អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឱ្យ​ចិន​បញ្ចេញ​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​កូវីដ១៩

រូបឯកសារ៖ អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​ដើរកាត់​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​កូវីដ១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ក្នុង​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឱ្យ​បន្ដ​បញ្ចេញ​ព័ត៌មាន​អំពី​រលក​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី ១៤ ខែ​មករា​ថា មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ជិត ៦០.០០០ នាក់​ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ការ​អំពាវនាវ​របស់​អង្គការ WHO នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់​ពី​មាន​ការ​រិះគន់​ថា​ចិន​មិន​បាន​ប្រាប់​ដល់​ពិភពលោក​អំពី​អ្វី​ដែល​កំពុង​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​ទាក់ទិន​នឹង​ជំងឺ​នេះ។

ទិន្នន័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​ប្រកាស​នេះ​គឺ​ជា​ទិន្នន័យ​ផ្លូវការ​នៃ​ការ​ស្លាប់​លើក​ដំបូង​បង្អស់ ចាប់​តាំងពី​ពេល​ដែល​គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​លុបចោល​ភ្លាមៗ​នូវ​ការ​រឹត​បន្ដឹង​នានា​ទាក់ទិន​នឹង​ការ​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ បើ​ទោះបីជា​មាន​សន្ទុះ​ហក់​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​នេះ ដែល​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ជំងឺ​ណែនណាន់​តាន់តាប់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក៏​ដោយ។

ករណី​នេះ​បាន​ធ្វើ​ឱ្យ​អង្គការ WHO និង​រដ្ឋាភិបាល​ដទៃទៀត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត ខណៈ​ដែល​សហរដ្ឋ​អាមេរិក កូរ៉េ​ខាងត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​អនុវត្ត​វិធានការ​រឹតបន្ដឹង​លើ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​បាន​ឱ្យ​ដឹង​ថា ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ ដល់​ថ្ងៃ​ទី ១២ ខែ​មករា មនុស្ស​ចំនួន ៥.៥០៣ នាក់​បាន​ស្លាប់​ដោយសារ​បញ្ហា​ផ្លូវ​ដង្ហើម​លែង​ដំណើរការ​ដែល​បង្ក​ឡើង​ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​មនុស្ស​ចំនួន ៥៤.៤៣៥ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​រួម​ផ្សំ​និង​ជំងឺ​កូវីដ១៩។

ការ​ប្រកាស​នេះ «អនុញ្ញាត​ឱ្យ​មាន​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​ជាង​មុន​អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ WHO។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចិន​លោក Ma Xiaowei។

អង្គការ WHO បញ្ជាក់​ដូច្នេះ​ថា៖ «អង្គការ WHO បាន​ស្នើ​ឱ្យ​មាន​ការ​បន្ដ​ផ្ដល់​ព័ត៌មាន​លម្អិត​របៀប​នេះ​ជាមួយ​នឹង​យើង​និង​សាធារណជន​ទូទៅ»។

គណៈកម្មការ​ជាតិ​សុខាភិបាល​របស់​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​ថា មាន​តែ​ចំនួន​អ្នក​ស្លាប់​នៅ​តាម​មន្ទីរពេទ្យ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​រាប់ ដែល​នេះ​មាន​ន័យ​ថា អ្នក​ដែល​បាន​ស្លាប់​នៅ​តាម​ផ្ទះ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ។ គណៈកម្មការ​នេះ​មិន​បាន​ផ្ដល់​សញ្ញា​បញ្ជាក់​ថា​តើ​នៅ​ពេល​ណា​ឬ​ថា​តើ​ចិន​នឹង​បញ្ចេញ​ព័ត៌មាន​នៃ​តួលេខ​ថ្មី​ចុងក្រោយ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ​ឬ​ក៏​អត់​នោះ​ឡើយ។

មន្ត្រី​សុខាភិបាល​ចិន​ម្នាក់​បាន​ថ្លែង​ថា «គ្រោះ​អាសន្ន​ថ្នាក់​ជាតិ​កម្រិត​ខ្ពស់​បំផុត​បាន​រួច​ផុត​ហើយ» ដោយសារ​តែ​អត្រា​ប្រចាំ​ថ្ងៃ​នៃ​អ្នក​ដែល​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​គ្រុនក្ដៅ​នៅ​តាម​គ្លីនិក​បាន​ធ្លាក់​ចុះ ៨៣% ពី​កម្រិត​ខ្ពស់​កាលពី​ថ្ងៃ​ទី ២៣ ខែ​ធ្នូ​កន្លង​ទៅ​នេះ។

តួលេខ​នៃ​ការ​ស្លាប់​ដែល​ចិន​បាន​ប្រកាស​ចំនួន ៥.៥០៣ នាក់​ដោយសារ​បញ្ហា​ផ្លូវ​ដង្ហើម​លែង​ដំណើរការ​ដែល​បង្ក​ឡើង​ដោយសារ​ជំងឺ​កូវីដ១៩​នេះ​នឹង​ធ្វើ​ឱ្យ​ករណី​ស្លាប់​ផ្លូវការ​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​កើនឡើង​ជាង​ទ្វេ​ដង​គឺ​មាន​ចំនួន​រហូត​ដល់ ១០.៧៧៥ ករណី ចាប់​តាំងពី​ជំងឺ​នេះ​ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ ២០១៩ មក។

ប្រទេស​ចិន​បាន​រាប់​តែ​ចំនួន​ករណី​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ឬ​ជំងឺ​ផ្លូវ​ដង្ហើម​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​អត្រា​ផ្លូវការ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ របស់​ខ្លួន ដែល​មិន​រាប់​បញ្ចូល​នូវ​ចំនួន​អ្នក​ស្លាប់​ជាច្រើន​ដែល​ប្រហែល​ជា​បង្ក​ឡើង​ដោយ​ជំងឺ​នេះ​ដូច​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា