ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​បីនាក់​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ចូល​រួម​ប្រជែងយក​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី


រូបថតឯកសារ៖ លោក Ben Carson បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​មួយស្តីអំពី​សកម្មភាព​នយោបាយ​របស់​អ្នកអភិរក្ស​និយម​ នៅ​រដ្ឋ​ Maryland កាលពីថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ២០១៥។

សមាជិក​បី​នាក់​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែងដើម្បី​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០១៦។

លោក​ស្រី​ Carly Fiorina​ អតីត​ប្រធាន​ប្រតិបត្តិ​ខាង​បច្ចេកវិជ្ជា​បាន​និយាយ​កាល​ពីថ្ងៃ​ច័ន្ទ​ថា​ លោក​ស្រី​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ ចំណែក​ឯលោក​ Ben Carson​ អតីត​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​សរសៃ​ប្រសាទ​បាន​និយាយ​ថា​ លោក​ក៏​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ដែរ។ បេក្ខជន​ម្នាក់​ទៀត​គឺ​លោក​ Mike Huckabee​ អតីត​អភិបាល​រដ្ឋ Akansas​ គ្រោងនឹង​ប្រកាស​បេក្ខភាព​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោកស្រី​ Fiorina ទំនង​ជា​ស្ត្រី​សំខាន់​តែ​ម្នាក់​គត់​ដែល​ស្វះស្វែង​ឱ្យ​មាន​ការ​តែង​តាំង​ពី​គណបក្ស​សាធារណរដ្ឋ ​ហើយ​លោក Carson ទំនង​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ តែ​ម្នាក់​គត់​ដែរ។ ​បេក្ខជន​ទាំង​ពីរ​នាក់់​នេះ​មិន​ដែល​កាន់​តំណែង​ដោយ​ការ​ជាប់ឆ្នោត​កាល​ពីពេល​មុនៗទេ​ ទោះណាជា​លោក​ស្រី​ Fiorina ​បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​សម្រាប់​រដ្ឋ​

California​ កាល​ពី​៥ឆ្នាំ​មុន​ក៏ដោយ​ ហើយ​លោក ​Carson​ បាន​ទាក់​ទាញ​ការយក​ចិត្ត​ទុក​ដាក់​របស់​ពួក​អភិរក្សនិយមដោយការ​វាយ​ប្រហារ​របស់​លោក​លើ​ច្បាប់​កែ​ទម្រង់​នៃ​ការ​ថែរក្សា​សុខភាព​ជាតិ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​ក៏ដោយ។​

លោកស្រី​ Fiorina ជា​ប្រធាន​ប្រតិបត្តិ​នៃ​មហា​ក្រុមហ៊ុន​បច្ចេកវិជ្ជា Hewlett-Packard ​ចំនួន​៦ឆ្នាំ ​ក៏​ប៉ុន្តែ​លោកស្រី​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​២០០៥ ​នៅ​ពេល​មាន​ចលាចល​ក្នុង​ក្រុម​អភិបាលនៃ​ក្រុមហ៊ុន​នេះ​ ហើយ​ភាគហ៊ុនក៏​ចុះ​ថ្លៃ​ថែម​ទៀត​ផង៕

XS
SM
MD
LG