ធនាគារ​បាន​ចាប់​អូស​ពួក​គេ​ចេញ​ដាក់​លើ​រថយន្ត។​

នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍​វិញ​ ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដីធ្លី​នៅសហគមន៍​ផ្សេងៗ​បាន​មក​តវ៉ា​ដើម្បី​ឲ្យដោះ​លែង​សកម្ម​ជន​ដីធ្លី​ទាំង​១១​នាក់​ឲ្យមាន​សេរីភាព​វិញ​ រួម​ទាំង​ព្រះសង្ឃ។​

បាតុករបាន​ស្រែកថា៖​ «ដោះ​លែង​ពួកគាត់​វិញ​មក!​ ​ទឹក​លិច​ផ្ទះ​ហើយ​ចាប់​គាត់​ដាក់​គុក​ទៀត ​អយុត្តិធម៌ណាស់!​ ​តុលាការ​អយុត្តិធម៌​ណាស់!»​

លោក​ស្រី​សាម សុគន្ធា​ មេធាវីការ​ពារក្តី​សកម្មជន​បឹងកក់​ មាន​ប្រសាសន៍ថា​ ការ​សម្រេចសេចក្តី​របស់​សាលា​ឧទ្ធរណ៍​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​អ្នក​ស្រី​នោះ​ឡើយ។​ អ្នក​ស្រី​បាន​បញ្ជាក់​ថា ​កូន​ក្តី​បាន​សំណូម​ពរ​ឲ្យប្តឹង​សារ​ទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​ទៀត។​

លោក​ស្រី​និយាយ​ថា៖​ «យើង​ទទួល​ស្គាល់​ថា​ សាលា​ឧទ្ធរណ៍​ពិត​ជា​បាន​សម្រាលទោស​មួយ​ចំនួន ​ដោយ​គាត់​បាន​បន្ថយ​នូវ​ការ​ផ្តន្ទាទោស​ជាប​គុក​មួយ​ចំនួន​ ដោយ​បន្ថយ​អ្នក​ខ្លះ​បាន​ពីរ​ខែ​ អ្នក​ខ្លះ​បន្ថយ​កន្លះ​ឆ្នាំ​មែន។​ ក៏​ប៉ុន្តែ​ការ​សម្រេចនេះ​ ទោះ​យ៉ាង​ណាក៏​ដោយ ​ក៏មិន​ទាន់​ទៅ​ដល់​ភាព​យុត្តិធម៌​ដល់​កូន​ក្តី​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែរ»។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ហៅ​ការ​សម្រេចសេចក្តី​របស់​សាលា​ឧទ្ធរណ៍​ថា​ មាន​លក្ខណៈ​នយោបាយ​ និង​បង្កប់​ដោយគំនុំ​គុំកួន។​

លោក​និយាយ​ថា៖​ «បើ​សាល​ក្រម​សម្រេចឈរ​លើ​បែប​នយោបាយ​ដូច្នេះ​គឺ​ប្រជា​ពលរដ្ឋ​ និង​ត្រូវ​តែ​រង​គ្រោះ​ជា​បន្ត​ ហើយ​យើង​មើល​ទៅ​ចរិក​នៃ​សាល​ក្រម​នេះ​ក៏បង្កប់​ទៅ​ដោយ​គំនុំ។​ នេះ​គឺ​ដោយ​សារ​ការ​គំនុំ​ពី​អាជ្ញាធរ​ចំពោះ​អ្នក​ទាំង​អស់​នេះ​ដែល​ធ្វើ​ការ​តវ៉ា​ជា​ញឹក​ញាប់»។​

ក្រុម​សកម្មជន​បឹងកក់​ទាំង​១១​នាក់​ រួម​ទាំង​អតីត​ព្រះ​សង្ឃព្រះ​តេជគុណ​ សឺន ហាយ​ ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ កាល​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៤កាត់​ទោសឲ្យជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល​១​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ពី​បទ​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​សណ្តាប់​ធ្នាប់​ចរាចរណ៍​សារធារណៈ។​

ការ​កាត់​ទោស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សកម្មជន​បឹងកក់​បាន​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ឲ្យចេញ​មុខ​ដោះ​ស្រាយ​រឿង​ទឹក​ជនលិច​ផ្ទះ​របស់​ពួកគេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG