លោក Scott Walker អភិបាលរដ្ឋ Wisconsin កាលពីថ្ងៃចន្ទ បានចូលរួមជាមួយបណ្តាសមាជិកគណបក្សសាធារណរដ្ឋជាច្រើននាក់ដែលស្វះស្វែងឱ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១៦ ដោយលោកបាននិយាយថាលោកចូលរួមក្នុងការប្រកួតប្រជែងនេះដើម្បី«ប្រយុទ្ធនិងយកជ័យជម្នះជូនប្រជារាស្ត្រអាមេរិកាំង»។
លោក Walker ដែលមានអាយុ៤៧ឆ្នាំជាបេក្ខជនទី១៥នៅក្នុងការប្រកួតប្រជែងក្នុងគណបក្សសាធារណរដ្ឋ។ ការស្ទង់មតិខាងនយោបាយបង្ហាញថា លោកឋិតនៅក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋជាន់ខ្ពស់ដែលស្វះស្វែងឱ្យ
ទទួលបានការតែងតាំងដោយមានការគាំទ្រធំបំផុតរបស់លោក ដែលខ្លះមាននៅក្នុងរដ្ឋ Iowa នៅជិតខាងដែលនឹងរៀបចំការប្រជុំ caucus ទីមួយរបស់ប្រទេសនេះដើម្បីធ្វើការតែងតាំងបេក្ខជនក្នុងខែកុម្ភៈខាងមុខនេះ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៃគណបក្សប្រជាធិបតេយ្យ អ្នកនាំមុខគេគឺលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Hillary Clinton បានលាតត្រដាងផែនការសេដ្ឋកិច្ចរបស់លោកស្រីនៅក្នុងការថ្លែងសុន្ទរកថាមួយនៅក្នុងបូរីញូវយ៉កកាលពីថ្ងៃចន្ទ។ លោកស្រីបានអំពាវនាវឱ្យមានគោលនយោបាយថ្មីៗដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ក្រុមអ្នកធ្វើការ ដោយមានរួមបញ្ចូលការបង្កើនប្រាក់បៀវត្សរ៍ទាបបំផុតរបស់ប្រទេសហើយលោកស្រីបានសុំដល់ក្រុមហ៊ុនឱ្យផ្តល់ការបែងចែកប្រាក់ចំណេញដល់ពួកបុគ្គលិករបស់ខ្លួន។
លោកស្រី Hillary Clinton បានមានប្រសាសន៍ថា«ខ្ញុំមានជំនឿថា យើងត្រូវតែស្ថាបនាឲ្យមានការលូតលាស់និងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌។ លោកអ្នកមិនអាចមានការលូតលាស់ដោយគ្មានសេដ្ឋកិច្ចប្រកបដោយយុត្តិធមទេ ហើយលោកអ្នកក៏មិនអាចមានសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ដោយគ្មានការលូតលាស់ឡើយ»៕