អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ កុំឲ្យ​មាន​ការ​ជក់បារី​និង​សារធាតុ​ញៀន​នីកូទីន នៅ​សាលា​រៀន

រូបឯកសារ៖ ថ្នាំជក់សម្លាប់មនុស្សជាង ៨ លាននាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលមានប្រហែល ៨០% នៃអ្នកប្រើប្រាស់ថ្នាំជក់ ១,៣ ពាន់លាននាក់របស់ពិភពលោក។ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យសាលារៀនការពារសិស្សានុសិស្សពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់។

អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ដល់សាលារៀន​នានា​ ត្រូវ​ការពារ​ដល់​កុមារ​ឱ្យ​ចៀសផុតពី​ការ​ប្រើប្រាស់​ថ្នាំជក់ដែលប៉ះពាល់​ដល់​សុខភាព​ ហើយ​ធ្វើ​ឱ្យ​បរិវេណ​សាលារៀន​ក្លាយ​ជា​កន្លែង​ដែល​គ្មាន​ការ​ប្រើប្រាស់​ថ្នាំជក់​ឬ​សារធាតុ​ញៀន​នីកូទីន។

ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ជាង​៨លាននាក់ជា​រៀងរាល់ឆ្នាំ​ ដែល​ភាគ​ច្រើន​ក្នុង​ប្រទេសដែល​មាន​ប្រាក់​ចំណូលទាប​និង​មធ្យម​ ​គឺមានចំនួន​ប្រមាណ​៨០ភាគរយ​ នៃ​អ្នក​ប្រើប្រាស់​ថ្នាំជក់ចំនួន​១ពាន់​៣រយ​លាន​នាក់នៅ​លើ​ពិភពលោក។​ ​

ទី​ភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ បានរាយការណ៍​ថា​ ​ ចំនួន​កុមារ​ជិត​ពាក់​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ បាន​ដក​ដង្ហើម​ពី​ខ្យល់ដែលបំពុល​ដោយ​ផ្សែងបារី​ ហើយ​កុមារប្រមាណ​៥ម៉ឺន​១ពាន់នាក់​ បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ពី​ជំងឺ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ផ្សែង​បារី។

មន្ត្រីពេទ្យ​នៃ​អង្គការ​សុខភាព​ពិភពលោក​ អ្នក​ស្រី​ Kerstin Schotte ​និយាយ​ថា៖

​ «ក្រុម​មនុស្ស​វ័យ​ក្មេងមិន​គ្រាន់តែ​ត្រូវ​បាន​គំរាមកំហែងដោយ​ផ្សែងបារី​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​យក​ធ្វើ​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​ថ្នាំ​ជក់​និង​ការ​ពាក់ព័ន្ធ​មួយ​ចំនួន​ ក៏​ដូច​ជាផលិតផល​របស់​វា​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​បាន»។

ខណៈពេល​ដែលអ្នក​ជក់បារីចំនួន​ជាង​ពាក់កណ្តាល​ស្លាប់​នៅ​អាយុ​ក្មេង​ ​ហើយ​ដើម្បី​បាន​ចំណេញ​ច្រើន អ្នក​ស្រីនិយាយ​ថា​ ​ឧស្សាហកម្ម​ថ្នាំ​ជក់បាន​ព្យាយាម​រកអតិថិជន​ថ្មីៗ ជំនួសអតិថនដែល​ពួក​គេ​បាត់បង់ក្នុង​ពេល​កន្លង​ទៅ។​ ​អ្នក​ស្រី​ថ្លែង​ដូច​នេះ​ទៀត​ថា​៖

ដោយ​សារ​អ្នក​ជក់បារី​ចំនួន​៩០ភាគរយ​ បាន​បង្កើត​ទម្លាប់ជក់​របស់​ខ្លួនមុន​អាយុ​១៨​ឆ្នាំនោះ​ ​ក្មេង​ជំទង់​ៗ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់»​នេះ។

​អ្នក​ស្រី​និយាយ​ថា​ មាន​យុទ្ធសាស្ត្រ​មួយ​ ដែល​ឧស្សាហកម្មថ្នាំ​ជក់ព្យាយាម​លួងលោម​មនុស្ស​វ័យក្មេង​ ដើម្បី​ក្លាយ​ជាអ្នក​ប្រើប្រាស់ថ្នាំ​ជក់​ថ្មី​នោះ​ គឺ​តាម​រយៈ​ទី​ផ្សារ​ផលិតផល​ដែល​មានសារធាតុញៀន​នីកូទីន​ ដែល​លាយ​ជា​មួយ​រសជាតិ​ផ្អែម​ឬរសជាតិផ្លែឈើ​ជា​ដើម។​ ​

អ្នក​ស្រី​កត់សម្គាល់​ថា​៖

«ផលិតផល​ទាំង​នេះ​ ត្រូវ​បាន​ដាក់​លក់​នូវ​ក្បែរ​សាលារៀន​ តាម​អនឡាញ​ និង​តាម​ម៉ាស៊ីនលក់​ ដែលមិន​បាន​សួរនាំលើ​អាយុ​របស់​អ្នក​ប្រើប្រាស់​នោះ​ឡើយ»។

អ្នក​ស្រីថ្លែងថា ឧស្សាហកម្ម​ថ្នាំជក់​ បានបង្កើត​ផលិតផល​របស់​ខ្លួន​ ដែលមាន​តម្លៃ​សមរម្យដល់​មនុស្ស​វ័យ​ក្មេង​ តាម​រយៈការលក់​បំពង់ជក់ (Vape Sticks) រាងដូចប៊ិច ដែល​ប្រើបាន​តែ​មួយ​ដង។​ បំពង់​ជក់​ទាំង​នេះ​មិន​បាន​ដាក់​អក្សរព្រមាន​ស្តីពីការ​ប៉ះពាល់​សុខភាព​នោះ​ទេ​ ហើយក្មេងៗ​ជាច្រើនជា​ញឹកញាប់​មិន​បាន​ដឹង​ថា​ ​បំពង់​ជក់​នោះ​មាន​ដាក់​សារធាតុ​ញៀននីកូទីន និង​គ្រោះថ្នាក់​នោះ​ឡើយ»។

លោក​ Ruediger Krech នាយក​ផ្នែក​លើកកម្ពស់​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោកនិយាយ​ថា​ នេះ​ជា​បញ្ហា​មួយ​នៅ​ជុំវិញ​ពិភពលោក​ ដែល​កើត​មាន​ទាំង​ក្នុង​ប្រទេស​អ្នកមាន​និង​ប្រទេសអ្នក​ក្រផង​ដែរ។​ លោកបាន​កត់សម្គាល់​ថា​ កាល​ពី​ខែ​កន្លង​ទៅ​ ទី​ភ្នាក់ងារ​ឱសថ​និង​ម្ហូប​អាហារ​អាមេរិកបាន​ព្រមានដល់​ក្រុមហ៊ុន​លក់រាយ​តាម​អនឡាញ​ចំនួន១៥​ ឱ្យ​បញ្ឈប់ការ​លក់​បារី​អេឡិចត្រូនិក​ ដែល​ត្រូវ​បានដាក់​ក្នុង​កញ្ចប់​ដែល​មាន​លក្ខណៈទាក់ទាញ​ខ្លាំង​ដល់​ក្រុម​យុវជន។​

លោកនិយាយ​ថា​ ផលិតផល​ដ៏​គ្រោះថ្នាក់​ទាំង​នេះត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ថ្នាក់រៀន​ ​នៅ​ស្ថានីយ​រថយន្តក្រុង និង​នៅ​គ្រប់កន្លែង​ដែល​មាន​យុវជន​ប្រមូល​ផ្តុំគ្នា។​ លោកបន្ថែម​ដូច​នេះ​ទៀត​ថា៖​

«យើង​ត្រូវ​ការពារ​យុវជន​របស់​យើងមិន​ឱ្យ​ស្លាប់​ដោយ​សារ​ផ្សែង​បារី​ឬ​ផ្សែងបារី​អេឡិចត្រូនិក​ដែល​មាន​ជាតិ​ពុល​ ក៏ដូច​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ទាំង​អស់​នេះ​ផង​ដែរ»។​

បារី​អេឡិចត្រូនិក​ត្រូវ​បានក្រុមហ៊ុន​ថ្នាំជក់​ផ្សព្វផ្សាយ​លើ​ទី​ផ្សារ ដោយ​ថា​ជា​ផលិតផល​ដែល​ជួយ​ដល់​អ្នក​ជក់​ឱ្យ​ផ្តាច់​ការ​ជក់​ជា​ទម្លាប់ដែល​ធ្លាប់​កើត​មាន។​ ​បើ​ទោះ​បីជា​យ៉ាង​នេះ​ក្តី​ ក៏​មន្ត្រី​ពេទ្យ​អ្នក​ស្រី Schotte និយាយ​ថា​ ​ភស្តុតាង​ជុំវិញ​រឿងនេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

អ្នកស្រី​បន្ថែម​ទៀត​ថា៖​ «យើង​គិត​ថា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​និយាយ​ឱ្យ​ប្រាកដ​ថា​ តើ​ផលិតផល​ទាំងនេះ​ នឹង​ជួយ​អ្នក​ជក់ឱ្យ​ឈប់​ជក់​ឬ​យ៉ាង​ណា​នោះ​ទេ»។​ ប្រសិន​បើអ៊ីចឹង​មែន​ យើង​នឹង​ឃើញ​មាន​ការ​ប្រើ​ទ្វេដង​។​ អ្នក​ជក់​ភាគច្រើន​ដែល​ព្យាយាម​ឈប់​ជក់​ដោយ​ប្រើឧបករណ៍​ទាំងនេះ​ មិនបាន​ឈប់ប្រើ​ផលិតផល​ថ្នាំ​ជក់​ទាំង​អស់ឡើយ។​ ​

​អ្នក​ស្រី​និយាយ​ទៀត​ថា​ «ការ​កំណត់​និយមន័យ​លើ​ការ​ឈប់​ជក់​ គឺ​មិន​មែន​ថា​ អ្នក​ឈប់​ប្រើ​ផលិតផល​មួយ ហើយ​ងាក​ទៅ​ប្រើ​ផលិតផលញៀន​ណា​មួយ​ទៀតនោះ​ទេ»។​

ដើម្បី​ដោះស្រាយបញ្ហានេះ​ ​អង្គការ​សុខភាព​ពិភពលោក​ ​បាន​ដាក់​ចេញ​នូវ​ការ​ណែនាំ​ថ្មី​មួយ ​និង​ផ្តល់សម្ភារ​សម្រាប់​មន្ត្រី​រដ្ឋបាល​សាលារៀន​ ​និង​គ្រូបង្រៀន​ អំពី​របៀប​នៃ​ការបង្កើត​បរិវេណ​សាលារៀន​ ដែល​គ្មាន​ការ​ប្រើប្រាស់បារី​និង​សារធាតុ​ញៀន​នីកូទីន។​ ​ការណែនាំ​នេះ​ផ្តល់​ឧទាហរណ៍​អនុវត្ត​ជាក់​ស្តែង​ល្អៗ​ ពីតាម​បណ្តា​ប្រទេស​ ទីក្រុង​និង​សាលារៀន​មួយ​ចំនួន​ ​អំពីអ្វីដែល​គេ​បាន​ធ្វើ​រួច​ហើយ​ ក្នុង​ការ​ក្លាយ​ទៅ​ជាកន្លែង​ដែលគ្មាន​ការ​ប្រើប្រាស់​ថ្នាំជក់​ និង​សារធាតុ​ញៀន​នីកូទីន៕