ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា «មនុស្ស​យ៉ាង​តិច ១ ម៉ឺន​នាក់» ស្លាប់​រាល់​សប្ដាហ៍​ដោយសារ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ ACANU នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស។

នៅ​ឯ​កិច្ច​ប្រជុំ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ទី៥ ខែ​មករា​កន្លង​ទៅ​នេះ អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​ជូន​ព័ត៌មាន​ទាំង​ល្អ​ និង​មិន​ល្អ​អំពី​ជំងឺ​កូវីដ១៩។

លោក​បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​ទី៤ នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នេះ «ពិភពលោក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រសើរ​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយសារតែ​ការ​គ្រប់គ្រង​ផ្នែក​សុខាភិបាល វ៉ាក់សាំង និង​ការ​ព្យាបាល។ សម្រាប់​មួយ​ភាគ​ធំ​នៃ​ឆ្នាំ​មុន អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ បាន​ធ្លាក់ចុះ។ ការ​ចាក់​វ៉ាក់សាំង​បាន​កើនឡើង​នៅ​ជុំវិញ​ពិភពលោក ហើយ​មាន​ដំណើរ​វិវឌ្ឍ​ទៅ​ជា​បន្ត​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ជា​ច្រើន»។

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ការ​គំរាមកំហែង​ដោយសារ​ជំងឺ​កូវីដ១៩ នៅតែ​មាន។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «វិសមភាព​ដ៏​ធំ​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ធ្វើ​តេស្ត ការ​ព្យាបាល និង​ការ​ចាក់​វ៉ាក់សាំង​នៅតែ​មាន។ រាល់​សប្តាហ៍ មនុស្ស​ប្រមាណ ១០.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ហើយ​តួលេខ​ពិត​ប្រាកដ​ទំនង​ជា​ខ្ពស់​ជាង​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នា​ពេល​បច្ចុប្បន្ន​គឺ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ មាន​ការ​ឆ្លង​ជំងឺ​នេះ​និង​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​សុខាភិបាល ជាពិសេស​នៅ​តាម​តំបន់​មាន​ធាតុ​អាកាស​ក្តៅ​ល្មម​នៅ​តំបន់​អឌ្ឍគោល​ខាង​ជើង ហើយ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​ស្រដៀង​គ្នា​នេះ​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស»។

លោក​បាន​លើកឡើង​ថា វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ XBB.1.5 កើត​ចេញ​ពី​វីរុស​ពីរ​ប្រភេទ​នៃ​វីរុស​កូវីដ១៩ ប្រភេទ BA.2។

លោក​បាន​ថ្លែង​ថា៖ «វីរុស​ប្រភេទ​នេះ​ត្រូវ​បាន​កំណត់​ឃើញ​ដំបូង​កាលពី​ខែ​តុលា ឆ្នាំ ២០២២។ ឥឡូវ​នេះ វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ២៩ និង​ហាក់​ដូចជា​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​តាម​ភូមិសាស្ត្រ​មួយ​ចំនួន»។

លោក​បាន​បន្ថែម​ថា អង្គការ​សុខភាព​ពិភពលោក​កំពុង​តាមដាន​វីរុស​នេះ​យ៉ាង​ដិតដល់។

ស្រប​ពេល​នេះ​ដែរ លោក​បាន​បញ្ជាក់​ថា ប្រទេស​ចិន «កំពុង​ប្រឈម​នឹង​ការ​ឆ្លង​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ» ហើយ​មន្រ្តី​អង្គការ​សុខភាព​ពិភពលោក​បាន​ជួប​ជាមួយ​នឹង​មន្រ្តី​ចិន​ដើម្បី​ពិភាក្សា​អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​អ្នក​ជំងឺ​កូវីដ១៩៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG